គ្រូធំវៀតណាម បញ្ជូនយុវជនពីររូបទៅឈុត U22 វិញ ក្រោយបង្កកំហុសចាញ់ចិននៅវគ្គជម្រុះ World Cup

គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមលោក Park Hang-seo បានសម្រេចចិត្តបញ្ជូន ខ្សែការពារវ័យក្មេង Nguyen Thanh Binh ទៅក្រុម U22 វិញ បន្ទាប់ពីបង្កកំហុសធ្វើឱ្យបរាជ័យទល់នឹងក្រុមជម្រើសជាតិចិន។

Thanh Binh វ័យ២០ឆ្នាំ ជាសមាជិកក្មេងជាងគេ ក្នុងក្រុមធំជម្រើសជាតិវៀតណាម។ គេត្រូវបានប្ដូរចូលជំនួសរៀមច្បង Bui Tien Dung នៅនាទីទី៧២ ប៉ុន្ដែគេបានបង្កកំហុសបីលើក ដែលធ្វើឱ្យខ្សែប្រយុទ្ធ Wu Lei រកគ្រាប់បាល់បាន២គ្រាប់ សម្រាប់ចិន ដែលធ្វើឱ្យពួកគេយកឈ្នះវៀតណាម ៣-២ កាលពីថ្ងៃសុក្រ។

បន្ទាប់ពីចប់ការប្រកួត លោក Park បាននិយាយការពារ Thanh Binh ហើយរ៉ាប់រងទំនួលខុសត្រូវសម្រាប់ការបរាជ័យនេះ។

ទោះយ៉ាងណាក្ដី លោកបានសម្រេចចិត្តផ្លាស់ ខ្សែការពារវ័យក្មេងរូបនេះទៅក្រុម U22 វិញ ជាមួយខ្សែបម្រើ Le Van Xuan។

បច្ចុប្បន្នក្រុមវៀតណាម ឈរនៅបាតតារាងនៃពូល B ក្រោយបរាជ័យ៣ប្រកួតជាប់គ្នា ដោយលទ្ធផល ១-៣ ទល់នឹងអារ៉ាប៊ី សាអូឌីត ០-១ ក្រោមថ្វីជើងអូស្រ្ដាលី និង ២-៣ ដោយចាញ់ចិន។ ពួកគេនឹងជួបអូម៉ង់ នាថ្ងៃទី១២ ខែតុលាខាងមុខនេះ៕

ប្រភព៖ VN Express

អានអត្ថបទបន្ទាប់៖ Honda និយាយពីចំណុចខ្វះខាតរបស់កម្ពុជា ទោះឈ្នះកោះហ្គាំនៅជើងទី១ វគ្គ playoff AFC Asian Cup

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ទទួលបានជ័យជម្នះក្នុងការប្រកួតវគ្គជម្រុះ playoff ពានរង្វាន់ AFC Asian Cup ជើងទី១ ដោយលទ្ធផល ០-១ លើកោះហ្គាំ កាលពីរាត្រីថ្ងៃសៅរ៍កន្លងទៅ ខណៈអ្នកចាត់ការទូទៅលោក Keisuke Honda មើលឃើញថា ការលេងរបស់ក្រុម មិនសូវល្អដូចពេលប៉ះក្រុមខ្លាំងៗកន្លងមក។

ដ្បិតកម្ពុជា ឈ្នះការប្រកួតនេះមែន ប៉ុន្ដែលោក Honda មើលឃើញនូវចំណុចខ្វះខាត ដែលក្រុមរបស់លោក ត្រូវបំពេញបន្ថែមនោះគឺ ការប្រើប្រាស់តាក់តិចក្នុងការប្រកួត។

អ្នកចាត់ការទូទៅរបស់ក្រុមគោព្រៃកម្ពុជា បាននិយាយថា៖ “ខ្ញុំគួរតែសប្បាយចិត្តព្រោះយើងឈ្នះ តែខ្ញុំបែរជាខកចិត្តទៅវិញ ព្រោះទម្រង់លេងយើងគឺ មិនល្អដូចពេលយើងលេងជាមួយក្រុមខ្លាំងៗ ទោះពេលនោះយើងចាញ់មែន តែខ្ញុំសប្បាយចិត្តជាង ព្រោះយើងមានទម្រង់លេងប្រសើរជាងនេះ”។

“យើងយើងរីករាយជាមួយលទ្ធផលនេះ ជាមួយទម្រង់លេងបែបនេះ តើពេលណាទើបយើងអាចលេងឈ្នះក្រុមខ្លាំងៗក្នុងតំបន់ដូចវៀតណាម ឬថៃបាននោះ”។

“ការអភិវឌ្ឍកាយសម្បទា និងបច្ចេកទេស ជាចំណុចដែលកីឡាករភាគច្រើនផ្ដោតលើ ក៏ដូចគ្នាយើងត្រូវពង្រឹងផ្នែកទាំងនោះ ប៉ុន្ដែអ្វីដែលពិសេសជាងនេះនោះ យើងត្រូវយល់ដឹងពីការប្រើប្រាស់តាក់តិច ដែលជាកត្តាធ្វើឱ្យក្រុមយើងអាចប្រកួតប្រជែងជាមួយក្រុមខ្លាំងបាន”៕

​ប្រភព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា