បញ្ហាសំខាន់មួយ ដែលជំរុញអោយក្រុមកំពូលអេស្ប៉ាញទាំងបី ទទួលលទ្ធផលមិនសូវនៅក្នុងលីគ

Barcelona, Atlético Madrid និង Real Madrid សុទ្ធតែជួបសំណាងអាក្រក់ដូចគ្នា ដោយសារតែកីឡាករតំបន់ការពាររបស់ពួកគេភាគច្រើនរបួស ខណៈដែលតំបន់ប្រយុទ្ធក៏មិនសូវល្អប៉ុន្មានដែរ ជាហេតុនាំអោយក្រុមមួយចំនួនដូចជា Sevilla, Alavés និង Espanyol ហក់មកកាន់តែកៀកកំពូលតារាងទាំង៦ ដោយមានចន្លោះតែ៤ពិន្ទុតែប៉ុណ្ណោះ។

កីឡាករនៅតំបន់ការពារ របស់ក្រុមកំពូលទាំង៣ ត្រូវអវត្តមានសរុប៤៤លើក ក្នុងចំនោម១២ប្រកួត ហើយខ្សែការពារដូចជា Nacho និង Diego Godín នឹងបន្ដអវត្តមានរហូតដល់ការសំរាកប្រកួតអន្ដរជាតិ លើកក្រោយទៀត។

Marcelo, Carvajal, Varane, Lucas, Savic និង Giménez កំពុងព្យាយាមព្យាបាលរបួសពួកគេដើម្បីអាចចូលលេងបានវិញ។ Atletico Madrid និង Barcelona នឹងត្រូវប៉ះគ្នា នៅទឹកដី Wanda Metropolitano ឆាប់ៗនេះ ហើយលោក Diego Simeone រំពឹងថា កីឡាករដែលអវត្តមានអាចមានតែ២រូបប៉ុណ្ណោះសំរាប់ការប្រកួតនោះ។

ដោយឡែកក្រុម Real Madrid រងគ្រោះដោយសារកីឡាកររបួសច្រើនជាងគេ ខណៈដែល Sergio Ramos ជាកីឡាករមួយរូបដែលបានចូលលេងរាល់ ១០៨០នាទី សំរាប់ការប្រកួតនៅក្នុងរដូវកាលនេះ។ Alvaro Odriozola មិនមានបញ្ហារបួសអ្វីនោះទេសំរាប់ការប្រកួត ប៉ុន្ដែរូបគេខកខានដោយសារតែហេតុផលបច្ចេកទេស។

សំរាប់ Dani Carvajal បានខកខាន៧ប្រកួត ដូចគ្នា ប៉ុន្ដែហេតុផលដែលខ្សែការពាររូបនេះអវត្តមានដោយសារតែបញ្ហារបួស។ Jesus Vallejo ត្រូវខកខានសំរាប់ការប្រកួតដោយសារបញ្ហារបួស ហើយបើទោះជារូបគេអាចចូលលេងបាន ក៏មិនត្រូវបានគ្រូបង្វឹកដាក់អោយចូលលេងនោះទេ ហើយមកទល់នឹងពេលនេះរូបគេ មិនទាន់បានបង្ហាញខ្លួនសំរាប់ការប្រកួតនៅក្នុងលីគ​ម្ដងណាឡើយ។

ចំណែកឯ ខ្សែការពារប្រេស៊ីល Marcelo ក៏បានអវត្តមាន៤ប្រកួត នៅក្នុងលីគទល់នឹង Atletico និង Alaves ហើយនឹងពីរប្រកួតចុងក្រោយទល់នឹង Valladolid និង Celta Vigo។ ខ្សែការពារបារាំង Raphael Varane បានរងរបួសកំឡុងពេលប្រកួតទល់នឹង Barcelona ហើយ Nacho និង Reguilon បានរងរបួស ក្នុងការប្រកួតទល់នឹង Celta Vigo។

ក្រុម Atletico ក៏មិនសូវខុសពី Real ប៉ុន្មានដែរ ដោយពួកគេត្រូវអវត្តមានខ្សែការពារ Diego Godín, Jose Gimenez, Lucas Hernandez និង Stefan Savic។ ប្រធានក្រុម Godin ដែលរកគ្រាប់បាល់ជ័យជំនះទល់នឹង Athletic Club ទាំងមានរបួស នឹងត្រូវអវត្តមានពីចន្លោះបីទៅបួន សប្ដាហ៍។

Gimenz ហើយនឹង Lucas បានរងរបួសក្នុងការប្រកួតទល់នឹងក្រុម Burossia Dortmund កាលពីសប្ដាហ៍មុន ហើយអាចនឹងត្រូវអវត្តមានពីរ និង​ បីសប្ដាហ៍រៀងខ្លួន។

Savic ហាក់ជួបបញ្ហាធ្ងន់ធ្ងរជាងគេ ដោយអវត្តមាន៦ប្រកួតនៅក្នុងលីគ ស្របពេលដែល Juanfran ក៏មិនបានចូលលេងទល់នឹង Celta ផងដែរ ហើយមានតែ Filipe Luis មិនមានបញ្ហារបួសនៅឡើយ។

សំរាប់ក្រុមលោក Ernesto Valverde វិញ ត្រូវបាត់បង់ខ្សែការពារ Sergi Roberto, Samuel Umtiti និង Thomas Vermaelen ក្នុងរយៈពេលវែង ដោយ Umtiti មិនទាន់បានចូលលេង២ខែមកហើយ ដោយសាររបួសជង្គង់ ហើយ Vermaelen ត្រូវខកខាន៤ប្រកួត ដោយសារបញ្ហារបួសភ្លៅ។

ដោយសារតែបញ្ហារបួសខ្សែការពារនេះហើយបានជា ក្រុមកំពូលទាំងបីមានស្ថិតិិមិនសូវល្អសំរាប់ការប្រកួតនៅក្នុងលីគ។ Barca ធ្វើអោយរបូតគ្រាប់បាល់ ១៨គ្រាប់ ក្នុងចំនោម១២ប្រកួត ដែលលើសរដូវកាលមុន១៤គ្រាប់ បើគិតត្រឹមជុំដូចគ្នា។ Real របូត ១៦គ្រាប់ ហើយ Atletico របូត៨គ្រាប់៕

ប្រភព៖ AS