ក្លិប Atletico Madrid សម្លឹងឃើញខ្សែការពារស្លាបស្ដាំម្នាក់របស់ក្លិប Valencia ដើម្បីមកជំនួស Kieran Trippier ដែលបានចាកចេញក្នុងទីផ្សារដោះដូរនាខែមករានេះ។
Trippier ជាចំណែកមួយដ៏សំខាន់សម្រាប់ Atletico ក្នុងការក្លាយជាជើងឯក La Liga ក្នុងរដូវកាលមុន ប៉ុន្ដែគេបានសម្រេចចិត្តផ្លាស់ទៅចូលរួមក្លិបអង់គ្លេស Newcastle United ដោយសារហេតុផលផ្ទាល់ខ្លួន។
គេបានចូលរួមក្លិបអង់គ្លេសមួយនេះ នៅក្នុងតម្លៃផ្ទេរ ១៥លានអឺរ៉ូ បន្ទាប់ពីក្លិប Atletico យល់ពីស្ថានភាពរបស់គេ។ ទោះយ៉ាងណាក្ដី ពួកគេត្រូវការរកកីឡាករមកជំនួស ហើយបើយោងតាមប្រភពពីសារព័ត៌មាន Mundo Deportivo បានឱ្យដឹងថា ពួកគេកំពុងចាប់អារម្មណ៍កីឡាករ Daniel Wass របស់ក្លិប Valencia។
Wass គឺជាខ្សែបម្រើដែលមានសមត្ថភាពលេងជាខ្សែការពារស្លាប ហើយអាចសម្របទៅនឹងតំណែងរបស់ Trippier នៅលើទីលានបានយ៉ាងល្អ។
កីឡាករជនជាតិដាណឺម៉ាករូបនេះ បានចូលរួម Valencia តាំងពីឆ្នាំ២០១៨ ប៉ុន្ដែតែមានចចាមអារ៉ាមពាក់ព័ន្ធនឹងការចាកចេញជារឿយៗ។ គេក៏នឹងផុតកិច្ចសន្យាជាមួយក្លិបបច្ចុប្បន្នរបស់ខ្លួន នៅរដូវក្ដៅខាងមុខនេះ ហើយ Valencia ត្រូវការបន្ថយការចំណាយលើប្រាក់ឈ្នួលកីឡាករ ដើម្បីឆ្លើយតបទៅនឹងច្បាប់ដែលបានកំណត់ដោយ La Liga៕
ប្រភព៖ Football Espana
អានអត្ថបទបន្ទាប់៖ ខ្សែការពារ Pique ចេញសារព្រមា.នដាក់ R.Madrid បែបនេះ មុនជួបគ្នានៅ El Clasico
នៅវេលាម៉ោង ០២:០០ នាទីទាបភ្លឺ ឈានចូលព្រឹកថ្ងៃទី ១៣ មករា ឆ្នាំ ២០២២ ក្លឹប Barcelona នឹងត្រូវបើកការប្រកួតស្វាគមន៍ក្លឹប Real Madrid សម្រាប់ជំនួបវគ្គ ៤ ក្រុមចុងក្រោយ ពានរង្វាន់ Supercopa de Espana ដែលការប្រកួតនេះ ធ្វើឡើងតែមួយជើងប៉ុណ្ណោះ សម្រេចយកក្រុមឡើងទៅវគ្គផ្តាច់ព្រ័ត្រ។
បើទោះបីយើងមើលតាមស្ថានភាពជាក់ស្តែងឃើញថា ក្លឹប Real Madrid កំពុងមានប្រៀបជាង តែមកមើលពាក្យសម្តីរបស់ខ្សែការពារ Gerard Pique ឯណេះ នៅតែមានជំនឿទុកចិត្ត ថាអ្នកមានបុណ្យពិតណាស់ នឹងអាចធ្វើឲ្យអធិរាជស ទទួលរងការឈឺចាប់បាននៅប្រកួតសារនេះ។
ខ្សែការពារកណ្តាលខាងលើនិយាយ៖ “វាជាពានរង្វាន់មួយ ដែលយើងចង់ប្រជែងយក ហើយយើងក៏បានបង្ហាញជារឿយៗហើយដែរកាលពីអតីតកាល យើងមានការជំរុញទឹកចិត្តខ្ពស់ណាស់ក្នុងការលើកពានរង្វាន់សារនេះ ដោយនេះស្ថិតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាប្រកួត El Clasico ថែមទៀត ដូច្នេះវានឹងពិបាកហើយ”។
លោកបន្ត៖ “យ៉ាងណាក្រុមរបស់យើងក៏កំពុងតែត្រូវបានពង្រឹងផងដែរ យើងជឿថាក្រុមអាចឆ្លងទៅវគ្គផ្តាច់ព្រ័ត្របាន ហើយបើទោះបីជា Real Madrid កំពុងបន្តភាពជោគជ័យរបស់ពួកគេក៏ដោយ យើងជឿថា យើងនឹងអាចធ្វើឲ្យពួកគេឈឺចាប់បាន”៕
ប្រភព៖ Sportskeeda