ដោយសារស្រលាញ់ក្លិបនៅស្រុកកំណើត កីឡាករអេស្ប៉ាញម្នាក់ សុខចិត្តមិនផ្ទេរទៅ Spurs

ខ្សែការពារ Pau Torres បានទម្លាយឱ្យដឹងពីមូលហេតុនៅពីក្រោយការបដិសេធសំណើផ្ទេរទៅចូលរួម Tottenham Hotspur ក្នុងរដូវក្ដៅកន្លងទៅ។

កីឡាករអេស្ប៉ាញរូបនេះ បានបង្ហាញភាពលេចធ្លោក្នុងការប្រកួតសម្រាប់ក្លិប Villarreal ក្នុងរដូវកាលមុនទាំងពានអឺរ៉ុប និងនៅក្នុងស្រុក ជាពិសេសបានជួយក្រុមលោក Unai Emery ឈ្នះ Europa League។

ប៉ុន្មានខែក្រោយទទួលបានជ័យជម្នះ Torres ទទួលបានឱកាសក្នុងការផ្ទេរទៅចូលរួមក្លិបមាន់ខ្នាយមាស Tottenham ដោយ Villarreal ទទួលបានសំណើប៉ុន្ដែក្លិបផ្ដល់ឱកាសឱ្យកីឡាករសម្រេចលើអនាគតរបស់ខ្លួន។

ខ្សែការពារវ័យ២៤ឆ្នាំបាននិយាយថា៖ “ក្នុងរដូវក្ដៅនេះ គាត់(ម្ចាស់ក្លិប Villarreal) បានទាក់ទងអ្នកតំណាងរបស់ខ្ញុំ និងប្រាប់ខ្ញុំថាមានសំណើដ៏សំខាន់ពី Tottenham ដែលមានប្រាក់ខែខ្ពស់ជាងពេលនេះ”។

“ប៉ុន្ដែ ខ្ញុំលេងនៅក្នុងក្រុមនៅទីក្រុងកំណើតរបស់ខ្ញុំ ដែលមានកីឡាករតិចអាចធ្វើបាន ខ្ញុំក៏សម្រេចចិត្តស្នាក់នៅទីដែលខ្ញុំរីករាយនឹងនៅ”៕

ប្រភព៖ Football Espana

អានអត្ថបទបន្ទាប់៖ កីឡាករកម្របានឱកាសលេងពីររូបរបស់ Man Utd មានស្ថិតិឈ្នះប្រកួតច្រើនបំផុតនៅក្នុងក្រុម

ក្នុងការប្រកួតជ័យជម្នះសម្រាប់ Manchester United ក្នុងពានរង្វាន់ FA Cup ទល់នឹង Aston Villa អ្នកចាត់ការ Ralf Rangnick បាននិយាយលើកសរសើរខ្សែបម្រើ Donny van de Beek ចំពោះការលេងរបស់គេ។

អតីតកីឡាកររបស់ Ajax រូបនេះ បានចាត់ទុកថាជាអ្នកដែលបានជួយគ្រប់គ្រងបាល់ក្នុងការប្រកួតឱ្យក្រុមបិសាចក្រហម ក្នុងតង់ទី២ នៃការប្រកួតដ៏តានតឹងមួយនេះ។

Van de Beek គួរតែទទួលបានឱកាសចូលលេងច្រើនជាងនេះ បើយោងតាមស្ថិតិដែលបានបង្ហាញថា នៅពេលដែលមានវត្តមានរបស់គេក្នុងការប្រកួត Man Utd មានភាគរយឈ្នះ ៥៧.១ភាគរយនៅ Premier League ដូចមិត្តរួមក្រុម Anthony Martial ដែរ។

កីឡាករទាំងពីររូបនេះ ចូលរួមការប្រកួតលីគកំពូលអង់គ្លេសឱ្យ Man Utd ៧លើក ហើយទទួលបានជ័យជម្នះ៤ដង ហើយពួកគេជាកីឡាករដែលមានភាគរយខ្ពស់ជាងកីឡាករដទៃទៀតនៅក្នុងក្រុម។

កីឡាករដែលមានភាគរយខ្ពស់ជាងគេគឺ កីឡាករក្រុមជម្រើសជាតិអេស្ប៉ាញ Rodri និង Aymeric Laporte របស់ Manchester City ដែលជួយក្រុមឈ្នះ ១៥ប្រកួត ពីការចូលរួម១៧ប្រកួត ស្មើនឹង៨៨.២ភាគរយ។

អ្នកបន្ទាប់ពីខ្សែការពារ Ben Chilwell របស់ក្លិបតោខៀវ Chelsea មានភាគរយឈ្នះ ៨៣.៣ភាគរយ(ឈ្នះ៥ប្រកួតពីការលេង៦លើក) ខណៈ Thiago Alcantara មាន៨១.៨ភាគរយ៕

ប្រភព៖ talkSPORT