មិនមែន Ballon d’Or! តែ Ronaldo ប្រាប់ពីពានរង្វាន់ និងគ្រាប់បាល់ពិសេសបំផុត ក្នុងអាជីពរបស់ខ្លួន

Cristiano Ronaldo ត្រូវបានចាត់ទុកថាជាកីឡាករ ដែលទទួលបានភាពជោគជ័យខ្លាំងបំផុត នៅក្នុងវិស័យបាល់ទាត់នាសម័យបច្ចុប្បន្ននេះ ដោយបានឈ្នះពានរង្វាន់ចំនួន ៣២ រួចមកហើយ ជាមួយក្លិបធំៗដូចជាបិសាចក្រហម Manchester United, Real Madrid និង Juventus ដែលក្នុងនោះមានពាន Champions League ចំនួន ៥ ដង ហើយរួមទាំងពានលក្ខណ:បុគ្គលធំបំផុត Ballon d’Or ចំនួន ៥ លើកផងដែរ ។

Cristiano Ronaldo

តែទោះជាយ៉ាងណាក្តី ពានរង្វាន់ធំទាំងនោះមិនត្រូវបានខ្សែប្រយុទ្ធវ័យ ៣៦ ឆ្នាំរូបនេះ ចាត់ទុកថាជាពានរង្វាន់សំខាន់របស់ខ្លួននោះទេ តែផ្ទុយទៅវិញ Ronaldo បែរជាចាត់ទុកការឈ្នះពានរង្វាន់ EURO 2016 ជាមួយជម្រើសជាតិព័រទុយហ្កាល់ថាជាការឈ្នះពានរង្វាន់សំខាន់បំផុតនៅក្នុងអាជីពរបស់ខ្លួនទៅវិញ ។

Cristiano Ronaldo

រំឭកថា Ronaldo បានដើរតួរយ៉ាងសំខាន់ដើម្បីជួយឲ្យក្រុមព័រទុយហ្គាល់ អាចឆ្លងផុតវគ្គជម្រុះនៅក្នុងពូល F តាមរយ:ការស៊ុតបញ្ចូលទី ២ គ្រាប់ តាមស្មើទៅលើក្រុមហុងគ្រី ក្នុងលទ្ធផល ៣-៣ ។ ដែលនេះមានន័យថាពួកគេត្រូវឡើងមកជួបក្រុមក្រូអាតនៅក្នុងវគ្គ ១៦ ក្រុមចុងក្រោយ និងបន្តឡើងវគ្គបន្ទាប់ដោយលទ្ធផល ១-០ ។

ឈានចូលមកដល់វគ្គ ៨ ក្រុម ព័រទុយហ្គាល់នៅតែបន្តធ្វើបានល្អ ដោយពួកគេអាចយកឈ្នះប៉ូឡូញដោយបាល់ប៉េណាល់ទីកាត់សេចក្ដី ៥-៣ បន្ទាប់ពីការប្រកួតបញ្ចប់ទៅ ៩០ នាទី និងម៉ោងបន្ថែមបូក ២ ដង ដោយលទ្ធផល ១-១ ។

គ្មានពាក្យថាបរាជ័យទេ សម្រាប់ព័រទុយហ្គាល់ ដោយពួកគេបន្តបំបាក់វេលស៍នៅក្នុងលទ្ធផល ២ ទល់នឹង ០ នៅវគ្គ ៤ ក្រុម មុនឡើងមកបំបាក់ក្រុមបារាំងក្នុងវគ្គផ្តាច់ព្រ័ត្រទៀត ។  តែជាមួយជ័យម្នះ ១-០ ទៅលើក្រុមមាន់គកបារាំងដែលជាក្រុមម្ចាស់ផ្ទះ Ronaldo មិនបានចូលលេងពេញលេញនោះទេ ដោយសារគេជួបបញ្ហារបួស និងត្រូវបានប្តូរចេញភ្លាមៗ នៅដើមតង់ទីមួយ ។

Cristiano Ronaldo

យ៉ាងណាក៏ដោយខ្សែប្រយុទ្ធក្រុម Juventus រូបនេះ ក៏នៅតែទទួលបានការសាទរយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ដោយសារតែគេបានបង្ហាញពីឆន្ទ:ដ៏មុះមុត ក្នុងការគាំទ្រមិត្តរួមក្រុមរបស់ខ្លួន និងបានឈរបញ្ជាពួកគេនៅខាងក្រៅទីលានរហូតដល់ចប់ការប្រកួត ទាំងដែលជើងរបស់ខ្លួនឈឺរបួសទៀតផង ។

និយាយអំពីពានរង្វាន់សំខាន់បំផុតនៅក្នុងអាជីព Ronaldo លើកឡើងថា ៖  “ ការចាប់ផ្តើមលេងនៅក្នុងពាន Euro ឆ្នាំ ២០១៦ គឺល្អខ្លាំងណាស់សម្រាប់ខ្ញុំ ប៉ុន្តែក្រោយមកខ្ញុំត្រូវខកខានលេងវគ្គផ្តាច់ព្រ័ត្រ ដោយសារមានបញ្ហារបួស ។ តែពេលចប់ការប្រកួតនោះភ្លាម ខ្ញុំបានស្រក់ទឹកភ្នែកទាំងក្តីរំភើបខ្លាំងបំផុត ។ ខ្ញុំមានអារម្មណ៍ ៣ បូកបញ្ចូលគ្នាជាមួយការប្រកួតនេះ ។ ហើយវាប្រហែលជាពានរង្វាន់សំខាន់បំផុត ដែលខ្ញុំធ្លាប់បានឈ្នះនៅក្នុងជីវិត ” ។

Cristiano Ronaldo

ដោយឡែកសម្រាប់គ្រាប់បាល់ល្អបំផុតក្នុងអាជីពវិញ  Ronaldo ក៏បានសារភាពផងដែរថាវាគឺបានកើតឡើង នៅពេលលេងឲ្យក្រុម Real Madrid ក្នុងការប្រកួតវគ្គ ៨ ក្រុមចុងក្រោយ ពានរង្វាន់ Champions League រដូវកាលឆ្នាំ ២០១៧-១៨ ។ ដែលកាលនោះគឺជាការស៊ុត bicycle kick ដ៏អស្ចារ្យ ទៅលើក្រុមសេះបង្កង់ Juventus នៅឯកីឡដ្ឋាន Allianz Stadium ។

Cristiano Ronaldo

CR7 និយាយទៀតថា ៖ ” ដូចដែលអ្នកបានដឹងហើយខ្ញុំបានរកគ្រាប់បាល់សរុបចំនួន ៧៧៧ គ្រាប់នៅក្នុងអាជីពរបស់ខ្ញុំ។ ប៉ុន្តែខ្ញុំត្រូវតែនិយាយថាគ្រាប់បាល់ពិសេសបំផុតក្នុងអាជីពរបស់ខ្ញុំ គឺជាការស៊ុតទៅលើក្រុមបច្ចុប្បន្នរបស់ខ្ញុំនេះហើយ ដោយវាបានឆ្លងផុតដៃមិត្តល្អខ្ញុំ កីឡាករ Gianluigi Buffon ។ ហើយខ្ញុំអាចនិយាយបានថានេះគឺជាគ្រាប់បាល់ល្អបំផុត និងជាការស៊ុតបញ្ចូលដែលខ្ញុំចូលចិត្តបំផុតនៅក្នុងអាជីព ” ។

Cristiano Ronaldo

សូមបញ្ជាក់ថារដូវកាលនេះកន្លងទៅ Ronaldo នៅតែបង្ហាញភាពខ្លាំងរបស់ខ្លួន ដោយបានឈ្នះពានស្បែកជើងមាសក្នុងក្របខ័ណ្ឌ Serie A បន្ទាប់ពីស៊ុតបញ្ចូលទី ២៩ គ្រាប់។ ទោះមិនអាចជួយក្រុមសេះបង្កង់ការពារជើងឯកលីគកំពូលអ៊ីតាលី ប៉ុន្ដែម្ចាស់ពាន Ballon dÓr ៥សម័យរូបនេះ បានជួយក្រុម Juventus លើកពាន Coppa Italia និង Italian Super Cup៕

ប្រភព: Sportskeeda