កម្ពុជា​ស្ថិត​ក្នុង​ពូល​ ជាមួយ​ម្ចាស់​ជើង​ឯក​ឆ្នាំ ២០១០&១៨ នៅ​ពាន AFF Suzuki Cup 2020

នៅ​ឯ​រសៀល​ថ្ងៃ​ទី ២១ ​កញ្ញា​ ឆ្នាំ ២០២១ ស្ថាប័ន AFF បាន​ប្រកាស​ពី​លទ្ធផល​ចាប់ឆ្នោត​វគ្គ​ចែក​ពូល ព្រឹត្តិការណ៍​ Suzuki Cup ឆ្នាំ ២០២០ ដែល​ត្រូវ​លើក​ពេល​មក​ធ្វើ​នៅ​ឆ្នាំ ២០២១ ហើយ​យើង​ឃើញ​ថា ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​ស្ថិត​ក្នុង​ពូល B ជាមួយ​នឹង​ក្រុម​ម្ចាស់​ជើង​ឯក ឆ្នាំ ២០១៨ និង ២០១០។

រូបភាព៖ AFF
រូបភាព៖ AFF

ការ​ប្រកួត​ដែល​មាន ១០ ក្រុម​ចូលរួម សម្រាប់​ពូល A មាន​ក្រុម​ជម្រើស​ជាតិ​ថៃ មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី និង​ក្រុម​មួយ​ក្នុង​ចំណោម​ក្រុម​ប្រ៊ុយណេ/ទីម័រខាងកើត​ ដែល​កំពុង​ស្ថិត​ក្នុង​វគ្គ​ជម្រុះ។

ចំណែក​ឯ​ពូល B មាន​វៀតណាម (ម្ចាស់​ជើង​ឯក ២០១៨) ម៉ាឡេស៊ី (ម្ចាស់​ជើង​ឯក ២០១០) ឥណ្ឌូណេស៊ី កម្ពុជា និង​ឡាវ។

រូបភាព៖ AFF

បញ្ជាក់​ថា ការ​ប្រកួត​ដែល​ត្រូវ​ធ្វើ​ឡើង​រៀងរាល់ ២ ឆ្នាំ​ម្ដង សម្រាប់​ព្រឹត្តិការណ៍​សារ​នេះ នឹង​ប្រព្រឹត្តិ​ទៅ​ចន្លោះ​ថ្ងៃ​ទី ៥ ធ្នូ ឆ្នាំ ២០២១ ដល់​ថ្ងៃ​ទី ១ មករា ឆ្នាំ ២០២២៕

ប្រភព៖ AFF

អានអត្ថបទបន្ទាប់៖ ទោះជួយក្រុមបានច្រើនតែ Gary Neville ថាកីឡាករមួយរូបនេះ គិតខុសដែលមិនចាកចេញពី Man Utd

អតីតតារាជើងចាស់របស់បិសាចក្រហមលោក Gary Neville ជឿថា Jesse Lingard គិតខុសដែលមិនចាកចេញពី Manchester United ប៉ុន្ដែលោកក៏អះអាងដែរថា ខ្សែបម្រើប្រយុទ្ធរូបនេះ មានតួនាទីសំខាន់នៅក្នុងក្រុមបច្ចុប្បន្ន។

Lingard បានបង្ហាញភាពភ្ញាក់ផ្អើលសម្រាប់ការបង្ហាញខ្លួនលើទីលានសម្រាប់ West Ham ក្នុងរដូវកាលមុន ដោយរកគ្រាប់បាល់បាន៩គ្រាប់ ក្នុងចំណោម១៦ប្រកួត ព្រមទាំងបានជួយពួកគេមានឱកាសបានកៅអីលេងនៅ Europa League ផងដែរ។

ខ្សែបម្រើរូបនេះ មានឈ្មោះនៅក្នុងបញ្ជីពង្រាងរបស់ក្រុមជម្រើសជាតិអង់គ្លេស ប៉ុន្ដែគេមិនត្រូវបានកោះហៅចូលរួមព្រឹត្តិការណ៍ UEFA EURO 2020 ដែលក្រុមបង្វឹកដោយលោក Gareth Southgate ឡើងដល់វគ្គផ្ដាច់ព្រ័ត្រ ប៉ុន្ដែចាញ់អ៊ីតាលីដោយបាល់១១ម៉ែត្រកាត់សេចក្ដី។

ទោះបីជា Lingard បានត្រលប់មកក្រុមធំរបស់ Man Utd ក៏ពិតមែន ប៉ុន្ដែលោក Neville ជឿថា ខ្សែបម្រើវ័យ២៨ឆ្នាំ គួរតែចាកចេញពីក្លិប ជាងនៅប្រជែងតំណែងនៅក្នុងក្រុម ដែលភាគច្រើនត្រូវអង្គុយកៅអីបម្រុង។

លោក Neville បានថ្លែងប្រាប់ Sky Sports ថា៖ “ខ្ញុំនៅតែរក្សាគំនិតដែលថាគេគួរតែចាកចេញ ប៉ុន្ដែគេមានពេលវេលាផ្ទាល់ខ្លួនរបស់គេ។ ខ្ញុំពិតជារីករាយដែលគេត្រលប់មកល្អវិញ បន្ទាប់ពីអ្វីដែលបានកើតឡើងនៅក្នុងការប្រកួតពានអឺរ៉ុបកាលពីពាក់កណ្ដាលសប្ដាហ៍កន្លងទៅ”។

“គេមិនមានឱកាសជាប់ជម្រើសលេង៩០នាទី ប៉ុន្ដែគេជាម្នាក់ក្នុងចំណោមកីឡាករដែលជាប្រយោជន៍សម្រាប់ United។ ខ្ញុំគ្រាន់តែគិតសម្រាប់ Jesse ផ្ទាល់ថាគេគួរតែចាកចេញ។ United ក៏ជាក្រុមដ៏ប្រសើរមួយ ជាមួយនឹងកីឡាករដូចជា Lingard នៅក្នុងនោះ”៕

ប្រភព៖ talkSPORT