កីឡាករឆ្នើ​មប្រេស៊ីល៤រូប ដែលមានតម្លៃលើទីផ្សារដោះដូរខ្ពស់បំផុតនាពេលបច្ចុប្បន្ន

នៅពេលនិយាយពីកីឡាករប្រេស៊ីល អ្នកនឹងស្រមៃឃើញកីឡាករដែលមានភាពស្និទ្ធស្នាលជាមួយបាល់ និងមានបច្ចេកទេសលេងបាល់បានល្អ ហើយកីឡាករប្រេស៊ីលជាច្រើនតែងឈរនៅលេខរៀងជួរមុខ ក្នុងចំណោមកីឡាករសំខាន់ៗនៅក្លិបធំៗ ជាពិសេសនៅតំបន់អឺរ៉ុប និងមានតម្លៃនៅលើទីផ្សារដោះដូរថ្លៃផងដែរ។

Cambo Trends សូមបង្ហាញឈ្មោះកីឡាករដែលមានតម្លៃផ្ទេរថ្លៃបំផុត នៅឆ្នាំ២០២១ ដោយផ្អែកលើទិន្នន័យទទួលបានពីវេបសាយ Tranfermarkt។

១. Neymar

ខ្សែប្រយុទ្ធ Neymar ដែលកំពុងលេងឱ្យក្លិបយក្សបារាំង Paris Saint-Germain ស្ថិតនៅក្នុងលំដាប់កីឡាករល្អបំផុតលើលោកនាពេលបច្ចុប្បន្ន ដែលបានបំបែកកំណត់ត្រាផ្ទេរពីក្លិប Barcelona កាលពីឆ្នាំ២០១៧ ក្នុងតម្លៃបំបែកកំណត់ត្រាផ្ទេរ ២២២លានអឺរ៉ូ។

កីឡាករវ័យ២៩ឆ្នាំរូបនេះ ត្រូវបានរាប់បញ្ចូលក្នុងចំណោមកីឡាករដែលមានបច្ចេកទេសញាក់បាល់ និងបញ្ចប់ទីបានល្អ ដោយគេអាចរកគ្រាប់បាល់បាន ៨៦គ្រាប់ពីការបង្ហាញខ្លួន ១១៣ប្រកួតសម្រាប់ PSG ប៉ុន្ដែមានការរិះគន់មួយចំនួនថា គេលេងពុំទាន់អស់សក្ដានុពលនៅឡើយទេសម្រាប់ក្លិបបារាំងមួយនេះ។ បច្ចុប្បន្ន Neymar មានតម្លៃទីផ្សារប្រមាណ ១១០លានអឺរ៉ូ។

២. Marquinhos

Maquinhos បានអភិវឌ្ឍសមត្ថភាពបន្ដិចម្ដងៗរហូតបានក្លាយជាខ្សែការពារឆ្នើមបំផុតមួយរូបនាពេលបច្ចុប្បន្ន ហើយវាជារឿងដែលមិនអាចប្រកែកបានដែលយើងអាចចាត់ទុកគេជាខ្សែការពារកណ្ដាលល្អបំផុតមួយរូបនៅ Ligue 1។

គេកីឡាករស្នូលមួយរូបនៅ PSG ក្រោយផ្ទេរមកកាន់ទឹកដី Parc des Princes នៅឆ្នាំ២០១៣ ពីក្លិបអ៊ីតាលី Roma ហើយបច្ចុប្បន្នគេគឺជាអ្នកដឹកនាំមិត្តរួមក្រុមនៅលើទីលានប្រកួត ក្រោមការបង្វឹកដោយលោក Maricio Pochettino។ តម្លៃទីផ្សាររបស់ Marquinhos នៅឆ្នាំ២០២១នេះត្រូវបានប៉ានប្រមាណ ៧០លានអឺរ៉ូ។

នៅក្នុងវ័យត្រឹម២៦ឆ្នាំ ប្រធានក្រុមរូបនេះត្រូវបានរំពឹងថា អាចនាំ PSG ឈ្នះជើងឯក UEFA Champions League មុនពេលគេចាកចេញពីក្លិបបារាំងមួយនេះ។

៣. Casemiro

Casemiro ដែលមានរហស្សនាមថា The Tank ឬរថក្រោះ អាចនិយាយបានថា ជាខ្សែបម្រើការពារដ៏ឆ្នើមមួយរូបនៅលើលោក និងជាជម្រើសដែលពិបាកមើលរំលងនៅ Real Madrid ក៏ដូចជានៅក្រុមជម្រើសជាតិប្រេស៊ីល។

កីឡាករវ័យ២៩ឆ្នាំរូបនេះ បានដើរតួយ៉ាងសំខាន់ ក្នុងការជួយក្រុមអធិរាជស គ្រងជើងឯក Champions League ៤លើកក្នុងចន្លោះពេល៥ឆ្នាំ និងបន្ដស្ថិតក្នុងជម្រើសមិនអាចខ្វះបានសម្រាប់ក្រុមដែលបង្វឹកដោយលោក Zinedine Zidane ផងដែរ។ Casemiro មានតម្លៃលើទីផ្សារដោះដូរ ៧០លានអឺរ៉ូដូច Marquinhos ដែរ។

៤. Alisson

Alisson អ្នកចាំទីដំបូងដែលរកគ្រាប់បាល់បញ្ជូលទីក្នុងប្រវត្តិសាស្ដ្ររបស់ Liverpool នៅ Premier League ហើយគេក៏ជាកីឡាករប្រេស៊ីលមានតម្លៃខ្ពស់បំផុតមួយរូប ផងដែរពោលគឺ ៦៥លានអឺរ៉ូ។

អតីតកីឡាករ Roma រូបនេះ បានបន្ដក្ដីសង្ឃឹមសម្រាប់ Liverpool នៅក្នុងការប្រជែងកៅអី Top នៅ Premier League ដោយបានតែតបញ្ចូលទីគ្រាប់បាល់ជ័យជម្នះ នៅនាទី៩០+៥ លើ West Brom ដោយលទ្ធផល ១-២ កាលពីចុងសប្ដាហ៍កន្លងទៅ។

ទោះអស់ឱកាសក្នុងការប្រជែងពានរង្វាន់សម្រាប់ក្រុមលោក Jurgen Klopp នៅរដូវកាលនេះ ប៉ុន្ដែអ្នកចាំទីវ័យ២៨ឆ្នាំ នៅតែត្រូវបានរំពឹងថា នឹងជួយរួមចំណែកប្រជែងពានរង្វាន់នានានៅរដូវកាលក្រោយ។

សូមបញ្ជាក់ថាតម្លៃទីផ្សាររបស់កីឡាករ ត្រូវបានគណនាផ្អែកលើ ទម្រង់លេង អាយុ រយៈពេលកិច្ចសន្យា និងកត្តាសំខាន់មួយចំនួនផ្សេងទៀត ។

ទស្សនាវីដេអូរបស់ Cambo Trends ខាងក្រោម ៖