[វីដេអូ] កូនប្រុសទី២របស់ David Bekcham បង្ហាញខ្លួនលើទីលានក្នុងប្រកួតដំបូង ក្នុងនាមជាកីឡាករអាជីព

Romeo Beckham កូនប្រុសរបស់អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេស David Bekcham បានបង្ហាញខ្លួនលើទីលានប្រកួតក្នុងនាមជាកីឡាករអាជីពជាលើកដំបូង សម្រាប់ក្លិប Fort Lauderdale នៃលីគទី៣អាមេរិក កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។

កីឡាករវ័យ១៩ឆ្នាំ បានបង្ហាញខ្លួនក្នុងជម្រើស១១នាក់ដំបូង ក្នុងតំណែងជាខ្សែបម្រើដូចជាឪពុករបស់គេ សម្រាប់ក្រុមបម្រុងរបស់ Inter Miami ដែលមាន Beckham ជាម្ចាស់ ដោយការប្រកួតនោះបញ្ចប់ក្នុងលទ្ធផល ២-២។

ខ្សែបម្រើវ័យក្មេងរូបនេះ បានចុះកុងត្រាអាជីពកាលពីដើមខែកញ្ញាកន្លងមក បានបង្ហាញបច្ចេកទេសដ៏ល្អរបស់គេ និងបានបង្កើតឱកាសសម្រាប់មិត្តរួមក្រុមក្នុងការប្រកួតនោះផងដែរ។

គេក៏មានទំនាក់ទំនងក្នុងការប្រកួត នៅតំបន់បម្រើជាមួយ Harvey Neville ដែលជាកូនប្រុសបង្កើតរបស់ គ្រូបង្វឹក Phil Neville របស់ក្លិប Inter Miami។ លោក Phil Neville នេះជាសិស្សច្បងរបស់ Beckham ជំនាន់ Manchester United ឆ្នាំ១៩៩២៕

អានអត្ថបទបន្ទាប់៖ AFF Suzuki Cup ដែលកម្ពុជាដេញថ្លៃធ្វើម្ចាស់ផ្ទះ នឹងធ្វើការចាប់ឆ្នោតនៅរសៀលនេះ

សហព័ន្ធកីឡាបាល់ទាត់អាស៊ាន(AFF) បានប្រកាសពីក្រុមដែលស្ថិតនៅប្លក់ដែលត្រូវចាប់ឆ្នោតការប្រកួត AFF Championship ឬ AFF Suzuki Cup 2020 ដែលត្រូវលើកមកធ្វើនៅឆ្នាំ២០២១។

ក្រុមជម្រើសជាតិវៀតណាមដែលជាក្រុមការពារជើងឯកស្ថិតនៅក្នុងប្លុកជាមួយគ្នានឹងក្រុមខ្លាំងថៃ ខណៈប្លុកលេខ២មាន ហ្វីលីពីន និង មីយ៉ាន់ម៉ា លេខ៣មាន ម៉ាឡេស៊ី និងសិង្ហបុរី។ កម្ពុជាស្ថិតនៅក្នុងប្លុកទី៤ជាមួយឥណ្ឌូនេស៊ី ខណៈប្លុកចុងក្រោយមាន ឡាវ និង ប្រ៊ុយណេ ឬ ទីម័រខាងកើត។

ការចាប់ឆ្នោតនឹងធ្វើឡើងនៅរសៀលថ្ងៃទី ២១ ខែកញ្ញានេះ វេលាម៉ោង២ ខណៈការប្រកួតព្រឹត្តិការណ៍ប្រចាំតំបន់អាស៊ានមួយនេះ នឹងចាប់ផ្ដើមពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ខណៈប្រទេសដែលនឹងធ្វើជាម្ចាស់ផ្ទះ មិនទាន់ត្រូវបានប្រកាសនៅឡើយទេ។

សូមបញ្ជាក់ថា កម្ពុជាបានចូលរួមដេញថ្លៃធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍នេះផងដែរ ដើម្បីបង្ហាញពីពហុកីឡដ្ឋានជាតិមរតកតេជោ ដែលទើបតែសាងសង់រួចសម្រាប់កីឡាករ ដើម្បីសម្របទៅនឹងការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម(SEA Games)2023 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕