Real Madrid អាចព្រួយចិត្ដ ក្រោយតារាសំណាងរបស់ Roma អាចលេងបាន ក្នុងជំនួប UCL

ក្លឹប Roma ទទួលបានអារម្មណ៍រីករាយមុនការប្រកួត Champions League ទល់នឹងក្រុម Real Madrid នៅកីឡដ្ឋាន Santiago Bernabeu ខណៈដែល Kostas Manolas បានបញ្ជាក់ថារូបគេអាចចូលលេងនៅថ្ងៃប្រកួតនោះបានវិញ។

ខ្សែបម្រើក្រិក បានធ្វើអោយ Roma មានការព្រួយបារម្ភបន្ទាប់ពីរូបគេ បានរងរបួសក្នុងការប្រកួតមិត្តភាពអន្ដរជាតិទល់នឹងក្រុមហុងគ្រី ប៉ុន្ដែរូបគេបានជាសះស្បើយលឿនជាងការរំពឹងទុក។

Manolas បានត្រលប់មកកាន់ទីក្រុងរ៉ូម ទាំងរបួសបន្ទាប់ពីរូបគេបានចូលលេង២ប្រកួត ប៉ុន្ដែពេលនេះរូបគេអាចចូលលេងបានឡើងវិញ ហើយរំពឹងថានឹងបង្ហាញខ្លួនអោយក្រុម សំរាប់ការប្រកួត Serie A ទល់នឹងក្រុម Chievo នៅចុងសប្ដាហ៍នេះមុនពេលត្រូវជួបប្រកួតជាមួយ Real Madrid។

គួររំលឹកថា Manolas ជាតារាសំណាងអោយក្រុម Roma ឆ្លងផុងវគ្គ៨ក្រុមចុងក្រោយ ក្នុងការប្រកួត Champions League រដូវកាលមុន ដោយរកគ្រាប់បាល់បានចុងម៉ោង ទល់នឹង Barcelona ហើយក្រុមរបស់គេបានឈ្នះគ្រាប់បាល់ក្រៅដី ហើយបានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជួប Liverpool៕

ប្រភព៖ Marca