លោក Florentino Perez នៅតែប្រកាន់ខ្ជាប់នៅគោលជំហររបស់ខ្លួនក្នុងការបង្កើតពានថ្មី European Super League ដោយជឿថា វានឹងអាចលេចចេញផ្កែផ្កាជារូបរាងបាននៅពេលខាងមុខ ហើយក៏មិនខ្វល់នោះដែរបើទោះបីជាក្លឹបមួយចំនួនប្រកាសដកឈ្មោះហើយក៏ដោយ។
បុរសវ័យ ៧៤ ឆ្នាំនិងជាប្រធានក្លឹប Real Madrid បានអះអាងថានៅផែនការណ៍ថ្មីនៃពាន ESL គឺនឹងសម្របយកតាមចំណង់នៃមនុស្សអាយុចន្លោះ ១៦ ទៅ ២៤ ឆ្នាំ មាន ៤០ ភាគរយមិនពេញចិត្តនឹងបាល់ទាត់បច្ចុប្បន្នទេ។ ជាទូទៅពួកគេគិតថា ៩០ នាទីគឺលេងយូរពេក ហើយពួកគេមានជម្រើសក្នុងការកម្សាន្តតាមមធ្យោបាយផ្សេងទៀតក្រៅពីបាល់ទាត់ អ៊ីចឹងទើបលោក Perez ចង់ធ្វើការកែសម្រួល។
ប្រាប់សារព័ត៌មាន El Chiringuito បុរសសញ្ជាតិអេស្ប៉ាញនិយាយថា៖ “បាល់ទាត់ត្រូវតែផ្លាស់ប្តូរដើម្បីសម្របទៅតាមយុគសម័យនៅពេលបច្ចុប្បន្ន ដោយយើងបានធ្វើការប៉ាន់ប្រមាណមើលហើយ អ្នកមើលចន្លោះពីអាយុ ១៦ ទៅ ២៤ ឆ្នាំ ៤០ ភាគរយនៃពួកគេមិនចាប់អារម្មណ៍ខ្លាំងលើបាល់ទាត់នោះទេ”។
លោកបន្ថែម៖ “មូលហេតុមកពីការប្រកួតដែលមានគុណភាពខ្សោយ ហើយពួកគេមានសេវាកម្មកម្សាន្តផ្សេងទៀតក្នុងដៃ ជាការពិតទៅគឺពួកគេគិតថាការប្រកួតរាងយូរបន្តិច អ៊ីចឹងយើងនឹងធ្វើការផ្លាស់ប្តូរប្រសិនបាល់ទាត់នៅអាចបន្តរស់រានបាន យើងត្រូវដឹងថា ពេលខ្លះយើងមិនអាចយល់ពីតម្រូវការរបស់កូនយើង ឬចៅប្រុសយើងទាំងអស់នោះឡើយ”។
រំឭកថា សព្វថ្ងៃមានក្លឹប ៦ នៅអង់គ្លេសបានប្រកាសដកឈ្មោះពី ESL ដោយនៅសល់ក្លឹប ៦ ផ្សេងទៀតដែលមិនទាន់សម្រេច រួមមាន ៣ ក្លឹបនៅអង់គ្លេស និង ៣ ក្លឹបនៅអ៊ីតាលី៕
ប្រភព៖ SportBible
អានអត្ថបទបន្ទាប់៖ Perez ឆ្លើយតបបែបនេះវិញភ្លាម ក្រោយត្រូវគេសួររឿងវិលត្រលប់មកក្រុម R.Madrid វិញរបស់ Ronaldo
នៅក្នុងបទសម្ភាសជាមួយ El Chiringuito ថ្មីៗនេះ ប្រធានក្លិប Real Madrid លោក Florentino Perez បានបង្ហាញពីចំណាប់អារម្មណ៍របស់គាត់មួយចំនួនទាក់ទងទៅនឹងការបង្កើតពាន ESL ហើយក្នុងឱកាសនោះគាត់ក៏បានឆ្លៀតនិយាយអំពីការវិលត្រលប់មកវិញរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo ផងដែរ ។
ជាក់ស្តែងមានការលើកឡើងជាច្រើន បង្ហាញថាក្លិប Madrid កំពុងព្យាយាមយ៉ាងខ្លាំង ដើម្បីចុះហត្ថលេខាលើជាថ្មីម្តងទៀត លើម្ចាស់ពានរង្វាន់ Ballon d’Or ៥ សម័យកាល បន្ទាប់ពី Roanldo បានសម្រេចចិត្តចាកចេពីទឹកដីអេស្ប៉ាញ ដោយផ្ទេរទៅកាន់ក្រុម Juventus ក្នុងនាមជាអ្នករកគ្រាប់បាល់ច្រើនបំផុតរបស់ក្លិបនៅ ២០១៨ ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយលោក Perez បានបញ្ជាក់យ៉ាងច្បាស់ថាគ្មានការដេញថ្លៃណាមួយត្រូវបានធ្វើឡើងសម្រាប់បុរសសញ្ជាតិព័រទុយហ្កាល់វ័យ ៣៦ ឆ្នាំរូបនេះឡើយ ។
មិនតែប៉ុណ្ណោះ Perez និយាយថា ៖ “ Cristiano Ronaldo នឹងមិនត្រលប់មក Real Madrid វិញទេ ។ វាមិនសមហេតុផលទេ គាត់មានកិច្ចសន្យាជាមួយ Juventus ។ ខ្ញុំស្រឡាញ់គាត់ខ្លាំងណាស់ គាត់បានផ្តល់អ្វីៗជាច្រើនដល់យើង ” ៕
ប្រភព: Goal