កីឡាករមកពីក្រុមឆ្លងពូលជាមួយ Man Utd ដាក់គោលដៅឈ្នះ Champions League រដូវកាលនេះ

កីឡាករ Arnaut Danjuma របស់ក្រុម Villarreal បានលើកឡើងថា ក្រុមរបស់ខ្លួនបានកំណត់គោលដៅឈ្នះ UEFA Champions League រដូវកាលនេះ បើទោះបីជាមានការប្រកួតប្រជែងខ្ពស់ក៏ដោយ។

ខ្សែបម្រើហូឡង់រូបនេះ បានផ្ទេរមកចូលរួម Villarreal កាលពីរដូវក្ដៅឆ្នាំមុន ក្នុងតម្លៃ២៥លានអឺរ៉ូ ដោយគេបានសាងភាពលេចធ្លោ ជាមួយនឹងការរកគ្រាប់បាល់១២គ្រាប់ ពីការបង្ហាញខ្លួន២១ប្រកួតគ្រប់ពានរង្វាន់ទាំងអស់។

ក្នុងចំណោមគ្រាប់បាល់ទាំងនោះ មាន៤គ្រាប់គេរកបាននៅក្នុងការប្រកួងវគ្គចែកពូល Champions League ជាការប្រកួតដែលគេបានបង្ហាញគុណភាពល្អនៅលើទីលានប្រកួត។ គុណផលដ៏ល្អរបស់កីឡាករវ័យ២៥ឆ្នាំរូបនេះ បានជួយឱ្យ Villarreal បញ្ចប់ចំណាត់ថ្នាក់លេខ២ក្នុងតារាងនៃពូល F បន្ទាប់ពីក្រុមកំពូលតារាង Manchester United។

Villarreal បានឡើងមកកាន់វគ្គ១៦ក្រុមចុងក្រោយ ដោយត្រូវជួបតតាំងជាមួយ Juventus ដែលជាក្រុមជើងខ្លាំងមួយនៅអឺរ៉ុប ប៉ុន្ដែ Danjuma បាននិយាយទាំងមានទំនុកចិត្តថា ការឈ្នះជើងឯក Champions League ជាគោលដៅក្រុមរបស់ខ្លួន។

ខ្សែបម្រើរូបនេះ និយាយថា៖ “ខ្ញុំគិតថា បទពិសោធដែលកីឡាករផ្សេងទៀតនៅក្នុងក្រុមមាន បន្ទាប់ពីឈ្នះ Europa League គឺពិតជាធំធេងណាស់ ព្រោះខ្ញុំមានអារម្មណ៍ថា ការលេងក្នុងព្រឹត្តិការណ៍នេះ គឺខុសគ្នាពីការលេងនៅក្នុងលីគ។ កាលៈទេសៈគឺផ្សេងពីគ្នា ការប្រកួតគឺខុសគ្នា វាអាចនឹងឡើង ឬត្រូវបានទម្លាក់”។

“ការឈ្នះ Champions League គឺពិតជាគោលដៅមួយ ដូច្នេះខ្ញុំមិនដែលនិយាយថា វាមិនអាចកើតឡើងទេ បើទោះបីជាយើងជាក្រុមមួយដែលមានកម្រិតទាបជាងក៏ដោយ។ ដូច្នេះគោលដៅរបស់យើងគឺ យើងនឹងព្យាយាមឱ្យអស់លទ្ធភាពដើម្បីឈ្នះ”៕

ប្រភព៖ Marca

អានអត្ថបទបន្ទាប់៖ Neymar ដាក់ក្ដីរំពឹងលេងនៅលីគមួយនេះ យ៉ាងហោចណាស់មួយរដូវកាលមុនចូលនិវត្ត

Neymar Jr. ចង់ប្រកបអាជីពបាល់ទាត់នៅលីគកំពូលអាមេរិកយ៉ាងហោចណាស់មួយរដូវកាល មុនពេលសម្រេចប្រកាសព្យួរស្បែកជើង។

តារាឆ្នើមរបស់ក្រុម Paris Saint-Germain រូបនេះ មានកិច្ចសន្យាជាមួយក្លិបបារាំងរហូតដល់ដំណាច់រដូវកាល ២០២៤-២៥ ហើយគេបាននិយាយថា ខ្លួនមានបំណងលេងនៅ Major League Soccer ជាងទៅលេងនៅប្រេស៊ីល ដែលជាប្រទេសកំណើតរបស់គេ។

ខ្សែប្រយុទ្ធវ័យ៣០ឆ្នាំរូបនេះ បាននិយាយនៅក្នុង podcast របស់ Fenomenos ថា៖ “ខ្ញុំមិនដឹងថា ខ្ញុំនឹងទៅលេងនៅប្រេស៊ីលម្ដងទៀតឬយ៉ាងណាទេ។ ការពិតទៅ ខ្ញុំពេញចិត្តក្នុងការលេងនៅ សហរដ្ឋអាមេរិក។ ខ្ញុំចង់លេងនៅទីនោះយ៉ាងហោចណាស់មួយរដូវកាល”។

កីឡាករក្រុមជម្រើសជាតិប្រេស៊ីលរូបនេះ បានបន្ដថា៖ “ជាដំបូងរដូវកាលរបស់ពួកគេគឺមានរយៈពេលខ្លី ដូច្នេះខ្ញុំមានថ្ងៃវិស្សមកាលរហូតដល់បីខែ”។

សូមរំឭកថា Neymar ចាប់ផ្ដើមកសាងកេរ្ដិ៍ឈ្មោះនៅក្លិប Santos ក្នុងប្រទេសកំណើតរបស់គេ ដោយបានផ្លាស់មកចូលរួម Barcelona មុនពេលផ្ទេរទៅ PSG ក្នុងតម្លៃបំបែកកំណត់ត្រា២២២លានអឺរ៉ូ៕

ប្រភព៖ Sky Sports