និយាយរឿងប្រជែងពាន Ballon d’Or , Jorginho ថាគ្មាននរណាម្នាក់អាចធ្វើរឿងនេះ បានដូចខ្លួនទេ

តារាឆ្នើមរបស់ក្រុមតោខៀវ Chelsea កីឡាករ Jorginho ជឿជាក់ថាខ្លួនគឺជាបេក្ខភាពមួយរូព ដែលមានភាគរយច្រើនជាងគេ នៅក្នុងការប្រជែងយកពាន Ballon d’Or នៅឆ្នាំនេះ ។

Jorginho

ជាក់ស្តែងខ្សែបម្រើវ័យ ២៩ ឆ្នាំរូបនេះ ហាក់ទទួលបានរដូវកាលដ៏ជោគជ័យបំផុតមួយសម្រាប់អាជីពរបស់គេ បន្ទាប់ពីឈ្នះពានរង្វាន់ Champions League ជាមួយក្រុម Chelsea កាលពីខែឧសភា និងបានបន្តឈ្នះពានរង្វាន់ Euro បន្ថែមទៀត ជាមួយក្រុមជម្រើសជាតិអ៊ីតាលី ក្រោយយកឈ្នះលើក្រុមអង់គ្លេស នៅក្នុងពេលថ្មីៗនេះ ។

Jorginho

ហើយចំពោះភាពជោគជ័យទាំងនេះ មានមនុស្សមិនតិចទេ ដែលបានគិតថា Jorginho កំពុងនាំមុខគេនៅក្នុងការប្រជែងយកពានរង្វាន់លក្ខណ:បុគ្គល Ballon d’Or នៅឆ្នាំនេះ រួមជាមួយខ្សែប្រយុទ្ធ Lionel Messi ដែលទទួលបានរដូវកាលដ៏ល្អបំផុតមួយផងដែរ ។

Jorginho

មិនតែប៉ុណ្ណោះ ដោយនិយាយប្រាប់ SportTV ជុំវិញលទ្ធភាពក្នុងការទទួលបានពានរង្វាន់ដ៏ធំនេះ Jorginho លើកឡើងថា ៖ “ យើងរស់នៅដើម្បីក្តីសុបិន្ត ។ ប៉ុន្តែបើនិយាយអំពីទេពកោសល្យ ខ្ញុំដឹងថាខ្ញុំមិនមែនជាកីឡាករល្អបំផុតនៅលើលោកទេ ។ តែប្រសិនបើនិយាយការឈ្នះពានរង្វាន់ គ្មាននរណាម្នាក់ឈ្នះវាច្រើនជាងខ្ញុំ នៅរដូវកាលនេះទេ ” ៕

ប្រភព: Metro

អានអត្ថបទបន្ទាប់៖ Henderson ថាមិត្តរួមក្រុម Man Utd របស់គេរូបនេះ មានកម្រិតលេងមិនចាញ់ Van Dijk ឡើយ

អ្នកចាំទី Dean Henderson បាននិយាយថាមិត្តរួមក្រុមបិសាចក្រហម Manchester United របស់គេ គឺកីឡាករ Harry Maguire លេងល្អមិនចាញ់ខ្សែការពារ Virgil van Dijk របស់ក្រុមហង្សក្រហម Liverpool នោះទេ ។

Dean Henderson , Harry Maguire

ជាក់ស្តែង Maguire បានក្លាយជាខ្សែការពារថ្លៃជាងគេបំផុតនៅលើពិភពលោក បន្ទាប់ពីការផ្ទេរមកកាន់ទឹកដី Old Trafford នៅក្នុងតម្លៃខ្លួន ៨០ លានផោន ស្របពេលគេក៏ត្រូវបានកោះហៅឲ្យចូលលេងប្រកួតនៅព្រឹត្តិការណ៍ Euro ២០២០ នេះផងដែរ បើទោះបីជាមានរបួសកជើងក៏ដោយ ។

Harry Maguire

ហើយបើទោះបីជាបានខកខានការប្រកួតពីរលើកដំបូងរបស់អង់គ្លេសក៏ដោយ ប៉ុន្តែ Maguire វិលមកចូលលេងនៅជម្រើសដំបូងវិញ ទល់នឹងក្រុមធារណរដ្ឋឆែក ខណ:គេបានក្លាយជាផ្នែកយ៉ាងសំខាន់នៅក្នុងតំបន់ការពារកណ្តាលរបស់ក្រុម និងរួមការស៊ុតបញ្ចូលទី នៅជ័យជម្នះលើក្រុមអ៊ុយក្រែន ដោយលទ្ធផល ៤-០ ក្នុងការប្រកួតវគ្គ ១៦ ទៀតផង ។

Harry Maguire

មិនតែប៉ុណ្ណោះ Henderson បានប្រាប់ talkSPORT មុនការប្រកួតផ្តាច់ព្រ័ត្រ Euro ២០២០ ថា  ៖ “ តើអ្នកអាចសង្ស័យពីសមត្ថភាពរបស់ Harry Maguire បានយ៉ាងដូចម្តេច? គ្មាននរណាម្នាក់អាចសង្ស័យពីគាត់ទេ ។ គាត់លេងគ្រប់ប្រកួតទាំងអស់សម្រាប់ក្រុម Man Utd ដែលជាក្លឹបបាល់ទាត់ធំបំផុតមួយនៅលើពិភពលោក ហើយគាត់គឺតែងផ្តល់អ្វីល្អបំផុត ” ។

Harry Maguire

គេបន្តទៀតថា ៖ “Harry ជាខ្សែការពារកណ្តាលកំពូលម្នាក់ ។ ខ្ញុំនឹងដាក់គាត់ឱ្យស្ថិតនៅកម្រិតដូចគ្នាជាមួយ Virgil van Dijk ហើយខ្ញុំច្បាស់ណាស់ថាអ្វីដែលខ្ញុំនិយាយនឹងត្រឹមត្រូវ ក្នុងរយៈពេលពីរបីឆ្នាំខាងមុខ ពីព្រោះគាត់កាន់តែល្អឡើងៗ” ៕

ប្រភព: Sportbible