Pep បញ្ជាក់ថា កូនក្រុមជំនិតម្នាក់ នឹងលេងក្នុងជម្រើសដំបូងនៅ UCL ក្រោយបាត់មុខពីទីលានមួយរយៈ

អ្នកចាត់ការ Pep Guardiola និយាយថា ខ្សែបម្រើ Kevin de Bruyne នឹងលេងក្នុងជម្រើស១១នាក់ដំបូង ក្នុងការប្រកួត UEFA Champions League របស់ Manchester City ក្នុងជំនួបទល់នឹង RB Leipzig។

De Bruyne ត្រូវបានប្ដូរចូលក្នុងការប្រកួតដែល Man City យកឈ្នះ Watford នៅ Premier League កាលពីចុងសប្ដាហ៍កន្លងទៅ ប៉ុន្ដែគេមិនទាន់បានជាប់ជម្រើសដំបូងនៅឡើយទេ ចាប់តាំងពីប្រកួតឈ្នះ Manchester United កាលពីដើមខែវិច្ឆិកាមក ក្រោយរកឃើញវិជ្ជមានកូវីដ១៩។

ទោះយ៉ាងណាក្ដីលោក Guardiola បាននិយាយថា៖ “Kevin មានភាពរីកចម្រើនចំពោះស្ថានភាពកាយសម្បទា ហើយបន្ទាប់មកគេប្រឈមការលំបាក។ អ្នកដែលឆ្លងវីរុសកូរ៉ូណា បន្ទាប់មកពួកគេនឹងមានអារម្មណ៍ទទេរនៅក្នុងខ្លួន។ បន្ដិចម្ដងៗ គេនឹងលេងបានច្រើននាទី។ ថ្ងៃស្អែកគេនឹងលេងពេលចាប់ផ្ដើមប្រកួត”។

អ្នកចាត់ការជនជាតិអេស្ប៉ាញបានបន្ដថា De Bruyne បានត្រលប់មកជួយក្រុមជម្រើសជាតិបែលហ្ស៊ិក ក្នុងព្រឹត្តិការណ៍ EURO 2020 ជាមួយនឹងស្ថានភាពសុខភាពមិនសូវល្អ ហើយក្រោយមកបានឆ្លងវីរុសកូរ៉ូណា។

ទោះយ៉ាងណាក្ដី លោករំពឹងថា ខ្សែបម្រើឆ្នើមរូបនេះ អាចប្រជែងតំណែងក្នុងជម្រើសដំបូងក្នុងក្រុម និងបង្ហាញសមត្ថភាពលើទីលានល្អដូចអ្វីដែលគេបានធ្វើកន្លងមក៕

ប្រភព៖ Sky Sports

អានអត្ថបទបន្ទាប់៖ ក្រុមជើងឯក និងជើងឯករងរដូវកាលចាស់ ទទួលបាន៣ពិន្ទុដូចគ្នានៅ AFF Suzuki Cup 2020

ក្រុមជើងឯក និងជើងឯករង AFF Suzuki Cup 2018 ទទួលបាន៣ពិន្ទុដូចគ្នា ក្នុងការប្រកួតបើកឆាកវគ្គចែកពូលក្នុងរដូវកាលថ្មី ដែលធ្វើនៅប្រទេសសិង្ហបុរី។ ម៉ាឡេស៊ីទទួលជ័យជម្នះលើកម្ពុជា ដោយលទ្ធផល ៣-១ ខណៈវៀតណាមឈ្នះឡាវ ២-០។

បន្ទាប់ពីចាប់ផ្ដើមការប្រកួតដោយការដាក់សម្ពាធលើគូប្រកួត ក្រុមគោព្រៃកម្ពុជា ត្រូវបានម៉ាឡេស៊ីនាំមុខនៅ២១នៅនាទីទី២១ ដោយបាល់ប៉េណាល់ទី ដោយខ្សែការពារកែន ចាន់សុភ័ក្រ បង្កកំហុសលើកីឡាករម៉ាឡេស៊ីក្នុងប្រអប់។

ក្រុមដែលមានលោក Keisuke Honda ជាអ្នកចាត់ការ បានរបូតពីរគ្រាប់បន្ថែមទៀតនៅក្នុងតង់ទី២ ប៉ុន្ដែត្រូវបានកម្ពុជាតាមបានមួយគ្រាប់វិញដោយ ការស៊ុតប៉េណាល់ទីរបស់កីឡាករ សេត រ៉ស៊ីប។

ដោយឡែកក្រុមវៀតណាម ធ្វើបានយ៉ាងល្អក្នុងការប្រកួត នាមជាក្រុមការពារជើងឯក ដោយរកគ្រាប់បាល់បានមួយគ្រាប់ ក្នុងតង់នីមួយៗ នៅនាទីទី២៦ និង ៥២។

បច្ចុប្បន្ន ម៉ាឡេស៊ីឈរនៅកំពូលតារាងបណ្ដោះអាសន្នមាន៣ពិន្ទុស្មើជាមួយក្រុមលេខ២វៀតណាម ខណៈឡាវ និងកម្ពុជាមាន០ពិន្ទុ ដូចគ្នាស្ថិតនៅបាតតារាង៕