ទើបលេងបានមួយប្រកួត គ្រូធំជម្រើសជាតិឡាវ មើលឃើញក្រុមដែលសង្ឃឹមខ្ពស់ឈ្នះពាន AFF Cup 2020

គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិឡាវ លោក Vengadasalam Selvaraj បានសារភាពថា ក្រុមវៀតណាមបានគ្រប់គ្រងការប្រកួតទាំងស្រុង ក្នុងជំនួបដែលក្រុមរបស់លោកបរាជ័យ ២-០ ក្នុងវគ្គចែកពូល AFF Cup កាលពីយប់ថ្ងៃចន្ទ។

លោក Selvaraj បាននិយាយក្នុងសន្និសីទសារព័ត៌មានថា៖ “វៀតណាមមិនបានលេង១០០ភាគរយក្នុងការប្រកួតទេ។ ពួកគេបានទុកជើងកីឡាករសំខាន់ៗយ៉ាងហោចណាស់៥រូបនៅកៅអីបម្រុង។ កីឡាកររបស់ឡាវ បានព្យាយាមប៉ុន្ដែ វៀតណាមមានជំនាញ និងបទពិសោធន៍ច្រើនជាង”។

ក្រុមវៀតណាមបានគ្រប់គ្រងការប្រកួត៧៧ភាគរយ ក្នុងការប្រកួតនោះ ដោយមានឱកាសស៊ុត២៣លើក និងចំគោលដៅ៦លើក និងរកបានពីរគ្រាប់ដោយកីឡាករ Nguyen Cong Phuong និង Phan Van Duc។

គ្រូបង្វឹករបស់ក្រុមជម្រើសជាតិឡាវបានបន្ថែមទៀតថា៖ “គុណភាពនៃការបញ្ជូនបាល់របស់ពួកគេពិតជាល្អណាស់ ជាមួយនឹងការបញ្ជូនបាល់បានប្រសើរនៅស្លាបទាំងសងខាង។ ពួកគេពិតជាខ្លាំង ហើយជាបេក្ខភាពឈ្នះពាននៅក្នុងឆ្នាំនេះ”៕

អានអត្ថបទបន្ទាប់៖ Xavi និយាយយ៉ាងជឿជាក់បែបនេះ មុនដឹកនាំ Barcelona តតាំងជាមួយ Bayern នៅ UCL

អ្នកចាត់ការ Barcelona លោក Xavi Hernandez ដឹងថា ដើម្បីអាចឱ្យក្រុមរបស់លោក មានឱកាសឆ្លងផុតវគ្គចែកពូល UEFA Champions League ពួកគេត្រូវយកជ័យជម្នះឱ្យបាន នៅក្នុងការប្រកួតទល់នឹង Bayern Munich ប៉ុន្ដែលោកមិនត្រូវការអព្ភូតហេតុដើម្បីអាចយកបាន៣ពិន្ទុនោះទេ។

ក្រុមអ្នកមានបុណ្យត្រូវឆ្លងកាត់ការងារដ៏លំបាកមួយ ខណៈដែលក្រុមយក្សអាល្លឺម៉ង់ Bayern Munich មិនទាន់ស្គាល់បរាជ័យ ឬស្មើនៅឡើយទេ ក្នុងការប្រកួតពានអឺរ៉ុបរដូវកាលនេះ ប៉ុន្ដែ លោក Xavi ជឿថាក្រុមរបស់លោកអាចយកឈ្នះក្រុមដែលប្រកួតតទល់ជាមួយពួកគេ។

នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតមកដល់ Xavi បាននិយាយថា៖ “វាស្ថិតនៅក្នុងកណ្ដាប់ដៃរបស់យើង ហើយនឹងផ្ដល់ឱ្យនូវអ្វីគ្រប់យ៉ាងដែលយើងមាន។ បន្ទាប់ពីការប្រកួតនេះ យើងនឹងបានឃើញ”។

“ខ្ញុំមើលមិនឃើញពីអព្ភូតហេតុនោះទេ។ វាជាការលេងមួយប្រកួត ហើយយើងអាចយកឈ្នះគូប្រកួតណាមួយបាន”។

នៅក្នុងពូល E ជាមួយគ្នានេះ Benfica នឹងទទួលក្រុមភ្ញៀវ Dynamo Kyiv ក្នុងការប្រកួតនៅពេលដំណាលគ្នា។ ប្រសិនបើ Benfica មិនអាចយកជ័យជម្នះបាន នោះប្រាកដណាស់ Barcelona នឹងធានាឆ្លងផុតវគ្គចែកពូល ដោយមិនខ្វល់ពីលទ្ធផលក្នុងការប្រកួតនៅអាល្លឺម៉ង់ឡើយ ទោះយ៉ាងណាក្ដី លោក Xavi ចង់ផ្តោតទៅលើការប្រកួតរបស់ក្រុមលោកជាង”៕

ប្រភព៖ Marca