ពត៌មានថ្មីៗ

គ្រូធំជម្រើសជាតិថៃ សរសើរកូនក្រុមត្រង់ចំណុចមួយនេះ ក្រោយទម្លាក់វៀតណាមយប់មិញ

ក្រុមបាល់ទាត់ជម្រើសជាតិថៃ បានឈានដល់វគ្គផ្ដាច់ព្រ័ត្រ AFF Suzuki Cup ជាលើកទី៩ បន្ទាប់ពីទម្លាក់ក្រុមការពារជើងឯកវៀតណាមដោយលទ្ធផលសរុបទាំងពីរជើង ២-០។ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពួកគេ ទទួលជ័យជម្នះ ២-០ ក្នុងជំនួបជើងទី១ ហើយស្មើ ០-០ ក្នុងការប្រកួតជើងទី២។

គ្រូបង្គោលក្រុមជម្រើសជាតិថៃលោក Alexandre Polking បានបង្ហាញអារម្មណ៍រំភើបដែលបានដឹកនាំក្រុមឆ្លងដល់វគ្គផ្ដាច់ព្រ័ត្រ ហើយលោកបានកោតសរសើរត្រង់ចំណុចមួយ ដែលក្រុមរបស់លោកអាចធ្វើបានដើម្បីទម្លាក់ក្រុមការពារជើងឯកវៀតណាម។

គ្រូបង្គោលជនជាតិអាល្លឺម៉ង់រូបនេះបាននិយាយថា៖ “ខ្ញុំមិនដែលគិតថា ខ្ញុំគួរតែនិយាយពាក្យនេះទេ ប៉ុន្ដែយប់នេះក្រុមថៃលេងការពារបានយ៉ាងជំនាញ។ ខ្ញុំពិតជាមានមោទកភាពដ៏អស្ចារ្យសម្រាប់កីឡាករ ដោយពួកគេបំពេញតួនាទីការពារបានយ៉ាងល្អ”។

“យើងបង្ហាញថា យើងគឺមិនត្រឹមតែជាក្រុមដែលលេងប្រយុទ្ធនោះទេ ប៉ុន្ដែយើងក៏លេងការពារបានល្អផងដែរ។ យើងដឹងថាវៀតណាមផ្លាស់ប្ដូរដោយមានជម្រើសប្រយុទ្ធច្រើន”។

សូមបញ្ជាក់ថា នេះជាលើកទី៩ហើយ ដែលថៃបានឈានមកកាន់វគ្គផ្ដាច់ព្រ័ត្រ AFF Championship ដោយពួកគេកន្លងមកធ្លាប់គ្រងតំណែងជើងឯកបាន៥លើករួចមកហើយ។

ក្រុមដំរីសឹក នឹងត្រូវជួបតតាំងជាមួយឥណ្ឌូណេស៊ីដែលបានយកឈ្នះសិង្ហបុរីក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយនេះជាការឡើងមកកាន់វគ្គផ្ដាច់ព្រ័ត្រលើកទី៦ហើយសម្រាប់ឥណ្ឌូណេស៊ី៕

អានអត្ថបទបន្ទាប់៖ យុវជនលេចធ្លោម្នាក់លើកមូលហេតុ ដែលធីបចោល Real & Atletico ហើយជ្រើសយក Barcelona

Gavi បានក្លាយជាកីឡាករសំខាន់ម្នាក់ក្នុងក្រុមធំរបស់ Barcelona ទោះបីជាគេទើបមានវ័យត្រឹមតែ១៧ឆ្នាំក្ដី។ ខ្សែបម្រើដ៏មានទេពកោសល្យរូបនេះ កំពុងពេញសក្ដានុពល ក្រោយប្រលូកការប្រកួតលើទីលានក្នុងរដូវកាលនេះ ជាមួយ Barca ដោយមានការរំពឹងថានឹងអាចជួយក្រុមឱ្យកាន់តែប្រសើរឡើងនៅច្រើនឆ្នាំខាងមុខ។

ទោះយ៉ាងណាក្ដី ខ្សែបម្រើវ័យក្មេងរូបនេះ ធ្លាប់មានឱកាសជ្រើសរើសក្លិបធំពីរផ្សេងទៀតគឺ Real Madrid និង Atletico Madrid កាលគេលេងនៅក្នុងក្រុមថ្នាលរបស់ក្លិប Liara Balompié។

អតីតគ្រូបង្វឹករបស់គេគឺលោក Manuel Vasco បានអះអាងថា Gavi ចង់ចូលរួមតែជាមួយ Barcelona ប៉ុណ្ណោះ។

លោក Vasco បានថ្លែងប្រាប់សារព័ត៌មាន SPORT ថា៖ “ខ្ញុំដឹងថា Real Madrid និង Atletico ចង់បានគេ, ប៉ុន្ដែនៅពេលដែល គេទៅ Barcelona គេបានប្រាប់ឪពុករបស់គេថា៖ «ប៉ា, កីឡាករល្អបំផុតគឺនៅទីនេះ ហើយខ្ញុំចង់លេងនៅទីនេះ”។

“ប៉ុន្ដែកាលពីមុននេះ ខ្ញុំគិតថាគេអាចនឹងទៅ ក្រុមទាំងពីរនៅ ម៉ាឌ្រីដ ហើយពួកគេកំពុងតាមដាន Gavi, ហើយគេប្រាកដថា ប្រសិនបើគេជ្រើសរើសរវាងក្លិបធំៗ គេពេញចិត្ត Barcelona ជាងគេ”៕

ប្រភព៖ Marca