ខ្សែបម្រើលេចធ្លោរបស់ក្លិបការពារជើងឯកលីគកំពូលបារាំង Lille និងក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្កាល់ Renato Sanches បានត្រៀមសម្រាប់ការផ្ទេរទៅកាន់ក្លិប Wolverhampton Wanderers ក្នុងកិច្ចសន្យាខ្ចី។ នេះបើតាមការរាយការណ៍ពី talkSPORT។
អាជីពរបស់ខ្សែបម្រើរូបនេះ ហាក់មានភាពឡើងចុះមិនស្ថិតស្ថេរនោះទេ ហើយនៅពេលនេះ គេបានត្រៀមក្នុងការត្រលប់មក Premier League ជាថ្មី។ កន្លងមកក្នុងរដូវកាល ២០១៧-១៨ គេធ្លាប់បានចូលរួម Swansea ដែលខ្ចីជើងពី Bayern Munich ប៉ុន្ដែមិនទទួលបានជោគជ័យឡើងនៅកាលនោះ។
ប៉ុន្ដែនៅពេលបានផ្លាស់ទៅ Lilles អាជីពរបស់គេមានភាពស្រស់បំព្រងជាថ្មី ដោយបានជួយពួកគេឈ្នះ Ligue 1 ហើយកីឡាករវ័យ២៤ឆ្នាំ ទទួលបានឱកាសចូលរួមក្រុមព័រទុយហ្កាល់ ដើម្បីចូលរួមព្រឹត្តិការណ៍ EURO 2020 ថែមទៀតផង។
សូមរំឭកថា Sanches បានចាប់ផ្ដើមសាងភាពលេចធ្លោនៅ Benfica អំឡុងរដូវកាល ២០១៥-១៦ ហើយត្រូវបានកោះហៅចូលរួមព្រឹត្តិការណ៍ EURO 2016 ក្នុងវ័យ១៨ឆ្នាំ។
គេបានបន្ដបង្ហាញការលេងបានល្អ ដែលទាក់ចិត្ត Bayern Munich ហ៊ានចំណាយ ២៧,៥លានផោននាំគេមកចូលរួម។ ប៉ុន្ដែនៅអាល្លឺម៉ង់គេហាក់មិនទទួលបានផ្លែផ្កាល្អនោះទេ ហើយក្រោយមក ត្រូវបានដាក់ឱ្យ Swansea ខ្ចីជើងមួយរដូវកាល។
ក្រោយពីបានចូលរួម Lille គេបានបង្ហាញទម្រង់លេងបានយ៉ាងល្អជាថ្មី និងបានជួយក្រុមបារាំងមួយនេះ ប្រជែងយកឈ្នះ PSG ក្លាយជាជើងឯក Ligue 1 រដូវកាល ២០២០-២១៕
ប្រភព៖ talkSPORT
អានអត្ថបទបន្ទាប់៖ ទោះពិបាកនាំយក Mbappe តែ Real Madrid ជិតទិញបានកីឡាករបារាំងម្នាក់ផ្សេងពី Ligue 1
ទន្ទឹមនឹងការតាមដានពាក់ព័ន្ធនឹងការផ្ទេរ Kylian Mbappe មកកាន់ Real Madrid ពេលនេះក្លិបអេស្ប៉ាញ ត្រូវបានរាយការណ៍ថា ជិតសម្រេចការនាំយកមិត្តរួមក្រុមជម្រើសជាតិបារាំងរបស់គេគឺ Eduardo Camavinga។
ក្លិប Real Madrid បច្ចុប្បន្នកំពុងចរចាជាមួយក្លិបបារាំង Rennes សម្រាប់ការផ្ទេរ ខ្សែបម្រើ Camavinga មុនទីផ្សារដោះដូររដូវក្ដៅនេះ ត្រូវបានបិទទ្វារ។
ខ្សែបម្រើវ័យ១៨ឆ្នាំ ដែលផុតកុងត្រាជាមួយ Rennes នៅឆ្នាំក្រោយ បានស្ថិតនៅក្នុងរ៉ាដារបស់ក្លិបធំៗជាច្រើនជុំវិញទ្វីបអឺរ៉ុប នារដូវក្ដៅនេះ ប៉ុន្ដែក្លិបអធិរាជស បានធានាការនាំយករូបគេមកកាន់ទឹកដី Santiago Bernabeu ក្នុងតម្លៃផ្ទេរ ៣០លានអឺរ៉ូ។
បើយោងតាមប្រភពជាច្រើននៅបារាំង បានឱ្យដឹងថា ការព្រមព្រៀងត្រូវបានធ្វើឡើងជិតបានសម្រេចហើយ ខណៈកីឡាករ កំពុងត្រៀមខ្លួនសម្រាប់ការធ្វើតេស្ដសុខភាព។
ក្លិប PSG ក៏ចង់បានខ្សែបម្រើបារាំងរូបនេះផងដែរ ប៉ុន្ដែមិនអាចប្រជែង Real Madrid ក្នុងការស៊ីញ៉េកុងត្រាជាមួយ Camvinga ឡើយ៕
ប្រភព៖ Marca