កប់អត់ប៉ុណ្ណឹង! L’Equipe បញ្ចេញឈុត ១១ រូបល្អបំផុតមួយ បណ្តុំដោយកីឡាករគ្មានឈ្មោះលេង Euro 2020 នេះ

ក្រុមជម្រើសជាតិនីមួយៗ បានធ្វើការបញ្ចេញបញ្ជីឈ្មោះក្រុមកីឡាកររបស់ខ្លួនរួចរាល់ហើយ ដើម្បីត្រៀមប្រកួតពានរង្វាន់ Euro ២០២០ នាពេលដ៏ខ្លីខាងមុខនេះ ខណ:វាក៏បានធ្វើឲ្យអ្នកគាំទ្រហាក់មានភាពភ្ញាក់ផ្អើលផងដែរ​ ដោយសារតែកីឡាករឆ្នើមមួយចំនួន បែជាត្រូវគេមើលរំលង ហើយមានខ្លះទៀតត្រូវអាក់ខាន ដោយសារបញ្ហារបួសជាដើម ។

Ramos 

ហើយយ៉ាងណាមិញកាសែតបារាំង L’Equipe ថ្មីៗ បានធ្វើការបញ្ចេញជម្រើស ១១ រូបដំបូងមួយ បណ្តុំទៅដោយកីឡាករឆ្នើមបំផុត ដែលត្រូវបានអវត្តមានពីការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុបដ៏ធំមួយនេះ ។

ដោយឡែកសម្រាប់តំណែងជាអ្នកចាំទីឆ្នើម កាសែតខាងលើបានជ្រើសយកកីឡាករ Jan Oblak ដោយសារតែគេត្រូវខកខានពីព្រឹត្តិការណ៍នេះដោយសារជម្រើសជាតិស្លូវេនីមិនអាចឆ្លងផុតវគ្គជម្រុះ ។

Jan Oblak

សម្រាប់តំណែងខ្សែការពារវិញ មានដូចជាកីឡាករ  Trent Alexander-Arnold (រងរបួស), Sergio Ramos (មិនបានជ្រើសរើស), Virgil van Dijk (រងរបួស) និង Theo Hernandez (មិនបានជ្រើសរើស) ។

Sergio Ramos

ដោយឡែកសម្រាប់តំបន់បម្រើមាន Eduardo Camavinga (មិនត្រូវបានជ្រើសរើស) , Sergej Milinkovic-Savic (ស៊ែប៊ីឆ្លងមិនផុតវគ្គជម្រុះ) និង Dominik Szoboszlai (រងរបួស) ។

Sergej Milinkovic-Savic

ហើយចំណែកឯតំបន់ប្រយុទ្ធមាន Marco Reus (បដិសេធការកោះហៅរបស់អាឡឺម៉ង់) , Zlatan Ibrahimovic (រងរបួស) និង Erling Haaland (ន័រវេសឆ្លងមិនផុតជម្រុះ) ។

Zlatan Ibrahimovic

លើសពីនេះកាសែត L’Equipe ក៏បានបង្ហាញពីជម្រើសបម្រុងល្អបំផុត ដែលខកខានក្នុងព្រឹត្តិការណ៍ Euro នេះផងដែរ ដោយក្នុងនោះមានដូចជា អ្នកចាំទី Marc-Andre ter Stegen (របួស) និងតារាឆ្នើមរបស់បារាំង Ferland Mendy និង Anthony Martial ។ ក្រៅពីនោះក៏មាន Ansu Fati និង Dani Carvajal ត្រូវអវត្តមានពីជម្រើសជាតិអេស្ប៉ាញ ខណៈ Mason Greenwood ក៏ទើបតែត្រូវអង់គ្លេសដកឈ្មោះចេញវិញផងដែរ ។

ប្រភព: Sportbible

អានអត្ថបទបន្ទាប់៖ កីឡាករអង់គ្លេសកាន់កាប់តំណែងកំពូលតារាងកីឡាករថ្លៃបំផុត ខណៈ Mbappe នៅក្រៅ Top 10

ខ្សែបម្រើវ័យក្មេង Phil Foden របស់ក្លិប Manchester City ក្លាយជាកីឡាករដែលមានតម្លៃខ្ពស់បំផុត នេះបើយោងតាមរង្វាយតម្លៃរបស់ CIES Football Observatory។

CIES បានបង្ហាញបញ្ជីតម្លៃកីឡាករបាល់ទាត់ចុងក្រោយបង្អស់ក្នុងចំណោមក្លិបធំៗនៃលីគកំពូលទាំង៥នៅអឺរ៉ុប ខណៈ Foden ដែលទើបឈ្នះពានកីឡាករវ័យក្មេងប្រចាំឆ្នាំរបស់ PFA មានតម្លៃប្រមាណ ១៩០,២លានអឺរ៉ូ។

នៅក្នុងវ័យ២១ឆ្នាំ ខ្សែបម្រើជនជាតិអង់គ្លេសរូបនេះ បានសាងភាពលេចធ្លោសម្រាប់ Man City ដោយជួយពួកគេឈ្នះ Premier League និង League Cup ព្រមទាំងស្ថិតនៅក្នុងជម្រើស១១នាក់ប្រចាំរដូវកាលនៃលីគកំពូលអង់គ្លេសផងដែរ។

គេថែមទាំងរកគ្រាប់បាល់បាន៣គ្រាប់ និង assist ៣លើកនៅ UEFA Champions League ដែលជួយឱ្យក្រុមលោក Pep Guardiola ឈានដល់វគ្គផ្ដាច់ព្រ័ត្រពានអឺរ៉ុបមួយនេះ ប៉ុន្ដែត្រូវខកចិត្តដោយបរាជ័យក្រោមថ្វីជើង Chelsea ដោយលទ្ធផល ១-០។

ដោយឡែកខ្សែប្រយុទ្ធ Mason Greenwood របស់ Manchester United ស្ថិតនៅលេខរៀងទី២ មានតម្លៃ១៧៨លានអឺរ៉ូ តាមពីក្រោយដោយមិត្តរួមក្រុម Marcus Rashford ដែលឈរនៅលេខ៣ មានតម្លៃ១៥៥,៥លានអឺរ៉ូ។

កីឡាករវ័យក្មេងទាំងពីររូបនេះបានរួមចំណែកជួយ Man United ឡើងដល់វគ្គផ្ដាច់ព្រ័ត្រ UEFA Europa League តែត្រូវបរាជ័យ ក្រោមថ្វីជើង Villarreal ដោយការស៊ុតប៉េណាល់ទីកាត់សេចក្ដី។ Rashford ត្រូវបានកោះហៅចូលរួមក្រុមជម្រើសជាតិអង់គ្លេស ត្រៀមប្រកួត EURO ខណៈ Greenwood បានដកខ្លួនពីជម្រើសជាតិ ដោយសារបញ្ហារបួស។

ខ្សែប្រយុទ្ធ Erling Haaland ដែលរកគ្រាប់បាល់បាន៤១គ្រាប់សម្រាប់ Borussia Dortmund គ្រប់ពានរង្វាន់ក្នុងរដូវកាល ២០២០-២១ មានតម្លៃ ១៥៥,៥លានអឺរ៉ូ។ ខ្សែប្រយុទ្ធន័រវែសស្ថិតនៅក្នុងចំណាតថ្នាក់ទី៤ ប៉ុន្ដែគេឈរនៅកំពូលតារាង បើមិនគិតកីឡាករនៅ Premier League។

ដោយឡែកខ្សែបម្រើព័រទុយហ្កាល់ Bruno Fernandes របស់ក្រុមបិសាចក្រហម ទទួលបានចំណាត់ថ្នាក់លេខ៥មានតម្លៃ ១៥៤,៣លានអឺរ៉ូ។

ខ្សែបម្រើ Frankie de Jong(១៣៨,៧លានអឺរ៉ូ) និង Pedri(១៣៣,២លានអឺរ៉ូ) របស់ Barcelona ស្ថិតនៅលេខរៀងទី ៦ និង ទី៧  តាមពីក្រោយដោយ Alphanso Davies(១៣១,៦លានអឺរ៉ូ ) និង Joao Felix(១២៧,៨លានអឺរ៉ូ) ដែលនៅលេខរៀងទី៨ និង ទី៩។

រីឯម្ចាស់ពាន Champions League, Mason Mount របស់ Chelsea ឈរនៅចំណាត់ថ្នាក់លេខ១០ ខណៈ តារាឆ្នើមបារាំង Kylian Mbappe ធ្លាក់មកលេខ១២ មានតម្លៃតែ ១១៨,៣លានអឺរ៉ូប៉ុណ្ណោះ។ ចំណាត់ថ្នាក់ដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ Mbappe អាចបណ្ដាលមកពីកត្តាសំខាន់ៗមួយចំនួន ហើយរឿងដែលសំខាន់ជាងគេនោះគឺ គេនៅសល់កិច្ចសន្យាជាមួយក្លិប Paris Saint-Germain តែមួយរដូវកាលទៀតប៉ុណ្ណោះ។

បច្ចុប្បន្នគេកំពុងចូលរួមជាមួយក្រុមជម្រើសជាតិបារាំង ក្នុងការចូលរួមព្រឹត្តិការណ៍ EURO 2020 ដែលនឹងធ្វើឡើងនៅប៉ុន្មានថ្ងៃខាងមុខនេះ ខណៈក្រុមដែលបង្វឹកដោយលោក Didier Deschamps ស្ថិតនៅក្នុងពូល F ដែលជាពូលមរ.ណៈ ជាមួយក្រុមការពារជើងឯកព័រទុយហ្កាល់ ក្រុមជើងឯក World Cup 2014 អាល្លឺម៉ង់ និង ក្រុមហុងគ្រី។

Ederson ជាអ្នកចាំទីថ្លៃជាងគេមានតម្លៃ ៦១,៩លានអឺរ៉ូ ខណៈមិត្តរួមក្រុម Man City, Ruben Diaz ជាខ្សែការពារថ្លៃបំផុត ពោលគឺ ១១៤,៤លានអឺរ៉ូ។

សូមបញ្ជាក់ថា តម្លៃរបស់កីឡាករត្រូវបានគណនាផ្អែកលើ អាយុ ទម្រង់លេង រយៈពេលនៃកុងត្រា តម្លៃសេដ្ឋកិច្ចរបស់ក្លិបដែលពួកគេកំពុងលេង និងកត្តាសំខាន់ៗមួយចំនួនផ្សេងទៀត៕

ប្រភព៖ BBC