Angel Correa និយាយបែបនេះ ពាក់ព័ន្ធនឹង Ronaldo មុនជួបគ្នានៅ UCL យប់នេះ

Atletico Madrid នឹងស្វាគមន៍ Manchester United មកកាន់ទឹកដី Wanda Metropolitano សម្រាប់ការប្រកួត UEFA Champions League វគ្គ១៦ក្រុមចុងក្រោយជើងទី១ ខណៈស្ថានភាពក្នុងក្រុមទាំងពីរមិនសូវជាល្អនោះទេ។

Atletico បើទោះបីជាមានឈ្មោះថាក្រុមការពារជើងឯក La Liga ប៉ុន្ដែបច្ចុប្បន្នពួកគេឈរនៅលេខ៥ក្នុងតារាងចំណាត់ថ្នាក់នៅ La Liga ដោយមានពិន្ទុស្មើក្រុមលេខ៤ Barcelona។

ដោយឡែកក្រុមបិសាចក្រហមវិញ ក៏មិនសូវខុសគ្នាប៉ុន្មានដែរ សម្រាប់លទ្ធផលលើតារាងពិន្ទុក្នុងក្របខណ្ឌ Premier League។ បច្ចុប្បន្នក្រុមដែលដឹកនាំដោយលោក Ralf Rangnick ឈរនៅលេខ៤ មានគម្លាត៤ពិន្ទុពីក្រុមលេខ៣ Chelsea ហើយតាមពីក្រោយក្រុមកំពូលតារាង Manchester City រហូតដល់១៧ពិន្ទុ។

ទោះយ៉ាងណាក្ដី វត្តមានរបស់ Cristiano Ronaldo នៅក្នុងតំបន់ប្រយុទ្ធរបស់ក្រុមបិសាចក្រហម អាចជាក្ដីបារម្ភសម្រាប់ក្រុមអេស្ប៉ាញមួយនេះ បើផ្អែកតាមស្ថិតិការប្រកួតរបស់ខ្សែប្រយុទ្ធព័រទុយហ្កាល់កន្លងមក។

ហើយមុនការប្រកួតមកដល់ កីឡាករឆ្នើម Angel Correa របស់ Atletico បាននិយាយថា៖ “យើងដឹងថា Cristiano ល្អបែបណា។ គាត់បានធ្វើរឿងជាច្រើន ឱ្យយើងឈឺចាប់ក្នុងពេលកន្លងមក ដែលពួកយើងបានជួបគ្នា។ ប៉ុន្ដែអ្នកមិនអាចមើលតែ Cristiano ម្នាក់នោះទេ អ្នកត្រូវតែមើលទៅលើក្រុមទាំងមូល។ ពួកគេជាក្រុមដ៏អស្ចារ្យមួយ ហើយយើងនឹង ប្រឹងប្រែងឱ្យខ្លាំងបំផុត ដើម្បីយកឈ្នះពួកគេ”៕

ប្រភព៖ Be Soccer

អានអត្ថបទបន្ទាប់៖ អតីតគ្រូ Magath ថា Bayern នឹងកាន់តែពិបាកពេលបាត់បង់ម្នាក់នេះ ជាងអវត្តមានរបស់ Lewandowski

អតីតអ្នកចាត់ការ Bayern Munich លោក Felix Magath បាននិយាយថា អតីតក្លិបរបស់លោក នឹងជួបបញ្ហាធំប្រសិនបើ Manuel Neuer ចាកចេញ ជាជាងបាត់បង់ Robert Lewandowski ទៅទៀត។

Neuer បានផ្ទេរមកចូលរួម Bayern ពីក្លិប Schalke 04 ក្នុងឆ្នាំ២០១១ ហើយបានកាន់កាប់កំណត់ត្រាអ្នកចាំទីដែលរក្សាសំណាញ់ទីច្រើនប្រកួតបំផុតនៅ Bundesliga ពោលគឺ២០៩លើក ដោយបាននាំមុខ អតីតកំពូលអ្នកចាំទី Oliver Kahn (១៩៦លើក) ក្នុងឆ្នាំ២០១១។

កិច្ចសន្យាបច្ចុប្បន្នរបស់អ្នកចាំទីអាល្លឺម៉ង់រូបនេះ ជាមួយក្លិប Bayern Munich នឹងផុតកំណត់នៅដំណាច់រដូវកាលក្រោយ នៅពេលដែលគេឈានដល់វ័យ៣៧ឆ្នាំ ដែលនាំឱ្យមានភាពមិនច្បាស់លាស់ជុំវិញអនាគតរបស់អ្នកចាំទីរូបនេះ ក្រោមការដឹកនាំដោយអ្នកចាត់ការ Julian Nagelsmann។

លោក Magath បាននិយាយថា៖ “Bayern និងក្រុមជម្រើសជាតិ(អាល្លឺម៉ង់) ពិតជាខ្លាំងមកពី Manuel Neuer។ Marc-Andre ter Stegen អាចល្អ ប៉ុន្ដែគេមិនមានបុគ្គលិកលក្ខណៈដូច Neuer ឡើយ។ មាន Manuel ជាសំណាងរបស់បាល់ទាត់អាល្លឺម៉ង់”។

នៅពេលប្រៀបធៀបគ្នារវាង Neuer និង Lewandowski លោក Magath បានបន្ថែមថា៖ “វានឹងក្លាយជាបញ្ហាធំជាងសម្រាប់ Bayern នៅពេល Neuer ចាកចេញ”៕

ប្រភព៖ Live Score