គ្រូធំវៀតណាម​ បារម្ភរឿងមួយ មុនប្រកួត AFF Suzuki Cup ល្ងាចនេះ

គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម លោក Park Hang-seo បានសារភាពថា លោកមានក្ដីបារម្ភចំពោះសម្ពាធផ្លូវអារម្មណ៍នៅក្នុងក្រុមរបស់លោក មុនប្រកួត AFF Suzuki Cup នៅល្ងាចថ្ងៃចន្ទនេះ។

ក្រុមការពារតំណែងជើងឯកវៀតណាម នឹងត្រូវជួបតតាំងជាមួយឡាវ ក្នុងពូល B ដែលអាចជាការប្រកួតដ៏តានតឹងមួយ សម្រាប់ក្រុមរបស់លោក Park ដោយសារពួកគេរងបរាជ័យជាបន្ដបន្ទាប់ ក្នុងការប្រកួតវគ្គជម្រុះ World Cup កាលពីពេលកន្លងមក។

លោកបាននិយាយប្រាប់អ្នកសារព័ត៌មានថា៖ “ខ្ញុំរីករាយដែលបានជួបគ្រូបង្វឹកក្រុមពូល B។ យើងនឹងផ្តោតយកចិត្តទុកដាក់ ពីមួយប្រកួត ទៅមួយប្រកួត ដើម្បីទទួលបានលទ្ធផលល្អ។ វៀតណាមបានចាញ់៦ប្រកួតរួចទៅហើយ ក្នុងការប្រកួតជុំចុងក្រោយនៃវគ្គជម្រុះ World Cup។ បរាជ័យកាលពីថ្មីៗនេះ បានធ្វើឱ្យប៉ះពាល់ដល់ស្មារតីរបស់ក្រុម”។

“បរិយាកាសជុំវិញកីឡាករមិនសូវល្អនោះទេនៅខណៈនេះ។ លើសពីនេះទៅទៀត សម្ពាធគឺស្ថិតនៅលើយើង ចាប់តាំងពីយើងក្លាយជាក្រុមការពារតំណែងជើងឯក។ ខ្ញុំមិនអាចព្យាករណ៍លទ្ធផលចុងក្រោយនោះទេ។ យើងត្រូវតែប្រឹងប្រែងឱ្យអស់ពីសមត្ថភាព”៕

អានអត្ថបទបន្ទាប់៖ គ្រូបង្គោលជម្រើសជាតិកម្ពុជា​ បង្ហាញក្ដីរំពឹងមុនជួបម៉ាឡេស៊ីស្អែកនេះ

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវជួបប្រកួតតទល់ជាមួយ ម៉ាឡេស៊ីក្នុងការប្រកួតវគ្គចែកពូល AFF Suzuki Cup 2020 នាថ្ងៃចន្ទ ទី៦ ខែធ្នូ ខាងមុខនេះ បន្ទាប់ពីក្រុមទាំងពីរបានធ្វើដំណើរមកសិង្ហបុរី កាលពីថ្មីៗនេះ។

នៅក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតមកដល់ គ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា លោក Ryo Hirose បានបង្ហាញទំនុកចិត្តលើកីឡាករនៅក្នុងក្រុម ដោយរំពឹងថា នឹងទទួលបានលទ្ធផលល្អ ជាងកាលជួបគ្នា កាលពី៣ឆ្នាំមុន។

នៅក្នុងព្រឹត្តិការណ៍ AFF Suzuki Cup 2018 ក្រុមម៉ាឡេស៊ីទទួលបានជ័យជម្នះដោយលទ្ធផល ៤-១ ប៉ុន្ដែកន្លងទៅរយៈពេល៣ឆ្នាំ ក្រុមគោព្រៃកម្ពុជាមានការប្រែប្រួលច្រើន ជាពិសេសមានធនធានកីឡាករក្មេងៗមានសក្ដានុពលដែលស្រេកឃ្លានជ័យជម្នះ។

លោក Ryo Hirose បាននិយាយថា៖ “យើងបានមើលវីដេអូរបស់ម៉ាឡេស៊ី ហើយពួកគេជាក្រុមដែលខុសពី៣ឆ្នាំមុន។ យើងក៏មានការផ្លាស់ប្ដូរច្រើនណាស់ ហើយយើងបានត្រៀមខ្លួនទល់នឹងម៉ាឡេស៊ី”។

“យើងក៏បានយកកីឡាករជាច្រើនរូបពីក្រុម U23 ហើយខណៈដែលយើងមិនអាចនិយាយបានថា យើងនឹងធ្វើអ្វី(ទល់នឹងម៉ាឡេស៊ី)នោះទេ យើងនឹងចេញមក ដើម្បីឱ្យប្រាកដថាយើងធ្វើឱ្យបានល្អប្រសើរ”៕