ក្រុមពីរនៅអាស៊ីអាគ្នេយ៍ ដឹកដៃគ្នាឆ្លងផុតវគ្គជម្រុះ AFC U23 Asian Cup

ក្រុមបាល់ទាត់ជម្រើសជាតិក្រោមអាយុ២៣ឆ្នាំ ម៉ាឡេស៊ី និងថៃ បានធានាកៅអីទៅកាន់ជុំចុងក្រោយនៃព្រឹត្តិការណ៍ AFC U23 Asian Cup 2022 កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ខណៈក្រុមគោព្រៃកម្ពុជាធ្លាក់ត្រឹមវគ្គជម្រុះ។

ក្រុម U23 របស់ម៉ាឡេស៊ីបានឆ្លងផុតវគ្គជម្រុះចែកពូល ក្នុងនាមជាក្រុមកំពូលតារាងក្រោយទទួលបាន៧ពិន្ទុពីការលេង៣ប្រកួត។ ក្នុងជំនួបបើកឆាកទល់នឹងឡាវ ពួកគេបានយកឈ្នះ ១-០ បន្ទាប់មកឈ្នះម៉ុងហ្គោល ០-១ ហើយស្មើថៃ ០-០។

សម្រាប់ក្រុម U23 របស់ថៃវិញមុនពេលស្មើជាមួយម៉ាឡេស៊ី ពួកគេស្មើជាមួយម៉ុងហ្គោល ១-១ ហើយឈ្នះឡាវ ០-៣។ ពួកគេទទួលបានកៅអីទៅជុំចុងក្រោយ បន្ទាប់ពីស្ថិតនៅក្នុងចំណាត់ថ្នាក់ក្រុមលេខ២ល្អបំផុត បន្ទាប់ពីឡាវរួចផុតពីបាតតារាងក្រោយយកឈ្នះម៉ុងហ្គោល ៣-២។

សម្រាប់រូបមន្ដនៃការស្វែងរកក្រុមលេខ២ល្អបំផុតនោះគឺសម្រាប់ពូលដែលមាន៤ក្រុម ដើម្បីអាចធៀបជាមួយពូលដែលមាន៣ក្រុមបាន គេដកពិន្ទុដែលក្រុមលេខ២នៃពូលដែលមាន៤ក្រុមនោះទទួលបានក្នុងការប្រកួតទល់នឹងក្រុមបាតតារាងនៃពូលរបស់ខ្លួន៕

អានអត្ថបទបន្ទាប់៖ Juventus កំណត់គោលដៅកីឡាករពីររូប ត្រៀមយកមកពង្រឹងក្រុមនៅខែមករាខាងមុខ

Juventus បានចាប់ផ្ដើមរដូវកាលនៅ Serie A ជាមួយនឹងលទ្ធផលដ៏លំបាកលំបិនបំផុត ជាពិសេសពួកគេបានបរាជ័យ២ប្រកួតចុងក្រោយនៅក្នុងលីគ ដែលតម្រូវឱ្យមានការកែទម្រង់កីឡាករនៅក្នុងក្រុមជាចាំបាច់។

អនុប្រធានក្លិបសេះបង្កង់លោក Pavel Nedved បានសារភាពថា ក្លិបកំពុងព្យាយាមរំពៃមើលកីឡាករដែលអាចមកជួយពង្រឹងក្រុម ជាពិសេសនៅក្នុងតំណែង ប្រយុទ្ធកណ្ដាល និងតំណែងខ្សែបម្រើ។

តាមការរាយការណ៍ពីសារព័ត៌មាន La Gazzetta dello Sport បានឱ្យដឹងថាកីឡាករទាំងពីររូបដែល Juventus ត្រូវការអាចជាខ្សែប្រយុទ្ធ Dusan Vlahovic និងខ្សែបម្រើ Axel Witsel។ កីឡាករទាំងពីររូបនេះធ្លាប់ជាគោលដៅរបស់ Juventus ហើយការចរចាផ្ទេរ អាចនឹងកើតមានឡើងនៅខែមករាខាងមុខនេះ។

វាអាចជារឿងពិបាក ក្នុងការចុះហត្ថលេខាខ្សែប្រយុទ្ធដែលកំពុងឡើងជើងនៅ Fiorentina ស្របពេលក្លិបអ្នកមានអង់គ្លេស Manchester City ក៏ចង់បានគេមកពង្រឹងតំបន់ប្រយុទ្ធដែរ។

ទោះយ៉ាងណាក្ដី មិនយូរមិនឆាប់ Fiorentina អាចនឹងបង្ខំចិត្តលក់ Vlahovic នៅក្នុងតម្លៃសមរម្យណាមួយ បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះ បានបដិសេធបន្ដកិច្ចសន្យាថ្មីជាមួយពួកគេ។

ប្រភពដដែលក៏បានអះអាងដែរថា ខ្សែបម្រើបែលហ្ស៊ិក Witsel ដែលបច្ចុប្បន្នវ័យ៣២ឆ្នាំទៅហើយនោះ ទោះបីជាមិនស្ថិតនៅកម្រិតល្អបំផុតរបស់ខ្លួន ក៏ពិតមែនប៉ុន្ដែ Juventus អាចមានឱកាសនាំយករូបគេចូលក្រុមបានងាយស្រួលជាង Aurelien Tchouameni របស់ Monaco ដែលមានក្លិបធំៗជាច្រើនកំពុងចាប់អារម្មណ៍៕

ប្រភព៖ Juve FC