ខ្សែប្រយុទ្ធវ័យក្មេង Borja ស៊ុតចុងម៉ោងជួយ Atletico Madrid ទទួលបាន១ពិន្ទុ

ខ្សែប្រយុទ្ធវ័យក្មេង Borja Garces ជួយដណ្ដើមបានមួយពិន្ទុអោយ Atletico Madrid ក្រោយរកបានមួយគ្រាប់ចុងម៉ោង ទល់នឹងក្រុម Eibar ដែលបញ្ចប់ក្នុងលទ្ធផល ១-១ ហើយរូបគេបានជួយក្រុមរបស់ខ្លួនមិនអោយបរាជ័យពីរប្រកួតជាប់គ្នា។

ខ្សែប្រយុទ្ធវ័យ១៩ឆ្នាំ បានប្ដូរចូលនៅតង់ទី២ ហើយស៊ុតបញ្ចូលទីអោយ ក្រុមរបស់លោក Diego Simeone នៅនាទីទី៩៤ មុនអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត។ គួររំលឹកថា ក្រុមម្ចាស់ពាន UEFA Super Cup 2018 បានបាត់បង់ឱកាស រកគ្រាប់បាល់ជាច្រើនលើក ហើយត្រូវគូប្រកួត តែតបានមួយគ្រាប់នាំមុខ នៅនាទីទី ៨៧ ដោយកីឡាករ Sergi Enrich។

បច្ចុប្បន្ន Atletico ឈ្នះបានតែមួយប្រកួតប៉ុណ្ណោះសំរាប់ បួនប្រកួតបើកឆាករបស់ខ្លួននៅ LaLiga ហើយពួកគេឈរនៅលេខ៤បណ្ដោះអាសន្នក្នុងតារាង តាមពីក្រោយ Barcelona និង Real Madrid ដែលសល់មួយប្រកួតក្នុងដៃ៕

ប្រភព៖ BBC