លោក Simeone និយាយអ្វីខ្លះ ក្រោយ Atletico ចាញ់ Dortmund ៤-០?

លោក Diego Simeone បានសារភាពថា ការលេងរបស់ក្រុម Borussia Dortmund ពិតជាល្អ សំរាប់ការទស្សនា ប៉ុន្ដែការបរាជ័យ ៤-០ របស់ Atletico Madrid ហាក់លឿនពេកសំរាប់ការប្រកួតរដូវកាលនេះ។

លោក Simeone បាននិយាយក្រោយចប់ការប្រកួតថា៖ “អបអរសាទរ ដល់គូប្រកួតរបស់យើងសំរាប់ ភាពខ្លាំង ការសំរុក និង លទ្ធភាពដែលអាចយកឈ្នះពួកយើង។ យើងបានគ្រប់គ្រងការប្រកួតនៅពេលដើមតង់ ប៉ុន្ដែពួកគេរកគ្រាប់បាល់បានមួយគ្រាប់។

“យើងចាប់ផ្ដើមតង់ទី២ បានល្អជាងពួកគេ ប៉ុន្ដែបន្ទាប់មក ពួកគេរកបានគ្រាប់បាល់ទី២។ យើងស៊ុតបុកបង្គោលទី២លើក ហើយក្រោយមកពួកគេរកបានគ្រាប់ទី៣ បើយើងគិតអោយល្អិតល្អន់ទៅ អ្វីដែលកើតឡើងសំរាប់ Dortmund អាចកើតឡើងមកលើយើងដូចគ្នា។

“ខ្ញុំចូលចិត្តការលេងរបស់ពួកគេ។ ពួកគេមានការប៉ិនប្រសប់ ស្វាហាប់ និង យល់ពីការគ្រប់គ្រងបាល់ និង រក្សាបាល់មិនអោយអត់ប្រយោជន៍នោះទេ។ នៅពេលដែលពួកគេបន្ដលេងបែបនេះ វាពិតជាគួរអោយចង់ទស្សនាណាស់។ យើងអាចនិយាយពីលទ្ធផលដែលបង្ហាញចុងក្រោយសំរាប់ការប្រកួត ប៉ុន្ដែលទ្ធផលហាក់ធ្ងន់ធ្ងរពេក ដែលធ្វើអោយពិបាកក្នុងការពន្យល់ណាស់។”

ប្រភព៖ Football Italia