Wolves ប្រកាសផ្ទេរចូលកីឡាករជប៉ុនទី១ ដើម្បីមកជួយតំបន់បម្រើ

ក្រោយទទួលបាន៣ពិន្ទុពី Manchester United ក្នុងការប្រកួត Premier League កាលពីថ្មីៗនេះ ក្លិប Wolverhampton Wanderers បាននាំយកខ្សែបម្រើ Hayao Kawabe ពីក្លិបស្វ៊ីស Grasshopper Club Zurich។

កីឡាករវ័យ២៦ឆ្នាំរូបនេះ ក្លាយជាកីឡាករជប៉ុនដំបូងរបស់ Wolves ដែលចូលរួមនៅទឹកដី Molineux ក្នុងរយៈពេល៣ឆ្នាំកន្លះនៅលើកុងត្រាជាមួយក្លិប។ Kawabe ត្រូវបានរំពឹងថា នឹងត្រលប់ទៅស្វ៊ីសវិញ ដើម្បីចូលរួមជាមួយក្លិបចាស់របស់គេគឺ Grasshoppers ក្នុងកិច្ចសន្យាខ្ចីជើង រហូតដល់ចប់រដូវកាលនេះ។

សូមរំឭកថា ខ្សែបម្រើជប៉ុនរូបនេះ បានផ្លាស់មកចូលរួម Grasshoppers ពីក្លិប Sanfrecce Hiroshima កាលពីរដូវក្ដៅកន្លងទៅ ហើយរកគ្រាប់បាល់៤គ្រាប់ និង assist ៣លើកសម្រាប់ការបង្ហាញខ្លួន១៨ប្រកួតឱ្យក្លិបស្វ៊ីសមួយនេះ។

គេក៏បានបង្ហាញខ្លួនលើកដំបូងសម្រាប់ក្រុមធំជម្រើសជាតិជប៉ុន ក្នុងការប្រកួតទល់នឹងកូរ៉េខាងត្បូងកាលពីខែមីនា ឆ្នាំ២០២១ និងរកគ្រាប់បាល់ដំបូងក្នុងការប្រកួតទល់នឹង តាហ្ស៊ីគីស្ថានក្នុងវគ្គជម្រុះ FIFA World Cup កាលពីខែមិថុនាឆ្នាំមុន៕

ប្រភព៖ Sky Sports

អានអត្ថបទបន្ទាប់៖ Atletico ចង់បានកីឡាករ Barcelona ម្នាក់មកជំនួស Trippier ដែលជិតផ្លាស់ទៅ Newcastle

Atletico Madrid អាចនឹងនាំយកខ្សែការពារឆ្នើមម្នាក់របស់ Barcelona ស្របពេលដែលពួកគេរំពឹងទុកថា Kieran Trippier នឹងចាកចេញនៅក្នុងខែមករានេះ។ កីឡាករក្រុមជម្រើសជាតិអង់គ្លេសរូបនេះ បានត្រៀមចាកចេញពី Atletico Madrid បន្ទាប់ពីចំណាយពេលនៅទីនោះ២ឆ្នាំ និងបានជួយពួកគេឈ្នះ La Liga ម្ដង។

ក្លិប Newcastle United ត្រូវបានរំពឹងថាជាគោលដៅដែល អតីតកីឡាកររបស់ Tottenham Hotspur រូបនេះចូលរួមនៅក្នុងរយៈពេលប៉ុន្មានថ្ងៃដ៏ខ្លីខាងមុខ។

ហើយវាបានធ្វើឱ្យតំណែងខ្សែការពារស្លាបស្ដាំក្នុងក្រុម Atletico Madrid នៅទំនេរ ស្របពេលដែល Sime Vrsaljko ទំនងមិនមែនជាជម្រើសដំបូងសម្រាប់អ្នកចាត់ការ Diego Simeone នោះទេ។

មានការរាយការណ៍ថា Atletico បានចាប់អារម្មណ៍ចង់នាំយកខ្សែការពារ Sergino Dest ពី Barcelona។ Dest ហាក់ប្រឈមនឹងការលំបាកក្រោយការមកដល់របស់ អ្នកចាត់ការថ្មីលោក Xavi Hernandez ហើយគេមានការផ្សារភ្ជាប់ទៅនឹងការចាកចេញពីក្លិបកាតាឡូញ៉ា។

Xavi បានបញ្ជាក់យ៉ាងច្បាស់ថា Dest អាចនឹងលេងបានច្រើនជាងបច្ចុប្បន្នប្រសិនបើគេមិនមានបញ្ហារបួសទេនោះ ខណៈសារព័ត៌មាន ESPN បានរាយការណ៍ថា កីឡាករអាមេរិកាំងរូបនេះ ក៏ចង់បន្ដលេងនៅ Barcelona ដែរ។

ប៉ុន្ដែក៏មានការលេចលឺថា Atletico កំពុងរំពឹងថាគេជាអ្នកជំនួស Trippier ដ៏ស័ក្ដិសមម្នាក់ ហើយអាចជាការផ្ទេរដ៏គួរឱ្យចាប់អារម្មណ៍មួយ៕

ប្រភព៖ Football Espana