កីឡាករដ៏មានទេពកោសល្យម្នាក់ ដែល Sir Alex នៅតែស្ដាយ ដែលមិនបានយកមកលេខនៅ Man Utd

វីរបុរសរបស់ Manchester United លោក Sir Alex Ferguson បានចាត់ទុកលោក Paul Gascoigne ជាកីឡាករដែលលោកស្ដាយបំផុត ដែលមិនបាននាំយកមកចូលក្រុមកាលលោកដឹកនាំនៅទឹកដី Old Trafford។

ក្លិបបិសាចក្រហមបានត្រៀមដើម្បីចុះហត្ថលេខាផ្ទេរ ខ្សែបម្រើប្រយុទ្ធរូបនេះពីក្លិប Newcastle ក្នុងឆ្នាំ១៩៨៨ ហើយ Gascoigne បានសរសេរក្នុងស្វ័យជីវប្រវត្តិរបស់លោកថា លោកបានសន្យាជាមួយលោក Ferguson ថានឹងចូលរួម Man Utd។

ប៉ុន្ដែចុងក្រោយ អតីតជម្រើសជាតិអង់គ្លេសរូបនេះ បែរជាចូលរួម Tottenham Hotspur ទៅវិញ ដោយបានចាយពេល៤ឆ្នាំនៅទីនោះ មុនសម្រេចការផ្ទេរទៅកាន់ក្លិបអ៊ីតាលី Lazio។

លោក Ferguson ជឿថា Cascoigne អាចជោគជ័យនៅ Man Utd ជាងនៅ Spurs ហើយលោកបានបង្ហាញអារម្មណ៍ខកចិត្តដែលមិនអាចទិញយក កីឡាករដ៏មានទេពកោសល្យរូបនេះ មកចូលក្រុមរបស់លោកបាន។

នៅពេលដែលត្រូវបានសួរថា តើកីឡាកររូបណា ដែលលោកសោកស្ដាយបំផុតដែលមិនអាច នាំមកចូលក្រុមបាន លោក Ferguson បានថ្លែងប្រាប់ UTD Podcast ថា៖ “នៅក្នុងភាពជាក់ស្ដែង អ្នកត្រូវតែនិយាយថា មានតែម្នាក់ទេ ដែលស្ថិតនៅក្នុងចិត្តរបស់ខ្ញុំគឺ Gascoigne”។

“គាត់ពិតជាអស្ចារ្យខ្លាំងណាស់។ ខ្ញុំគិតថា ប្រសិនបើយើងបានគាត់មក គាត់អាចនឹងមានអាជីពដ៏អស្ចារ្យ។ ខ្ញុំមិនបាននិយាយថា គាត់មិនជោគជ័យក្នុងអាជីពឡើយ ប៉ុន្ដែគាត់អាចជោគជ័យជាងនេះ បើនៅជាមួយយើង”៕

ប្រភព៖ Goal

អានអត្ថបទបន្ទាប់៖ មានតែ២ប្រទេសប៉ុណ្ណោះ ដែលមានគ្រប់លក្ខខណ្ឌក្នុងការធ្វើជាម្ចាស់ផ្ទះ AFF Suzuki Cup 2020

កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ សហព័ន្ធកីឡាបាល់ទាត់អាស៊ាន(AFF) បានអញ្ជើញប្រទេសដែលបានដាក់សំណើ ក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួត AFF Suzuki Cup 2020 ដើម្បីផ្ដល់ព័ត៌មានពីព្រឹត្តិការណ៍ប្រកួតនេះ។

សម្រាប់ការរៀបចំព្រឹត្តិការណ៍នេះ AFF បានសម្រេចក្នុងការយកទឹកដីកណ្ដាលមួយដើម្បីឱ្យក្រុមជម្រើសជាតិដែលបានចូលរួម ប្រកួតប្រជែងនៅទីនោះ ហើយប្រទេសជាម្ចាស់ផ្ទះតម្រូវឱ្យគោរពតាមលក្ខខណ្ឌ៥យ៉ាងដែលបានកំណត់ជូនដូចជា៖

១. ទទួលបានការគាំទ្រ ការរៀបចំការប្រកួត ពីរដ្ឋាភិបាល

២. ការគ្រប់គ្រងសុវត្ថិភាព និង សុខមាលភាព

៣. ការគ្រប់គ្រងលើភាពគ្រោះថ្នាក់ ពាក់ព័ន្ធនឹងកូវីដ១៩

៤. ទីលានប្រកួត និងគ្រឿងបរិក្ខារ

៥. បទពិសោធន៍នៅក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួត ក្រោមស្ថានភាពកូវីដ១៩

ប្រទេសដែលឆ្លើយតបល្អបំផុតទៅនឹងលក្ខខណ្ឌខាងលើនេះ នឹងទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតជម្រើសជាតិតំបន់អាស៊ានមួយនេះ។ បច្ចុប្បន្នមានបេក្ខភាពដែលចូលរួម៥ប្រទេសរួមមាន កម្ពុជា ឡាវ សិង្ហបុរី ហ្វីលីពីន និងថៃ ប៉ុន្ដែមានតែពីរប្រទេសប៉ុណ្ណោះ ដែលមានគ្រប់លក្ខខណ្ឌទាំង៥ ដែលកំណត់ដោយ AFF សិង្ហបុរី និង ថៃ៕