Messi ត្រូវប្រជែងពានមួយទៀតជាមួយ Ronaldo នឹង Bale ក្រោយមិនជាប់ឈ្មោះបេក្ខភាព The Best

ខ្សែប្រយុទ្ធ Lionel Messi ជាមួយនឹង Gareth Bale, Cristiano Ronaldo, និង Mohamed Salah ត្រូវបានជាប់ឈ្មោះជាបេក្ខភាព ១០រូបចុងក្រោយសំរាប់ពានរង្វាន់ Puskas (ពានគ្រាប់បាល់ល្អបំផុតប្រចាំរដូវកាល)។

ពានរង្វាន់នេះនឹងត្រូវផ្ដល់អោយកីឡាកររូបណាដែលរកគ្រាប់បាល់បានល្អជាងគេ សំរាប់រដូវកាលនេះ ដោយកីឡាករចំនួន១០រូប ត្រូវបានជ្រើសរើស សំរាប់ប្រជែងពានរង្វាន់មួយនេះ ខណៈដែលគ្រាប់បាល់របស់ Benjamin Pavard និង Ricardo Quaresma នៅក្នុងព្រឹត្តិការណ៍ Wolrld Cup ក៏ត្រូវបានរាប់បញ្ចូលក្នុងចំនោមនោះផងដែរ។

ការសំរេចយកអ្នកឈ្នះគឺអាស្រ័យទៅលើអ្នកគាំទ្រធ្វើការបោះឆ្នោត ហើយលទ្ធផលនឹងប្រកាស នៅក្នុងពិធីដែលធ្វើឡើងនៅទីក្រុងឡុងដ៍ ថ្ងៃទី២៤ ខែកញ្ញា។

គួររំលឹកថា គ្រាប់បាល់របស់ Bale នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ Champoins League ទល់នឹង Liverpool ត្រូវបានយកឈ្នះដោយគ្រាប់បាល់របស់ Ronaldo សំរាប់ពានគ្រាប់បាល់ល្អប្រចាំឆ្នាំរបស់ UEFA ប៉ុន្ដែអ្នកទាំងពីរនឹងត្រូវប្រជែងគ្នា សំរាប់ពាន Puskas Awards វិញម្ដង។

ក្រៅពីគ្រាប់បាល់របស់តារាឆ្នើមទាំងពីររូបខាងលើនេះ មានគ្រាប់បាល់របស់កីឡាករនៅក្នុងការប្រកួត World Cup ផងដែរ ហើយគ្រាប់បាល់ដែលគេនឹកឃើញមុនគេនោះគឺ គ្រាប់បាល់របស់ ខ្សែការពារ Benjamin Pavard ដែលស៊ុត volley អោយក្រុមបារាំង យកឈ្នះអាហ្សង់ទីន នៅក្នុងវគ្គ១៦ក្រុមចុងក្រោយ។

ហើយគ្រាប់បាល់របស់ Denis Cheryshev អោយក្រុមរុស្ស៊ី ក្នុងជំនួបជាមួយក្រូអាត ក៏ត្រូវបានជ្រើសរើសផងដែរ ខណៈដែលគ្រាប់បាល់របស់ Messi ទល់នឹងក្រុមនីហ្សេរីយ៉ា Quaresma ទល់នឹងក្រុមអ៊ីរ៉ង់នៅវគ្គចែកពូលក៏ស្ថិតនៅក្នុងចំនោមបេក្ខភាពគ្រាប់បាល់ល្អបំផុតទាំង១០។

https://www.facebook.com/FIFAFootballAwards/videos/465644063935551/

ប្រភព៖ Goal