កីឡាករបារាំងម្នាក់ ចាត់ទុក Zlatan Ibrahimovic ជាគម្រូសម្រាប់ខ្សែប្រយុទ្ធ

Olivier Giroud រីករាយនឹងការប្រជែងតំណែងជាមួយ Zlatan Ibrahimovic ហើយនិយាយថា មិត្តរួមក្រុមរបស់គេនៅ AC Milan បានជំរុញឱ្យគេ ក្លាយជាកីឡាករម្នាក់ដែលប្រសើរជាងមុន។

Ibrahimovic បានបង្ហាញឥទ្ធិពលរបស់ខ្លួនសម្រាប់ក្រុម Milan ក្រោយការត្រលប់មកចូលរួមពួកគេជាលើកទី២ កាលពីខែមករា ឆ្នាំ២០២០ ដោយរកគ្រាប់បាល់បាន៣៦គ្រាប់ ពីការលេង៦៦ប្រកួតគ្រប់ពានរង្វាន់ទាំងអស់។

ខ្សែប្រយុទ្ធស៊ុយអែតរូបនេះ មានឱកាសលេងក្នុងជម្រើស១១នាក់ដំបូងតែ១២ប្រកួតប៉ុណ្ណោះក្នុងរដូវកាលនេះ ប៉ុន្ដែគេអាចរកគ្រាប់បាល់បញ្ចូលទីបាន៨គ្រាប់។

ស្របពេលដែលមានការរាយការណ៍ថា Milan បានត្រៀមសម្រាប់ការបន្ដកិច្ចសន្យាថ្មីសម្រាប់ Ibrahimovic រហូតដល់ដំណាច់រដូវកាលក្រោយ Giroud យល់ឃើញថាគេរីករាយក្នុងការទទួលបានឱកាសរៀនសូត្រពីខ្សែប្រយុទ្ធវ័យ៤០ឆ្នាំ។

នៅក្នុងសម្ភាសន៍របស់ Oh My Goal អតីតខ្សែប្រយុទ្ធក្រុម Arsenal រូបនេះនិយាយថា៖ “ការលេងជាមួយគាត់ ជាអ្វីដែលខ្ញុំមើលឃើញថាជាការប្រកួតប្រជែង អ្វីដែលជំរុញខ្ញុំរៀងរាល់ថ្ងៃ”។

“វាជាឱកាសដើម្បីមានគាត់ជាដៃគូរបស់ខ្ញុំ ដើម្បីបន្ថែម។ គាត់ជាគម្រូដល់ខ្សែប្រយុទ្ធកណ្ដាលជាច្រើន ហើយនៅពេលកាលខ្ញុំនៅពីក្មេង ខ្ញុំចូលចិត្តគាត់ ទាំងនៅលើទីលាន និងសម្រាប់អត្តចរិកខ្លាំងក្លា ហើយចំពោះអ្វីដែលគាត់បានប្រឹងប្រែងរៀងរាល់ថ្ងៃ”៕

ប្រភព៖ Live Score

អានអត្ថបទបន្ទាប់៖ Ronaldo បង្ហើបពីគន្លឹះដែលជួយបន្ដ អាជីពកីឡាករបាល់ទាត់បានយូរអង្វែង

បន្ទាប់ពីទទួលជ័យជម្នះការប្រកួតលើ West Ham នៅក្នុងក្របខណ្ឌ Premier League អ្នកចាត់ការស្ដីទី Ralf Rangnick បានអនុញ្ញាតឱ្យកីឡាករ Manchester United សម្រាកពីការហ្វឹកហាត់។

ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានសម្រេចចិត្តជិះយន្ដហោះទៅមជ្ឈិមបួព៌ាដើម្បីសម្រាកលម្ហែកាយ តាមទំលាប់ជារៀងរាល់ឆ្នាំ ដោយសារវាជាទីកន្លែងដ៏ល្អសម្រាប់ខ្សែប្រយុទ្ធព័រទុយហ្កាល់រូបនេះ។

ដ្បិតមានវ័យជិត៣៧ឆ្នាំក៏ពិតមែន ប៉ុន្ដែសមត្ថភាព និងកាយសម្បទារបស់ម្ចាស់ពាន Ballon d’Or រូបនេះ នៅតែល្អមិនចាញ់កីឡាករក្មេងៗនោះទេ ហើយគេតែងរកគ្រាប់បាល់បញ្ចូលទី ក្នុងការប្រកួតដ៏សំខាន់ៗសម្រាប់ Man Utd ក្នុងរដូវកាលនេះ។

ហើយដើម្បីអាចរក្សាកាយសម្បទា និងសមត្ថភាព ដើម្បីជួយជំរុញអាជីពជាកីឡាករបាល់ទាត់កាន់តែប្រសើរឡើង Ronaldo បានប្រាប់ពីគន្លឺះសំខាន់មួយចំនួនទៅកីឡាករជំនាន់ក្រោយថា៖ “ត្រូវទទួលទានទឹកឱ្យបានគ្រប់គ្រាន់, គេងឱ្យបានគ្រប់គ្រាន់ ហ្វឹកហាត់ និងស្ដាប់ដំបូន្មានអាណាព្យាបាលរបស់ពួកគេ”៕

ប្រភព៖ Marca