ក្រៅពីជួយអាហ្សង់ទីនឈ្នះ Copa America តើ Messi ឈ្នះពានផ្ទាល់ខ្លួនអ្វីខ្លះក្នុងព្រឹត្តិការណ៍ប្រកួតនោះ?

ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន បានគ្រងតំណែងជើងឯក Copa America 2021 បន្ទាប់ពីទទួលជ័យជម្នះវគ្គផ្ដាច់ព្រ័ត្រលើ ក្រុមការពារតំណែងជើងឯកប្រេស៊ីលដោយលទ្ធផល ១-០។

ខ្សែបម្រើ Angel di Maria ជាអ្នករកគ្រាប់បាល់ឃ័យជម្នះតែមួយគ្រាប់គត់សម្រាប់អាហ្សង់ទីន ដែលធានាឱ្យក្រុមរបស់លោក Lionel Scaloni ក្លាយជាជើងឯកពានរង្វាន់ធំបំផុតសម្រាប់ក្រុមជម្រើសជាតិនៅទ្វីបអាមេរិកខាងត្បូង ចាប់តាំងពីឆ្នាំ១៩៩៣ មក។

ហើយនេះក៏ជាលើកដំបូងដែរ ដែលខ្សែប្រយុទ្ធ និងជាប្រធានក្រុមអាហ្សង់ទីន Lionel Messi បានជួយក្រុមជម្រើសជាតិរបស់ខ្លួនឈ្នះ ពានរង្វាន់ជាលើកដំបូង ក្រោយទទួលបរាជ័យត្រឹមវគ្គផ្ដាច់ព្រ័ត្រជាច្រើនលើក។

ក្រៅពីជួយអាហ្សង់ទីនឈ្នះជើងឯក Copa America ម្ចាស់ពាន Ballon d’Or ៦សម័យរូបនេះ ក៏ទទួលបានពានរង្វាន់ឯកត្តជនផងដែរ ដោយរូបគេជាប់ឈ្មោះជាកីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍ប្រកួតនោះ រួមទាំងឈ្នះពានស្បែកជើងមាស ជាមួយខ្សែប្រយុទ្ធ Luis Díaz របស់ក្រុមជម្រើសជាតិកូឡុំប៊ី ដោយអ្នកទាំងពីររកបានសរុប៤គ្រាប់ដូចគ្នា។

ដោយឡែកពានអ្នកចាំទីល្អបំផុតបានទៅលើ Emiliano Martínez របស់ក្រុមអាហ្សង់ទីន។ កីឡាកររបស់ក្លិប Aston Villa រូបនេះ ជាចំណែកធំមួយជួយអាហ្សង់ទីនឆ្លងផុតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Copa ដោយបានសង្គ្រោះបាល់១១ម៉ែត្រកាត់សេចក្ដីទល់នឹងកូឡុំប៊ី៕

អានអត្ថបទបន្ទាប់៖ អនាគតកីឡាករ PSG ឈ្នះពានរង្វាន់កីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍ EURO 2020

អ្នកចាំទី Gianluigi Donnarumma ជាប់ឈ្មោះជាកីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍ EURO 2020 ក្រោយជួយក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី គ្រងតំណែងជើងឯក។

កីឡាករវ័យ២២ឆ្នាំ ដែលកៀកចូលរួមក្លិប Paris Saint-Germain ពី AC Milan ដោយគ្មានតម្លៃផ្ទេរ បានសង្គ្រោះបាល់ប៉េណាល់ទី២លើកហើយជួយអ៊ីតាលីឈ្នះអង់គ្លេសនៅកីឡដ្ឋាន Wembley ដែលជាការឈ្នះពានអឺរ៉ុបលើកដំបូងរាប់តាំងពីឆ្នាំ ១៩៦៨មក។

Donnarumma បានសង្គ្រោះបាល់ប៉េណាល់ទីដែលស៊ុតដោយ Jadon Sancho និង Bukayo Saka ហើយគេជាកីឡាករទី២ក្នុងនាមជាអ្នកចាំទីដែលឈ្នះពានរង្វាន់នេះ បន្ទាប់ពីអតីតអ្នកចាំទីដាណឺម៉ាក Peter Scheichel ក្នុងឆ្នាំ ១៩៩២។

គេរក្សាទីមិនឱ្យគូប្រកួតស៊ុតចូល៣ប្រកួត ហើយរបូតតែ៤គ្រាប់ប៉ុណ្ណោះ ក្នុងព្រឹត្តិការណ៍ EURO 2020 និងជាកីឡាករដែលលេងច្រើននាទីបំផុតពោលគឺ ៧១៩នាទី៕

ប្រភព៖ BBC