គ្រូធំ Arteta បោះបង់ឱកាសនាំយក កីឡាករ PSG ម្នាក់មក Arsenal ក្រោយ Aubameyang ចាកចេញ

ក្លិបកាំភ្លើងធំ Arsenal បានបោះបង់ឱកាសក្នុងការចុះហត្ថលេខាផ្ទេរខ្សែប្រយុទ្ធ Mauro Icardi របស់ក្លិប Paris Saint-Germain ក្នុងទីផ្សារដោះដូរកាលពីខែមករា នេះបើយោងតាមសារព័ត៌មាន The Athletic។

Arsenal បានព្យាយាមក្នុងការស្វែងរកខ្សែប្រយុទ្ធកណ្ដាលថ្មីម្នាក់ មកជំនួសអតីតប្រធានក្រុម Pierre-Emerick Aubameyang ដែលបានផ្លាស់ទៅចូលរួម Barcelona ក្នុងទីផ្សារដោះដូររដូវរងារកន្លងទៅ។

ទោះយ៉ាងណាក្ដី អ្នកចាត់ការ Mikel Arteta បានផ្ដល់ទំនុកចិត្តចំពោះសមាជិកនៅក្នុងក្រុមរបស់លោក ដូចជា Alexandre Lacazette និង Eddie Nketiah ជាជាងការនាំយក Icardi មកចូលក្រុម។

យោងតាមប្រភពខាងលើ បានអះអាងថា Arsenal មានឱកាសក្នុងការស៊ីញ៉េកុងត្រាផ្ទេរ Icardi ពីក្លិប PSG អំឡុងទីផ្សារដោះដូរកាលពីខែមករា។

ក្លិបយក្សបារាំង រីករាយក្នុងការចរចាផ្ទេរខ្សែប្រយុទ្ធអាហ្សង់ទីន មកកាន់ក្លិបដែលមានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងដ៍។ ប៉ុន្ដែលោក Arteta ផ្ដោតទៅលើកីឡាករបច្ចុប្បន្នរបស់ក្រុម ខណៈ Icardi មិនមែនជាប្រភេទកីឡាករដែលអ្នកចាត់ការរូបនេះ ចង់នាំមកចូលក្រុមឡើយ៕

ប្រភព៖ Daily Mail

អានអត្ថបទបន្ទាប់៖ មិនមែន Ronaldo តែជាអតីតមិត្តរួមក្រុម Man Utd ម្នាក់នេះ​ ដែល Rooney ចូលចិត្តលេងជាមួយ

មិនមានកីឡាករណាដែល Wayne Rooney ចង់លេងជាមួយជាង ខ្សែប្រយុទ្ធ Carlos Tevez ឡើយ បើទោះបីជាកីឡាករអាហ្សង់ទីនរូបនេះ បានចាកចេញទៅចូលរួមក្រុមគូប្រជែងរបស់បិសាចក្រហមគឺ Manchester City ក៏ដោយ។

ដៃគូប្រយុទ្ធទាំងពីររូបនេះ ស្ថិតនៅក្នុងចំណោមដៃគូប្រយុទ្ធដែលគូប្រកួតបារម្ភបំផុត ខណៈ Cristiano Ronaldo ក៏ស្ថិតនៅក្នុងក្រុមនេះផងដែរ។

ប៉ុន្ដែ Tevez ជាមិត្តរួមក្រុមដែល Rooney ពេញចិត្តបំផុត ហើយអ្នកចាត់ការបច្ចុប្បន្នរបស់ក្លិប Derby County រូបនេះបាននិយាយថា៖ “ខ្ញុំមានការពេញចិត្តចំពោះទំនាក់ទំនងរបស់ពួកយើង។ យើងទាំងពីរឡើងទៅលេងនៅខាងលើ យើងលេងត្រូវគ្នាល្អណាស់”។

“ជាធម្មតា ប្រសិនបើខ្ញុំលេងជាមួយ Louis Saha, Ruud van Nisterlrooy ឬ Robin van Persie ខ្សែប្រយុទ្ធទាំងនេះលេងក្នុងតំណែងលេខ៩ ហើយខ្ញុំអាចលេងតំណែងលេខ១០”។

“ជាមួយ Tevez យើងអាចឆ្លាស់គ្នា ខ្ញុំអាចលេងតំណែងលេខ៩ គាត់អាចលេងតំណែងលេខ៩ ហើយខ្ញុំលេងតំណែងលេខ១០។ នៅពេលដែលយើងបាត់បាល់ យើងដូចជាគោឡើងកពីរក្បាលព្យាយាមយកបាល់ត្រលប់មកវិញ។ ក្នុងនាមជាដៃគូប្រយុទ្ធ គាត់ជាកីឡាករម្នាក់ដែលខ្ញុំរីករាយលេងជាមួយបំផុត”៕

ប្រភព៖ Marca