[វីដេអូ] ហង្សក្រហមនៅតែបន្ដភាពខ្លាំង របស់ខ្លួនដោយបំបាក់ Spurs នៅ Wembley

ក្រុមហង្សក្រហម Liverpool បានយកឈ្នះមាន់ខ្នាយមាស Tottenham ក្នុងលទ្ធផល ២-១ សំរាប់ការប្រកួត Premier League ជុំទី៥ នៅកីឡដ្ឋាន Wembley ធ្វើអោយក្រុមដែលដឹកនាំដោយលោក Jurgen Klopp បន្ដជ័យជំនះ៥ប្រកួតជាប់គ្នា ឈរនៅកំពូលតារាង។

Liverpool នៅតែបន្ដភាពខ្លាំងរបស់ខ្លួន តាំងពីចាប់ផ្ដើមរដូវកាលមក ហើយនៅក្នុងជំនួបទល់នឹងក្រុមខ្លាំងមាន់ខ្នាយមាស ពួកគេទទួលបានបីពិន្ទុបន្ថែមទៀត សរុបគឺ១៥ពិន្ទុពេញ ខណៈដែលក្រុមដែលដឹកនាំដោយលោក Mauricio Pochettino ត្រូវបាត់បង់បីពិន្ទុឈរនៅលេខ ៥ក្នុងតារាងមាន ៩ពិន្ទុ។

ខ្សែបម្រើ Georginio Wijnaldum រកបានមួយគ្រាប់បើកឆាកអោយ Liverpool ៦នាទីមុនការប្រកួតតង់ទី១បញ្ចប់ ហើយខ្សែប្រយុទ្ធប្រេស៊ីល Roberto Firmino រកគ្រាប់ទី២ នៅនាទី ទី៥៣ ប៉ុន្ដែត្រូវបាន ខ្សែបម្រើ Erik Lamela ដែលប្ដូរចូលជំនួស Mousa Dembele វាយបកបានមួយគ្រាប់មកវិញ​នៅចុងម៉ោងប៉ុន្ដែមិនគ្រប់គ្រាន់អោយ Spurs ទទួលបានពិន្ទុសំរាប់ការប្រកួតនេះទេ។

សំរាប់លទ្ធផលនេះ ធ្វើអោយ Spurs ត្រូវបរាជ័យពីរប្រកួតជាប់ៗគ្នាជាលើកដំបូង សំរាប់ការប្រកួតក្នុងលីគចាប់តាំងពីប្រកួតចុងរដូវកាល ២០១៥/១៦។