ក្លឹប Juventus ដោយគិតថាមិនចង់បន្តលើការចាយវាយថ្លៃពលកម្មក្រាស់ក្រែលសម្រាប់ Aaron Ramsey ក៏ជាហេតុនាំឲ្យក្លឹបចង់ផ្ទេរចេញកីឡាករមុនអស់សុពលភាពកុងត្រា ហើយអនុញ្ញាតឲ្យចាកចេញ ដោយគ្មានតម្លៃខ្លួន នាខែមករា ឆ្នាំ ២០២២ ខាងមុខ។
Ramsey តាមថាកុងត្រាគេត្រូវផុតនៅចុងខែមិថុនា ឆ្នាំ ២០២៣ ឯណោះ តែគេមិនស្ថិតក្នុងការជ្រើសរើសរបស់អ្នកចាត់ការលោក Massimiliano Allegri នោះឡើយ ជាហេតុនាំឲ្យក្លឹបចង់ផ្ទេរគេចេញ ដើម្បីសម្រួលដល់បន្ទុកចំណាយដែលចូលជិត ២០០ ០០០ ផោន/សប្តាហ៍ សម្រាប់ថ្លៃពលកម្ម។ នេះបើតាមសារព័ត៌មាន TheSun បានចុះផ្សាយ។
ក្លឹបធំៗ ៣ នៅអង់គ្លេស ទំនងជានឹងចាប់យកឱកាសដ៏ល្អនេះ ដោយរួមមាន West Ham United, Everton និង Newcastle ដោយពួកគេអាចធានាពេលវេលាបង្ហាញខ្លួនសម្រាប់ខ្សែបម្រើសញ្ជាតិវែលខាងលើបាន តែចំពោះថ្លៃពលកម្មច្រើនដូចមុនឬអត់ គឺមានតែចរចាគ្នាសិន។
គួរបញ្ជាក់ថា កីឡាករវ័យ ៣០ ឆ្នាំបានសម្រេចការផ្ទេរមកក្លឹបនៅអ៊ីតាលី កាលពីឆ្នាំ ២០១៩ ហើយសរុបមកទល់ពេលនេះ គេបង្ហាញខ្លួន ៦៩ ប្រកួត រកបាន ៦ គ្រាប់និង Assist ៦ លើក៕ ប្រភព៖ TheSun
អានអត្ថបទបន្ទាប់៖ ប្រហែលមិនអាចសម្រេចតាមបំណងម្តាយ ព្រោះ Ronaldo នឹងចូលនិវត្តនៅក្លឹបមួយនេះ
កន្លងមកយើងបានដឹងពីព័ត៌មានមួយហើយ ដែលសម្រង់សម្តីម្តាយបង្កើតរបស់ Cristiano Ronaldo គឺអ្នកស្រី Dolores Aveiro ថា អ្នកស្រីចង់ឃើញរវាងកូនប្រុសឬចៅប្រុសទៅថ្ងៃមុខ ទៅលេងឲ្យក្លឹប Sporting នៅឯប្រទេសព័រទុយហ្គាល់។
យ៉ាងណាតាមការចុះផ្សាយពីសារព័ត៌មាន TheSun បានឲ្យដឹងថា CR7 ទំនងជាមិនអាចទៅចូលរួមឲ្យក្លឹបក្នុងប្រទេសកំណើតជាថ្មីទៀតនោះទេ ពោលគឺនឹងចូលនិវត្តនៅក្លឹបអង់គ្លេស Manchester United ដែលជាក្លឹបបច្ចុប្បន្ននេះហើយ។ កុងត្រារយៈពេល ២ ឆ្នាំ និងសិទ្ធបន្តថ្មី ១ ឆ្នាំ អាចធានាឲ្យតារាឆ្នើមពាក់អាវលេខ ៧ ឈរជើងនៅ Old Trafford ដល់ក្បែរអាយុ ៤០ ឆ្នាំ ហើយក៏ជាពេលវេលាដែលលោកនឹងចូលនិវត្តត្រឹមប៉ុណ្ណឹងផងដែរ។
ប្រភពបានបន្តថា CR7 នឹងចូលនិវត្តក្រោយផុតកុងត្រាជាមួយក្លឹបបិសាចក្រហម ហើយមិនចាកចេញទៅទីណាទៀតទេ ពោលនឹងបន្តឈរជើងនៅ Man Utd តែប្រលូកក្នុងតំណែងជាអ្នកចាត់ការ ហើយអាចជានឹងបង្វឹក Cristiano Jr ជាកូនបង្កើតផងដែរ ពោលជាសិស្សរួមគ្រូ ប្រសិនគុណភាពលេងរបស់ Jr អាចឲ្យក្មេងអាយុ ១១ ឆ្នាំឡើងមកលេងនៅឈុតធំនាពេលខាងមុខបាន។
គួរបញ្ជាក់ថា CR7 នៅរដូវកាលថ្មី ២០២១/២២ គេរកបាន ៤ គ្រាប់សរុបហើយឲ្យក្លឹប Man Utd ដែលស្ថិតិនេះ ឃើញថាល្អគួរសម បើធៀបនឹងកាលផ្ទេរទៅលេងឲ្យ Juventus ដែលជាក្លឹបចាស់ពេលដំបូងៗ។ យើងនឹងរង់ចាំមើលបន្តទៀត ហើយ Ronaldo ក៏មានកំណត់ត្រាខ្នាតយក្សមួយរង់ចាំផងដែរ នោះគឺការរកបាន ៣២ គ្រាប់នារដូវកាលទោល គ្រងដោយ Mohamed Salah កាលពីរដូវកាល ២០១៧/១៨៕
ប្រភព៖ TheSun