គ្រូធំ Allegri បង្ហើបថា កីឡាករម្នាក់របស់ Juventus នឹងចាកចេញទៅអង់គ្លេស

អ្នកចាត់ការ Juventus លោក Massimiliano Allegri បានបញ្ជាក់ថា ខ្សែបម្រើ Aaron Ramsey នឹងចាកចេញពីក្លិប ព្រមទាំងបានពណ៌នាថា កីឡាករជម្រើសជាតិវេលស៍រូបនេះ ជាកីឡាករដែលគួរឱ្យរាប់អាន។

តាមការរាយការណ៍កាលពីថ្ងៃអង្គារបានអះអាងថា Ramsey បានច្រានចោលសំណើផ្លូវការមួយរបស់ក្លិបអង់គ្លេស Burnley ដោយសារគេចង់ផ្លាស់ទៅចូលរួមក្លិបដែលប្រសើរជាងនេះនៅ Premier League។

លោក Allegri បាននិយាយថា៖ “Aaron Ramsey បានត្រលប់មកវិញនៅថ្ងៃនេះ បន្ទាប់ពីគេបានចាកចេញទៅបំពេញកិច្ចការនៅអង់គ្លេស ប៉ុន្ដែគេជាកីឡាករដែលគួរឱ្យរាប់អានម្នាក់”។

សូមរំឭកថា Ramsey វ័យ៣១ឆ្នាំ បានចុះហត្ថលេខាផ្ទេរមកចូលរួម Juventus ដោយមិនមានតម្លៃផ្ទេរ ក្នុងឆ្នាំ២០១៩។ នៅក្នុងការបង្ហាញខ្លួន៦៩ប្រកួតសម្រាប់ក្រុមសេះបង្កង់ គេរកគ្រាប់បាល់បាន៦គ្រាប់ ប៉ុន្ដែសម្រាប់រដូវកាលនេះវិញ គេលេងមិនដល់១០០នាទីនោះទេ ឱ្យក្រុមលោក Allegri។

គេមានទំនាក់ទំនងក្នុងការត្រលប់ទៅអតីតក្លិបរបស់ខ្លួននៅអង់គ្លេសគឺ Arsenal និងក្លិបបាតតារាងលីគកំពូលអង់គ្លេស​ Newcastle United ក្នុងទីផ្សារដោះដូរនាខែមករា៕

ប្រភព៖ BBC

អានអត្ថបទបន្ទាប់៖ Atletico ចង់បានកីឡាករ Barcelona ម្នាក់មកជំនួស Trippier ដែលជិតផ្លាស់ទៅ Newcastle

Atletico Madrid អាចនឹងនាំយកខ្សែការពារឆ្នើមម្នាក់របស់ Barcelona ស្របពេលដែលពួកគេរំពឹងទុកថា Kieran Trippier នឹងចាកចេញនៅក្នុងខែមករានេះ។ កីឡាករក្រុមជម្រើសជាតិអង់គ្លេសរូបនេះ បានត្រៀមចាកចេញពី Atletico Madrid បន្ទាប់ពីចំណាយពេលនៅទីនោះ២ឆ្នាំ និងបានជួយពួកគេឈ្នះ La Liga ម្ដង។

ក្លិប Newcastle United ត្រូវបានរំពឹងថាជាគោលដៅដែល អតីតកីឡាកររបស់ Tottenham Hotspur រូបនេះចូលរួមនៅក្នុងរយៈពេលប៉ុន្មានថ្ងៃដ៏ខ្លីខាងមុខ។

ហើយវាបានធ្វើឱ្យតំណែងខ្សែការពារស្លាបស្ដាំក្នុងក្រុម Atletico Madrid នៅទំនេរ ស្របពេលដែល Sime Vrsaljko ទំនងមិនមែនជាជម្រើសដំបូងសម្រាប់អ្នកចាត់ការ Diego Simeone នោះទេ។

មានការរាយការណ៍ថា Atletico បានចាប់អារម្មណ៍ចង់នាំយកខ្សែការពារ Sergino Dest ពី Barcelona។ Dest ហាក់ប្រឈមនឹងការលំបាកក្រោយការមកដល់របស់ អ្នកចាត់ការថ្មីលោក Xavi Hernandez ហើយគេមានការផ្សារភ្ជាប់ទៅនឹងការចាកចេញពីក្លិបកាតាឡូញ៉ា។

Xavi បានបញ្ជាក់យ៉ាងច្បាស់ថា Dest អាចនឹងលេងបានច្រើនជាងបច្ចុប្បន្នប្រសិនបើគេមិនមានបញ្ហារបួសទេនោះ ខណៈសារព័ត៌មាន ESPN បានរាយការណ៍ថា កីឡាករអាមេរិកាំងរូបនេះ ក៏ចង់បន្ដលេងនៅ Barcelona ដែរ។

ប៉ុន្ដែក៏មានការលេចលឺថា Atletico កំពុងរំពឹងថាគេជាអ្នកជំនួស Trippier ដ៏ស័ក្ដិសមម្នាក់ ហើយអាចជាការផ្ទេរដ៏គួរឱ្យចាប់អារម្មណ៍មួយ៕

ប្រភព៖ Football Espana