ជួបបញ្ហានៅ Arsenal មិនអស់ ពេលនេះ Aubameyang ជួបការលំបាកមួយនៅជម្រើសជាតិ

ប្រធានក្រុមបាល់ទាត់ជម្រើសជាតិកាបុង Pierre-Emerick Aubameyang បានធ្វើតេស្ដវិជ្ជមានកូវីដ១៩ មុនការប្រកួត​ Africa Cup of Nations សម្រាប់ប្រទេសរបស់គេ មកដល់នៅក្នុងរយៈពេល៤ថ្ងៃខាងមុខ បន្ទាប់ពីចូលរួមពិធីជប់លៀងនៅទីក្រុងឌូបៃ។

Aubameyang និងខ្សែបម្រើ Mario Lemina របស់ក្លិប Nice ត្រូវបានធ្វើតេស្ដរកឃើញថាបានឆ្លងកូវីដ១៩ នៅអាកាសយានដ្ឋានមួយក្នុងប្រទេសកាម៉ារូន ខណៈគ្រូបង្វឹក Anicet Yala ក៏តេស្ដវិជ្ជមានផងដែរ។

គ្រូបង្គោលក្រុមជម្រើសជាតិកាបុងលោក Patrice Neveu បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថាអ្នកទាំងបីមិនមានចេញរោគសញ្ញាអ្វីនោះទេ ហើយត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកនៅក្នុងបន្ទប់សណ្ឋាគារនិងរង់ចាំលទ្ធផលធ្វើតេស្ដ PCR។

នេះជាបញ្ហាលំបាកមួយទៀតនៅក្នុងអាជីពជាកីឡាករបាល់ទាត់របស់ Aubameyang បន្ទាប់ពីគេត្រូវបានដកតំណែងប្រធានក្រុម Arsenal និងមិនត្រូវបានកោះហៅចូលរួមប្រកួត ដោយសារល្មើសនឹងវិន័យ៕

ប្រភព៖ BBC

អានអត្ថបទបន្ទាប់៖ មិនទាន់ចង់ចេញទេ! កីឡាករកាន់ឆ្នាំម្នាក់ ទ្រាំនៅ Real Madrid រហូតដល់ថ្ងៃចុងក្រោយនៃកុងត្រា

ស្របពេលកិច្ចសន្យានឹងផុតកំណត់នៅដំណាច់រដូវកាលនេះ ខ្សែការពារ Marcelo ទំនងមិនបន្ដកុងត្រាថ្មីជាមួយក្លិប Real Madrid នោះទេ ហើយគេបានបញ្ជាក់យ៉ាងច្បាស់ថា នឹងនៅបន្ដលេងឱ្យក្លិបអេស្ប៉ាញមួយនេះរហូតដល់ថ្ងៃចុងក្រោយ។

បន្ទាប់ពីទទួលបានជ័យជម្នះក្នុងការប្រកួតទល់នឹង Alcoyano ក្នុងពានរង្វាន់ Copa del Rey ខ្សែការពារប្រេស៊ីលរូបនេះ បាននិយាយប្រាប់អ្នកសារព័ត៌មាន ដោយបានបញ្ជាក់យ៉ាងច្បាស់ថា គេនឹងមិនចាកចេញនៅក្នុងខែមករានេះឡើយ ខណៈកុងត្រារបស់គេ នឹងផុតកំណត់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។

Marcelo បាននិយាយថា៖ “ចាប់តាំងពីខ្ញុំមកដល់ក្លិប ខ្ញុំតែងតែប្រឹងប្រែងឱ្យអស់ពីសមត្ថភាព។ ខ្ញុំនឹងបន្ដជម្នះរហូតដល់ចប់កិច្ចសន្យារបស់ខ្ញុំ, ខ្ញុំជំពាក់គុណក្លិបនេះច្រើនណាស់ ហើយខ្ញុំនឹងសងត្រលប់ទៅវិញរហូតដល់ថ្ងៃចុងក្រោយ”។

“ខ្ញុំមានប្រវត្តិសាស្ដ្រជាមួយក្លិបនេះ, អាជីពដ៏ជោគជ័យ ហើយខ្ញុំនឹងបន្ដរហូតដល់ទីបញ្ចប់”។

Marcelo ទទួលបានឱកាសលេងក្នុងជម្រើស១១នាក់ដំបូងក្នុងការប្រកួត Copa del Rey វគ្គ៣២ក្រុម ដោយពួកគេទទួលជ័យជម្នះលើ Alcoyano ក្នុងលទ្ធផល ៣-១៕

ប្រភព៖ Be Soccer