AFF ប្រកាសឈ្មោះប្រទេសដែលនឹងធ្វើជាម្ចាស់ផ្ទះ AFF Suzuki Cup នៅចុងឆ្នាំនេះ

សហព័ន្ធកីឡាបាល់ទាត់អាស៊ាន ឬហៅកាត់ (AFF) បានរៀបចំកិច្ចប្រជុំមួយ ដើម្បីជ្រើសរើសប្រទេសធ្វើជាម្ចាស់ផ្ទះ ត្រៀមរៀបចំការប្រកួតពានរង្វាន់ “ AFF Suzuki Cup 2020” កាលពីថ្ងៃទី ២៨ ខែកញ្ញា ។

ជាក់ស្តែងជាមួយនឹងការជ្រើសនេះផងដែរ AFF បានកំណត់យកទឹកដីកណ្តាលមួយ ខណ:បច្ចុប្បន្នមានបេក្ខភាព ដែលចូលរួម៥ប្រទេស ដូចជា កម្ពុជា ឡាវ សិង្ហបុរី ហ្វីលីពីន និងថៃ ប៉ុន្ដែមានតែពីរប្រទេសប៉ុណ្ណោះ ដែលមានគ្រប់លក្ខខណ្ឌទាំង៥ ដែលកំណត់ដោយ AFF គឺ សិង្ហបុរី និង ថៃ ។

ហើយ នៅមុននេះបន្តិច ពួកគេបានធ្វើការសម្រេចហើយ ដោយបានជ្រើសយកប្រទេសសឹង្ហបុរី ជាម្ចាស់ផ្ទះ សម្រាប់ការប្រកួតពានរង្វាន់ AFF Suzuki Cup ឆ្នាំ 2020 ដែលលើកមកធ្វើ នៅចុងឆ្នាំ ២០២១ នេះ ។

AFF បានបញ្ជាក់ទៀតថា ការសម្រេចជ្រើសរើសយកប្រទេសសិង្ហបុរីធ្វើជាម្ចាស់ផ្ទះ ដោយសារតែពួកគេមានគ្រប់លក្ខខណ្ឌស្តង់ដារទាំង ៥ ដូចខាងក្រោម ៖

១. ទទួលបានការគាំទ្រ ការរៀបចំការប្រកួត ពីរដ្ឋាភិបាល

២. ការគ្រប់គ្រងសុវត្ថិភាព និង សុខមាលភាព

៣. ការគ្រប់គ្រងលើភាពគ្រោះថ្នាក់ ពាក់ព័ន្ធនឹងកូវីដ១៩

៤. ទីលានប្រកួត និងគ្រឿងបរិក្ខារ

៥. បទពិសោធន៍នៅក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួត ក្រោមស្ថានភាពកូវីដ១៩

សូមបញ្ជាក់ផងដែរថាការប្រកួតពានរង្វាន់ដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍មួយនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៥ ខែធ្នូឆ្នាំ ២០២១ ដល់ថ្ងៃទី ១ ខែមករាឆ្នាំ ២០២២ ៕

អានអត្ថបទបន្ទាប់៖ កម្លាំងស្នូលពីររូបរបស់ Barcelona ត្រលប់មកហ្វឹកហាត់វិញ មុនការប្រកួតសំខាន់នៅ UCL

បន្ទាប់ពីទទួលបានជ័យជម្នះដ៏រីករាយកាលពីថ្ងៃអាទិត្យ ពេលនេះ Barcelona មានដំណឹងល្អមួយទៀតហើយគឺ Jordi Alba និង Pedri បានត្រលប់មកហ្វឹកហាត់ជាមួយមិត្តរួមក្រុមដទៃទៀត។

មុនការប្រកួត UEFA Champions League នៅយប់ថ្ងៃពុធទល់នឹង Benfica លោក Ronald Koeman នឹងរង់ចាំស្វាគមន៍ កីឡាករសំខាន់របស់ក្រុមពីររូប ប៉ុន្ដែពុំទាន់ដឹងថា ពួកគេនឹងទទួលបានឱកាសចូលលេងបានប៉ុន្មាននាទីឡើយ។

បន្ទាប់ពីទទួលបរាជ័យមិនអាចតដៃរួច ក្រោមថ្វីជើងរបស់ Bayern Munich ក្នុងថ្ងៃប្រកួតបើកឆាក នៃវគ្គចែកពូល UEFA Champions League ការទទួលបានជ័យជម្នះកាលពីចុងសប្ដាហ៍នេះ គឺជាកម្លាំងចិត្តសម្រាប់ក្រុមលោក Koeman ក្នុងការប្រជែងយក៣ពិន្ទុពី Benfica។

ទោះបីជា Alba និង Pedri អាចត្រលប់មកហ្វឹកហាត់វិញបានមែន ប៉ុន្ដែ Barca នៅអវត្តមានកីឡាករសំខាន់ៗច្រើនរូបជាពិសេសនៅតំបន់ប្រយុទ្ធដូចជា៖ Ousmane Dembele, Martin Braithwaite, Kun Aguero និងកីឡាករវ័យក្មេង Alejandro Balde៕

ប្រភព៖ Marca