នាំ​ឲ្យ​ស្គាល់ Mbappe តូច អាយុ​ទើប​ ១៥ ឆ្នាំ​កំពុង​ដើរ​តាម​គន្លង​បង​ប្រុស​នៅ​ក្លឹប PSG

ស្រប​ពេល​ដែល​ដំណឹង​បន្ត​កុងត្រា​ថ្មី​របស់ Kylian Mbappe មិន​ទាន់​ចេញ​តម្រុយ​ច្បាស់លាស់​នោះ ទៅ​មើល​ប្អូន​ប្រុស​បង្កើត​របស់​គេ ក៏​បាន​សម្រេច​ជា​ផ្លូវការ​​ហើយ​ថា​នឹង​បន្ត​ឈរ​ជើង​នៅ​ក្លឹប​បារាំង​លើ​សុពលភាព​កុងត្រា​ថ្មី​រយៈ​ពេល ៣ ឆ្នាំ​បន្ថែម។

Ethan Mbappe

ប្អូន​របស់​របស់ Kylian មាន​ឈ្មោះ Ethan Mbappe ដែល​គេ​ទើប​តែ​ចុះ​ហត្ថលេខា​បន្ត​កុងត្រា​ថ្មី​ដល់​រដូវ​ក្តៅ​ឆ្នាំ ២០២៤។ កន្លង​ទៅ​គេ​ក៏​ធ្លាប់​លេច​វត្តមាន​នៅ​ពាន​រង្វាន់ ICC Futures កាល​ពី​ឆ្នាំ ២០១៩ ផង​ដែរ។

សរសេរ​លើ Instagram កីឡាករ​ Ethan Mbappe និយាយ៖ “ខ្ញុំ​ពិត​ជា​មាន​មោទនភាព​ក្នុង​ការ​បន្ត​ជាមួយ​ក្រុម PSG”។ ទន្ទឹម​នេះ​ក្លឹប​បារាំង​ក៏​បាន​ប្រកាស​ពី​ការ​នាំ​យក​យុវជន​មួយ​រូប​ទៀត​ផង​ដែរ មាន​ឈ្មោះ Senny Mayulu កើត​នៅ​ឆ្នាំ ២០០៦។

Ethan Mbappe
Ethan Mbappe

បញ្ជាក់​ថា Ethan Mbappe គេ​មិន​មែន​លេង​តំណែង​ប្រយុទ្ធ​ដូច​ជា​បង​ប្រុស​គេ​ទេ ផ្ទុយ​ទៅ​វិញ​លេង​នៅ​តំណែង​បម្រើ​កណ្ដាល ឬ​អាច​បម្រើ​ការពារ។ អ្នក​គាំទ្រ​កំពុង​ទន្ទឹង​រង់ចាំ​មើល​ថា​តើ Kylian Mbappe គេ​នឹង​បន្ត​កុងត្រា​ថ្មី ឬ​ចាកចេញ ព្រោះ​បើ​បន្ត​ប្រហែល​ ៣-៤ ឆ្នាំ​បន្ទាប់ អាច​មាន​វត្តមាន​បងប្អូន​ទាំង​ពីរ​រួម​ជើង​លើ​ទីលាន​ក៏​ថា​បាន៕

ប្រភព៖ AF

អានអត្ថបទបន្ទាប់៖ Perez ចេញ​មុខ​និយាយ​ហើយ ពី​ស្ថានភាព​កីឡាករ​មួយ​រូប​ដែល​ក្លឹប Man Utd ចង់​បាន

តាម​ដំណឹង​ចុង​ក្រោយ​អ្នក​បាន​ដឹង​ហើយ​ថា ក្លឹប​បិសាច​ក្រហម Manchester United ហាក់​ចាប់​ចិត្ត​ចង់​នាំ​យក Raphael Varane លើ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​ខាង​មុខ តែ​ថ្ងៃ​នេះ​ប្រធាន​ក្លឹប Real Madrid លោក Florentino Perez បាន​ចេញ​មុខ​មក​បញ្ជាក់​អំពី​រឿងរ៉ាវ​នេះ​ហើយ។

Perez
Ole

Varane ត្រូវ​ផុត​កុងត្រា​នៅ​ឆ្នាំ​ក្រោយ ២០២២ ហើយ​គេ​ជឿ​ថា ប្រសិន​សាមី​ខ្លួន​មិន​បន្ត​កុងត្រា​ថ្មី នោះ​ Real នឹង​លក់​ចេញ​ឲ្យ​បាន​មុន​ឆ្នាំ​ក្រោយ ជៀសវាង​ក្លាយ​ជា​កីឡាករ​ឥត​តម្លៃ​ខ្លួន។ តាម​តម្លៃ​ផ្ទេរ​ Varane អាច​ផ្តល់​ចំណូល​ចូល​ United ខ្ទង់ ៤០ លាន​ផោន។

យ៉ាង​ណា​តាម​ការ​បញ្ជាក់​របស់ Perez បែរ​ជា​និយាយ​បែប​នេះ​ប្រាប់ El Transistor ថា៖ “ខ្ញុំ​អាន​ព័ត៌មាន​ជា​ច្រើន​អំពី [Varane ចាកចេញ] តែ​ខ្ញុំ​មិន​ដឹង​អ្វី​ទាំង​អស់ ដោយ​យើង​មិន​ទាន់​បាន​និយាយ​ជាមួយ Varane ទេ ព្រោះ​គេ​កំពុង​លេង​នៅ Euro ហើយ​គេ​ស្ថិត​នៅ​កុងត្រា​ ១ ឆ្នាំ​ទៀត​ជាមួយ​ក្លឹប ស្រប​ពេល​ដែល​ក្លឹប​របស់​យើង​ក៏​មិន​ទាន់​ទទួល​បាន​ការ​ដាក់​សំណើ​ពី​ភាគី​ក្លឹប​ណា​មួយ​នៅ​ឡើយ”។

Varane
Varane

លោក​បន្ត​ថា៖ “គេ​ជា​សុភាព​បុរស​មួយ ប្រសិន​គេ​ចង់​បន្ត​នៅ គេ​នឹង​នៅ ហើយ​បើ​អត់​ទេ ក៏​គេ​នឹង​ចាកចេញ”។

បញ្ជាក់​ថា សម្រាប់​ក្រុម​ដឹកនាំ​ដោយ​លោក Ole Gunnar Solskjaer ប្រសិន​ជា​ខក.ខាន​ការ​នាំ​យក Varane នោះ​ក្លឹប​ក៏​អាច​ជា​បង្វែរ​រ៉ាដា​ទៅ​លៃលក​ខ្សែ​ការពារ​រួម​ក្លឹប Sergio Ramos ដែល​ទើប​តែ​ផុត​កុងត្រា​វិញ តែ​សំខាន់​ស៊ីសង​លើ​សាមី​ខ្លួន​គេ​ព្រម​ផ្ទេរ​មក Old Trafford ឬ​អត់​តែ​ប៉ុណ្ណោះ៕

ប្រភព៖ Metro