PSG តបនឹងចចាមអារ៉ាម ដែលថាក្លិបត្រៀមបញ្ចប់កុងត្រាជាមួយ Ramos

ក្លិប Paris Saint-Germain បានប្រកាសច្រានចោលនូវចចាមអារ៉ាមដ៏ក្ដៅគគុក ដែលបានចុះផ្សាយថាក្លិប កំពុងពិចារណាក្នុងការបញ្ចប់កិច្ចសន្យាជាមួយខ្សែការពារឆ្នើម Sergio Ramos។

Ramos មិនទាន់បានបង្ហាញវត្តមាននៅលើទីលានប្រកួតនៅឡើយទេ ចាប់តាំងពីផ្ទេរមកកាន់ទឹកដី Parc des Princes ក្រោយចប់កុងត្រាជាមួយ Real Madrid។

បើគិតមកទល់នឹងពេលនេះ ខ្សែការពារកណ្ដាលជនជាតិអេស្ប៉ាញ មិនទាន់អាចចូលលេងនៅក្នុងការប្រកួតនៅឡើយទេ ដោយសារបញ្ហារបួស ដែលធ្វើឱ្យសារព័ត៌មាននៅអេស្ប៉ាញបានចុះផ្សាយពីបញ្ហាពាក់ព័ន្ធនឹងអនាគតរបស់ Ramos ហើយកាលពីថ្ងៃចន្ទនេះ Le Parisien ចុះផ្សាយថា ក្លិប PSG អាចនឹងស្វែងរកការព្រមព្រៀងជាមួយ Ramos ដើម្បីបញ្ចប់កុងត្រាមុនកាលកំណត់។

ប៉ុន្ដែនាយកប្រតិបត្តិលោក Leonardo បានបដិសេធចំពោះអ្វីដែលបានចុះផ្សាយនេះដោយលោកនិយាយថា៖ “យើងដឹងថា Ramos មានបញ្ហារបួស។ សារព័ត៌មានអេស្ប៉ាញកំពុងលេងហ្គេម យើងដឹងដែរថាគេមានបញ្ហា។ យើងដឹងអ្វីដែលកំពុងកើតឡើងនៅទីនេះ”៕

ប្រភព៖ Football Espana