FIFA ប្រកាសបេក្ខភាព បីរូបចុងក្រោយសំរាប់ពាន The Best

ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi មិនមានឈ្មោះក្នុងចំនោមបេក្ខភាព កីឡាករ៣រូបចុងក្រោយ ក្នុងការដណ្ដើមពាន FIFA The Best នោះទេ បើទោះបីជារូបគេ បានជួយក្រុមអ្នកមានបុណ្យ Barcelona ឈ្នះពាន LaLiga, Copa Del Rey និង Spanish Super Cup និងពានស្បែកជើងមាសប្រចាំទ្វីបអឺរ៉ុប។

បេក្ខភាពទាំងបីរូបចុងក្រោយ សំរាប់ប្រជែងតំណែងម្ចាស់ពាន The Best មានដូចជា៖ Cristiano Ronaldo, Luka Modric និង Mahamed Salah។

ខ្សែបម្រើក្រូអាត ទើបតែបានឈ្នះពាន កីឡាករល្អបំផុតរបស់ UEFA កាលពីសប្ដាហ៍មុន ខណៈដែល Ronaldo ដែលទើបតែផ្ទេរទៅលេងអោយ Juventus បានត្រឹមឈរនៅលេខ២ ហើយនឹង ឈ្នះពាន ខ្សែប្រយុទ្ធល្អបំផុតប៉ុណ្ណោះ។

កីឡាកររបស់ Real Madrid បានទទួលពានរង្វាន់របស់ UEFA ទាំងអស់ នៅក្នុងកម្មវិធីនោះដោយ Keylor Navas ឈ្នះពានអ្នកចាំទីល្អបំផុត, Sergio Ramos ខ្សែការពារល្អបំផុត, Modric ខ្សែបម្រើល្អបំផុត និង Ronaldo ខ្សែប្រយុទ្ធល្អបំផុត(កាលនៅលេងអោយ Real Madrid)។

ក្រុមអាហ្សង់ទីនរបស់ Messi និង ក្រុមព័រទុយហ្គាល់របស់ Ronaldo សុទ្ធសឹងតែធ្លាក់ត្រឹមវគ្គ១៦ក្រុមចុងក្រោយនៅ World Cup ខណៈដែល Modric បានជួយក្រុមរបស់ខ្លួនឡើងដល់វគ្គផ្ដាច់ព្រ័ត្រ ចំណែកឯ Salah បានត្រឹមបង្ហាញខ្លួនមួយប្រកួតចុងក្រោយនៅក្នុងវគ្គចែកពូលហើយក្រុមរបស់គេ។

គួររំលឹកថា បេក្ខភាពទាំង ១០ ក្នុងការប្រជែងពាន FIFA The Best មានដូចជា៖ Ronaldo, Messi, Salah, Modric, Kevin De Bruyne, Raphael Varane, Eden Hazard, Harry Kane និង Kylian Mbappe៕

ប្រភព៖ FIFA