តំបន់មួយនៅក្នុងក្រុម Juventus បន្ដជួយបញ្ហាមិនទាន់ដោះស្រាយ បង្កើតកំណត់ត្រាមួយគួរឱ្យបារ.ម្ភ

តំបន់ការពារបច្ចុប្បន្នរបស់ Juventus នៅតែបន្ដជាបញ្ហាបន្ទាប់ពីពួកគេបានបញ្ចប់លទ្ធផលក្នុងការប្រកួត Serie A ដោយស្មើគ្នាជាមួយ AC Milan ដោយលទ្ធផល ១-១ កាលពីយប់ថ្ងៃអាទិត្យកន្លងទៅនេះ នៅកីឡដ្ឋាន Allianz។

អ្នកចាត់ការ Massimilano Allegri នៅតែមិនទាន់ដឹកនាំក្រុមទទួលបានជ័យជម្នះក្នុងលីគជាលើកដំបូងនៅឡើយ ចាប់តាំងពីមកដឹកនាំ Juve ជាលើកទី២ ដោយការប្រកួតទល់នឹង Milan ក្រុមសេះបង្កង់បានរបូតគ្រាប់បាល់មួយគ្រាប់ ពីការតែតបានយ៉ាងល្អរបស់ខ្សែប្រយុទ្ធ Ante Rebic ដែលជាគ្រាប់បាល់តាមស្មើ បន្ទាប់ពីខ្សែប្រយុទ្ធ Alvaro Morata រកបានគ្រាប់បាល់បើកឆាកនាំមុខសម្រាប់ក្រុមម្ចាស់ផ្ទះ។

បច្ចុប្បន្ន Juve ស្ថិតនៅលេខរៀងទី១៨ ក្នុងតារាងលីគកំពូលអ៊ីតាលី មានតែពីរពិន្ទុប៉ុណ្ណោះ ពីការលេង៤ប្រកួត និងមានគម្លាតដល់ទៅ៨ពិន្ទុពីក្រុមកំពូលតារាង និងជាក្រុមការពារជើងឯក Inter Milan ដោយសារបញ្ហាតំបន់ការពារធ្វើឱ្យពួកគេមិនអាចរក្សាសំណាញ់ទីមិនឱ្យរបូតគ្រាប់បាល់បាន។

បើគិតជាមធ្យម Juventus របូតយ៉ាងហោចណាស់មួយគ្រាប់ក្នុងចំណោម១៨ប្រកួតជាប់គ្នានៅក្នុងលីគ ចាប់តាំងពីថ្ងៃទី៩ ខែមីនា មក ដែលជាកំណត់ត្រាអាក្រ.ក់បំផុតក្នុងចំណោមលីគកំពូលទាំង៥អឺរ៉ុប។

ហើយលោក Allegri ជាអ្នកចាត់ការ Juventus ទី៤ដែលដឹកនាំក្រុមពេលចាប់ផ្ដើមរដូវកាល មិនទទួលបានជ័យជម្នះ៤ប្រកួតដំបូងក្នុងលីគ ខណៈ៣លើកកន្លងមកពួកគេ មិនមានឱកាសឈ្នះជើងឯកបានឡើយ ពោលគឺនៅរដូវកាល ១៩៤២-៤៣, ១៩៥៥-៥៦ និង ១៩៦១-៦២៕

ប្រភព៖ Goal

អានអត្ថបទបន្ទាប់៖ AFF Suzuki Cup ដែលកម្ពុជាដេញថ្លៃធ្វើម្ចាស់ផ្ទះ នឹងធ្វើការចាប់ឆ្នោតនៅរសៀលនេះ

សហព័ន្ធកីឡាបាល់ទាត់អាស៊ាន(AFF) បានប្រកាសពីក្រុមដែលស្ថិតនៅប្លក់ដែលត្រូវចាប់ឆ្នោតការប្រកួត AFF Championship ឬ AFF Suzuki Cup 2020 ដែលត្រូវលើកមកធ្វើនៅឆ្នាំ២០២១។

ក្រុមជម្រើសជាតិវៀតណាមដែលជាក្រុមការពារជើងឯកស្ថិតនៅក្នុងប្លុកជាមួយគ្នានឹងក្រុមខ្លាំងថៃ ខណៈប្លុកលេខ២មាន ហ្វីលីពីន និង មីយ៉ាន់ម៉ា លេខ៣មាន ម៉ាឡេស៊ី និងសិង្ហបុរី។ កម្ពុជាស្ថិតនៅក្នុងប្លុកទី៤ជាមួយឥណ្ឌូនេស៊ី ខណៈប្លុកចុងក្រោយមាន ឡាវ និង ប្រ៊ុយណេ ឬ ទីម័រខាងកើត។

ការចាប់ឆ្នោតនឹងធ្វើឡើងនៅរសៀលថ្ងៃទី ២១ ខែកញ្ញានេះ វេលាម៉ោង២ ខណៈការប្រកួតព្រឹត្តិការណ៍ប្រចាំតំបន់អាស៊ានមួយនេះ នឹងចាប់ផ្ដើមពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ខណៈប្រទេសដែលនឹងធ្វើជាម្ចាស់ផ្ទះ មិនទាន់ត្រូវបានប្រកាសនៅឡើយទេ។

សូមបញ្ជាក់ថា កម្ពុជាបានចូលរួមដេញថ្លៃធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍នេះផងដែរ ដើម្បីបង្ហាញពីពហុកីឡដ្ឋានជាតិមរតកតេជោ ដែលទើបតែសាងសង់រួចសម្រាប់កីឡាករ ដើម្បីសម្របទៅនឹងការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម(SEA Games)2023 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕