អតីតយុវជនថ្នាលរបស់ Braga ដែលទើបផ្ទេរមក Barcelona នៅឆ្នាំ ២០២០ កន្លងទៅ ទីបំផុតបានបន្តផ្ទេរទៅក្លឹបនៅអង់គ្លេសហើយ ដើម្បីទទួលបានការអភិវឌ្ឍខ្លួន នោះគឺជាមួយក្លឹបចចក Wolves។
កីឡាករព័រទុយហ្គាល់នៅរដូវកាល ២០២០/២១ បង្ហាញខ្លួន ៤២ ប្រកួត រកបាន ៣ គ្រាប់និង Assist ២ លើក ដែលរាប់ការឈរជើងសរុបលើទីលានបានតែជាង ១ ៣០០ នាទីប៉ុណ្ណោះ។ Trincao គេលេងនៅតំណែងស្លាបប្រយុទ្ធស្តាំ ដែលជាន់ Role អាទិភាពរបស់ Lionel Messi អ៊ីចឹងវាមិនងាយទេ ដែលគេអាចឈរជើងបានជាប់លាប់នៅអ្នកមានបុណ្យ។
ការផ្ទេរទៅ Wolves សារនេះ គឺស្ថិតក្នុងកិច្ចព្រមព្រៀងខ្ចីជើងរយៈពេល ១ រដូវកាល តែក៏មានសិទ្ធអាចទិញផ្ដាច់ជាអចិន្ត្រៃយ៍នៅបញ្ចប់រដូវកាលក្រោយផងដែរ។ ក្លឹបចចកនឹងត្រូវចែកប្រាក់ពលកម្ម ៥០ ភាគរយ ទៅលើការចំណាយសម្រាប់ Trincao ដែលកាលនៅ Barcelona គេរកបាន ៧០ ០០០ ផោន/សប្តាហ៍។
គួរបញ្ជាក់ថា Wolves នៅតែបន្តដើរគន្លងចាស់ លើការពង្រឹងក្រុមតាមរយៈការនាំយកកីឡាករព័រទុយហ្គាល់ ដ្បិតបើអ្នកចាត់ការចាស់លោក Nuno បានចាកចេញហើយក៏ដោយ។ នោះក៏ដោយសារតែអ្នកចាត់ការថ្មីលោក Bruno Lage ក៏នៅតែជាបុគ្គលដែលមានសញ្ជាតិព័រទុយហ្គាល់ អ៊ីចឹងព័រទុយហ្គាល់ឈុត B ក៏នឹងនៅតែបន្តកើតមានក្នុងក្របខ័ណ្ឌ Premier League នារដូវកាលក្រោយ ២០២១/២២៕
ប្រភព៖ AF
អានអត្ថបទបន្ទាប់៖ បើគ្មាននរណាតាមទាន់ តើបញ្ចប់ Euro 2020 ជា Ronaldo ឬ Schick ដែលនឹងឈ្នះស្បែកជើងមាស?
កាលពីយប់មិញដ្បិតសាធារណរដ្ឋឆេក មិនអាចយកឈ្នះដាណឺម៉ាកតែពួកគេក៏រកបានមួយគ្រាប់ ហើយជាគ្រាប់បាល់របស់ខ្សែប្រយុទ្ធ Patrick Schick ដែលជួយឲ្យគេរំកិលស្មើ Cristiano Ronaldo ហើយនៅតំណែង Top Scorer។
ក៏មានសំណួរពីអ្នកគាំទ្រចោទសួរមកថា ប្រសិនគ្រាប់បាល់ស្មើគ្នាបែបនេះ ហើយព្រឹត្តិការណ៍ Euro 2020 បញ្ចប់ទៅ ដោយគ្មានអ្នកតាមពីក្រោយទាន់ អ៊ីចឹងជា Ronaldo ឬ Schick ដែលជាកីឡាករឈ្នះស្បែកជើងមាស?
ចម្លើយគឺនៅតែ Ronaldo នោះក៏ដោយសារតែ CR7 ក្រៅពីមានគ្រាប់បាល់ចំនួន ៥ គ្រាប់ លោកក៏មាន Assist ១ ដែលវាជាស្ថិតិនាំមុខទៅលើ Schick។ តាមច្បាប់នៅ Euro ការកំណត់ពានស្បែកជើងមាស មិនអាចប្រគល់ឲ្យកីឡាករ ២ រូបនោះទេ ពោលបើគ្រាប់បាល់ស្មើ គេនឹងប្រៀបធៀបចំនួន Assist ស្ថិតិគ្រាប់ នាទី/គ្រាប់បាល់ថែមទៀត។
យ៉ាងណាចម្លើយនឹងបកស្រាយ នៅ ២ ប្រកួតបន្ទាប់ទៀត ព្រោះកីឡាករដែលនៅតាមប្រកៀកគ្រាប់បាល់ Ronaldo ហើយនៅបន្តឈរជើងមានកីឡាករដាណឺម៉ាក Dolberg រកបាន ៣ គ្រាប់ រីឯកីឡាករអង់គ្លេសមានដល់ទៅ ២ រូប គឺ Harry Kane និង Raheem Sterling ដែលមាន ៣ គ្រាប់ផងដែរ។ បែបនេះថាមិនត្រូវបើអង់គ្លេសបន្តឡើងដល់វគ្គផ្តាច់ព្រ័ត្រ ហើយ Kane ឬ Sterling រកបាន ៣ គ្រាប់បន្ថែម នោះម្ចាស់ពានស្បែកជើងមាសនៅ Euro 2020 ក៏នឹងមានការប្រែប្រួល៕
ប្រភព៖ Euro