ក្រៅពីឈ្នះជើងឯក EURO 2020 អ៊ីតាលីកើបលុយបានប៉ុន្មានពីការប្រកួតពានរង្វាន់នេះ?

ព្រឹត្តិការណ៍ EURO 2020 ត្រូវបានបញ្ចប់ដោយម្ចាស់ជើងឯកបានទៅលើក្រុមជម្រើសជាតិអ៊ីតាលី។ ព្រឹត្តិការណ៍ប្រកួតពានខ្នាតធំរបស់អឺរ៉ុបមួយនេះ មិនត្រឹមតែធ្វើឱ្យអ្នកគាំទ្ររីករាយនឹងការប្រកួតទេ ប៉ុន្ដែក្រុមទាំង២៤ដែលចូលរួម ក៏ទទួលបានលុយច្រើនផងដែរ។

សម្រាប់ការប្រកួត EURO ក្នុងឆ្នាំ ២០២១នេះ ប្រាក់រង្វាន់ត្រូវបានបង្កើនច្រើនជាងមុន២៣ភាគរយ បើធៀបនឹងកាលពីឆ្នាំ២០១៦។ ក្រៅពីរីករាយ ព្រមទាំងមោទកភាពសម្រាប់ប្រទេសរបស់ខ្លួន ក្រុមជើងឯកក៏ទទួលបានចំណូលចូលហោប៉ៅរហូតដល់ ៤០,១លានដុល្លារអាមេរិកផងដែរ។

ទឹកប្រាក់ខ្ពស់បំផុតដែលក្រុមជើងឯកទទួលបាន ៤០,១លានដុល្លារនេះ ប្រសិនបើពួកគេឈ្នះគ្រប់ប្រកួតក្នុងវគ្គចែកពូល មុនពេលឈ្នះរាល់ប្រកួត ក្នុងវគ្គចាញ់ធ្លាក់។

សម្រាប់ព្រឹត្តិការណ៍ EURO ឆ្នាំនេះ ក្រុមដែលឆ្លងផុតវគ្គជម្រុះទទួលបាន ១០,៩១លានដុល្លារជាស្រេច ខណៈវគ្គចែកពូលក្រុមឈ្នះទទួលបាន ១,៧៧លានដុល្លារ ខណៈស្មើក្រុមនីមួយៗទទួលបាន ៨៨,៤ម៉ឺនដុល្លារ។

ប្រាក់រង្វាន់ដែលទទួលបានសម្រាប់វគ្គនីមួយៗនៃព្រឹត្តិការណ៍ EURO 2020 រួមមាន៖

  • ជើងឯកទទួលបាន៖ 11,797,100 ដុល្លារ
  • ជើងឯករង៖ 8,257,970 ដុល្លារ
  • ក្រុមឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៖ 5,898,550 ដុល្លារ
  • វគ្គ៨ក្រុមចុងក្រោយ៖ 3,834,057 ដុល្លារ
  • វគ្គ១៦ក្រុមចុងក្រោយ៖ 2,359,420 ដុល្លារ
  • ឈ្នះការប្រកួតវគ្គចែកពូល៖ 1,769,565 ដុល្លារ
  • ស្មើការប្រកួតក្នុងវគ្គចែកពូល៖ 884,782 ដុល្លារ
  • វគ្គចែកពូល៖ 10,912,317 ដុល្លារ

អានអត្ថបទបន្ទាប់៖ Roy Keane ថាគ្រូអង់គ្លេសគួរឱ្យ Sterling ឬ Grealish ស៊ុតបាល់១១ម៉ែត្រ ជាងកីឡាករវ័យក្មេងរូបនេះ

លោក Roy Keane ជឿជាក់ថា Jack Grealish និង Raheem Sterling គួរតែជាអ្នកស៊ុតបាល់ប៉េណាល់ទី កាត់សេចក្ដីសម្រាប់ក្រុមជម្រើសជាតិអង់គ្លេស ក្នុងវគ្គផ្ដាច់ព្រ័ត្រ EURO 2020 ក្រោយចាញ់អ៊ីតាលីកាលពីយប់មិញ។

ខ្សែបម្រើវ័យក្មេង Bukayo Saka ទទួលបានឱកាសស៊ុតបាល់១១ម៉ែត្រ តែត្រូវបានជួយសង្គ្រោះដោយ អ្នកចាំទី Gianluigi Donnarumma ដែលលទ្ធផលចុងក្រោយ ក្រុមលោក Roberto Mancini ឈ្នះ ៣-២។

អតីតកីឡាករ Man Utd លោក Keane យល់ថា Grealish និង Sterling ស័ក្ដិសមជាអ្នកស៊ុតបាល់ប៉េណាល់ទីជាងកីឡាករវ័យ១៩ឆ្នាំ Saka។

លោកបាននិយាយថា៖ “ប្រសិនបើអ្នកជា Sterling ឬ Grealish អ្នកមិនអាចអង្គុយទីនោះ ហើយឱ្យក្មេងដើរកាត់មុខអ្នកឡើយ។ អ្នកមិនអាចអង្គុយនៅទីនោះ ហើយនិយាយថា ខ្ញុំឃើញក្មេងអាយុ១៩ឆ្នាំ ដើរកាត់មុខខ្ញុំ ហើយខ្ញុំធ្លាប់លេងបានច្រើនប្រកួតជាង មានបទពិសោធន៍ច្រើនជាង Sterling ឈ្នះពានរង្វាន់ជាច្រើន”៕

ប្រភព៖ talkSPORT