កីឡាករប្រកបអាជីពនៅក្លិបអឺរ៉ុប ដែលនឹងជួយជម្រើសជាតិនៅ AFF Suzuki Cup 2020

ការប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ AFF Suzuki Cup នឹងចាប់ផ្ដើមនាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១នេះហើយ ខណៈដែលក្រុមជម្រើសជាតិនៅតំបន់អាស៊ីអាគ្នេយ៍បានកោះហៅកីឡាករ ដែលកំពុងប្រកបអាជីពនៅអឺរ៉ុបមកជួយក្រុមសម្រាប់ការប្រកួតនេះ។

ក្រុមជម្រើសជាតិថៃ មានកីឡាករ៣រូបដែលលេងនៅអឺរ៉ុបមានដូចជា អ្នកចាំទី Kawin Thamstchanan, ខ្សែការពារ Jonatham Khemdee និងខ្សែបម្រើ Thanawat Seungchitthawon។

Thamsatchanan កំពុងលេងឱ្យក្លិបបែលហ្ស៊ិក OH leuven ខណៈ Khemdee បានចុះហត្ថលេខាចូលរួមក្លិបដាណឺម៉ាក Odense Boldkub ហើយ Seungchtthawon កំពុងព្យាយាមបង្ហាញសមត្ថភាពដើម្បីអាចមានឱកាសទទួលបាននាទីលេងនៅ Premier League សម្រាប់ក្លិប Leicester City។

នៅហ្វីលីពីនមានកីឡាករ Jesper Nyholm, ដែលកំពុងលេងនៅស៊ុយអែត។ Nyholm មានសិទ្ធិក្នុងការលេងឱ្យទាំងក្រុមជម្រើសជាតិស៊ុយអែត និងហ្វីលីពីន ប៉ុន្ដែគេបានសម្រេចចិត្តលេងឱ្យហ្វីលីពីនកាលពីដើមឆ្នាំនេះ។ ខ្សែប្រយុទ្ធ Angel Guirado ក៏ជាកីឡាករសំខាន់មួយរូប ដែលកំពុងប្រកបអាជីពនៅក្លិបអេស្ប៉ាញ និង ហ្គីប្រាល់តា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ឥណ្ឌូណេស៊ី ផ្ញើក្ដីសង្ឃឹមលើ កីឡាករខ្សែការពារវ័យក្មេង Elgan Bagot ដែលកំពុងលេងនៅក្លិបអង់គ្លេស Ipswich Town។ Bagot ទទួលបានការចាប់អារម្មណ៍ពីក្លិបធំៗដូចជា Manchester United, Everton និង West Ham United ក្នុងឆ្នាំនេះ ប៉ុន្ដែគេបានសម្រេចបន្ដកិច្ចសន្យាជាមួយក្លិប Ipswich។ កីឡាករវ័យក្មេងដែលមានទេពកោសល្យម្នាក់ទៀតគឺខ្សែបម្រើ Witan Sulaeman, ដែលកំពុងលេងនៅប៉ូឡូញសម្រាប់ក្លិប Gdansk។

ម៉ាឡេស៊ីបានកោះហៅខ្សែការពារស្លាបស្ដាំ Dion Cools ដែលកំពុងលេងនៅក្លិបធំរបស់ដាណឺម៉ាក Midtjylland។ កាលពីឆ្នាំមុន Cools បានចូលរួមលេង៣ប្រកួតនៅ UEFA Champions League។ មុនពេលសម្រេចចិត្តចូលរួមក្រុមជម្រើសជាតិម៉ាឡេស៊ី កន្លងមក Cools ធ្លាប់លេងនៅក្រុម U18, U19 និង U21 ក្នុងក្រុមជម្រើសជាតិបែលហ្ស៊ិក។ នៅតំបន់ប្រយុទ្ធរបស់ម៉ាឡេស៊ី បានកោះហៅកីឡាករឆ្នើមវ័យក្មេងម្នាក់ទៀតគឺ Luqman Hakim ដែលកំពុងលេងឱ្យក្រុម Kortrijk នៅបែលហ្ស៊ិកដែរ។

ដោយឡែក សិង្ហបុរីដែលជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ បានកោះហៅខ្សែប្រយុទ្ធវ័យ២២ឆ្នាំ Ikhsan Fandi ដែលលេងក្នុងជម្រើស១១នាក់ទៀងទាត់នៅក្លិបន័រវែស KF Jerv។

ឡាវមានខ្សែប្រយុទ្ធ Billy Ketkeophomphone ដែលមានបទពិសោធន៍ច្រើនឆ្នាំនៅបារាំង។ បច្ចុប្បន្នគេកំពុងលេងនៅក្លិបបារាំង Dunkerque។

សម្រាប់ក្រុមជម្រើសជាតិវៀតណាមដែលជាក្រុមការពារជើងឯក ធ្លាប់មានកីឡាករ Doan Van Hau ដែលបានចូលរួមក្លិប Heerenveen ក្នុងឆ្នាំ២០១៩ ប៉ុន្ដែគេបានត្រលប់មកវិញនៅឆ្នាំបន្ទាប់ ក្រោយមិនទទួលបានជោគជ័យនៅទីនោះ។ Hau មិនទទួលបានការកោះហៅចូលក្រុមវៀតណាមសម្រាប់ព្រឹត្តិការណ៍ AFF Suzuki Cup នោះទេដោយសារគេមានបញ្ហារបួស៕

អានអត្ថបទបន្ទាប់៖ ចំណុចដែល​ Rangnick ចង់ពង្រឹងឱ្យបានល្អពេលដឹកនាំ Man Utd

អ្នកចាត់ការស្ដីទីថ្មីរបស់ Manchester United លោក Ralf Rangnick ចង់កែប្រែតំបន់ការពាររបស់ក្រុមឱ្យវិលទៅរកភាពនឹងនរ បន្ទាប់ពីមានចំណុចខ្វះខាតច្រើននាពេលបច្ចុប្បន្ននេះ។

នៅក្នុងសន្និសីទសារព័ត៌មានលើកដំបូង ក្រោយកាន់តំណែងនៅក្លិបបិសាចក្រហម លោក Rangnick និយាយពីការលេងរបស់ Man Utd ក្នុងការប្រកួតជ័យជម្នះ ៣-២ លើ Arsenal កាលពីថ្ងៃព្រស្បតិ៍។

លោកបាននិយាយថា៖ “ពិតប្រាកដណាស់ ក្រុមនេះមានកីឡាករក្មេងៗ មានទេពកោសល្យ និងកីឡាករមានបទពិសោធន៍ច្រើនរូប។ គោលដៅធំបំផុតសម្រាប់ខ្ញុំគឺនាំយកតុល្យភាពមកកាន់ក្រុម។ ទោះបីជាកាលពីម្សិលមិញ យើងរបូត២គ្រាប់ ហើយត្រូវការបីគ្រាប់ដើម្បីឈ្នះ។ យើងរបូតគ្រាប់បាល់ជាមធ្យមពីរគ្រាប់ក្នុងមួយប្រកួត ហើយនេះគឺច្រើនពេកហើយ”។

“ខ្ញុំចង់នាំយកតុល្យភាពឱ្យបានច្រើន និងការគ្រប់គ្រងបាល់បានច្រើន។ ក្នុងការប្រកួតម្សិលមិញ សម្រាប់ខ្ញុំដែលជាអនាគតគ្រូបង្វឹក ពួកគេមិនលេងនៅក្នុងការប្រកួតដែលអ្នកត្រូវការទេ។ យើងនឹងព្យាយាមនាំយកកីឡាករលេចធ្លោ និងមានទេពកោសល្យទាំងនេះ ចេញពីគោលដៅរបស់គេ”៕

ប្រភព៖ talkSPORT