Wolves រកបានអ្នកចាំទីព័រទុយហ្កាល់ម្នាក់ មកជំនួស Patricio ដែលផ្លាស់ទៅ Roma

ក្លិប Wolverhampton Wanderers បានចុះហត្ថលេខាផ្ទេរអ្នកចាំទី Jose Sa ពីក្លិប Olympiakos ក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំ មកជំនួស Rui Patricio ដែលផ្លាស់ទៅចូលរួម AS Roma។

អ្នកចាំទីវ័យ២៨ឆ្នាំ Jose Sa បានធ្វើដំណើរមកដល់កីឡដ្ឋាន Molineux បន្ទាប់ពី Wolves បានព្រមព្រៀងលក់ Patricio ទៅឱ្យក្លិបអ៊ីតាលីដែលមានលោក Jose Mourinho ជាអ្នកចាត់ការថ្មីនៅទីនោះ។

Sa បានបង្ហាញវត្តមាន ១២៤ប្រកួត ក្នុងរយៈពេល៣រដូវកាលជាមួយក្លិបជើងឯកលីគកំពូលក្រិក ដោយជួយពួកគេឈ្នះពានចំនួន២។

អ្នកចាំទីជនជាតិព័រទុយហ្កាល់រូបនេះ ក៏ធ្លាប់លេងសម្រាប់ Olympiakos ក្នុងជំនួបទល់នឹង Wolves ក្នុងវគ្គ១៦ក្រុមចុងក្រោយ Europa League កាលពីរដូវកាលមុនផងដែរ៕

ប្រភព៖ BBC

អានអត្ថបទបន្ទាប់៖ រកឃើញអ្នកស្នងអាវលេខ១០ថ្មីរបស់ Arsenal ជំនួស Ozil ហើយ

កីឡាករវ័យក្មេង Emile Smith Rowe ទំនងជាពាក់អាវលេខ១០ ដែលជាលេខពិសេសមួយក្នុងក្រុម Arsenal សម្រាប់រដូវកាលថ្មី ដែលធ្លាប់ជាកម្មសិទ្ធរបស់ Dennis Bergkamp, Paul Merson និងចុងក្រោយបង្អស់គឺ Mesut Ozil។

កីឡាករវ័យ២០ឆ្នាំ ក្លាយជាចំណែកសំខាន់ក្នុងក្រុមជម្រើសដំបូងក្នុងក្រុមកាំភ្លើងធំ កាលពីរដូវកាលមុន ដោយបានបង្ហាញវត្តមាន៣៣ប្រកួត គ្រប់ពានរង្វាន់ទាំងអស់។

អ្នកគាំទ្រសម្គាល់ឃើញរូបភាពមួយសន្លឹករបស់ កីឡាករជនជាតិអង់គ្លេសរូបនេះ អំឡុងពេលហ្វឹកហាត់ ដោយគេពាក់អាវក្រៅជាមួយនឹងលេខ១០នៅខាងមុខ។

សម្រាប់លេខអាវក្នុងក្រុមកាំភ្លើងធំរដូវកាល ២០២១-២២ មិនទាន់ត្រូវបានប្រកាសនៅឡើយទេ ប៉ុន្ដែ វាបានបង្ហាញតម្រុយថា Simth Rowe អាចផ្លាស់ប្ដូរពីលេខចាស់ លេខ៣២ មកប្រើលេខ ១០ ក្នុងរដូវកាលថ្មី។

សូមរំឭកថា អាវលេខ១០របស់ Arsenal ត្រូវបានទុកឱ្យទំនេរ ចាប់តាំងពី Ozil ចាកចេញពីទឹកដី Emirates កាលពីខែមករា ដោយបានផ្លាស់ទៅក្លិបតួកគេ Fenerbahce ដែលគេបានបង្ហាញខ្លួន ១១ប្រកួត ប៉ុន្ដែមិនទាន់រកគ្រាប់បាល់បាននៅឡើយទេ៕

ប្រភព៖ Metro