Torres៖ “Liverpool មានប្រៀបជាង Villarreal ប៉ុន្ដែគេក៏ធ្លាប់ថា Juve និង Bayern បែបហ្នឹងដែរ”

ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Champions League នឹងចាប់ផ្ដើមនៅសប្ដាហ៍ក្រោយ ហើយនេះជាការប្រកួតដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ដ្ររបស់ក្លិប Villarreal។

ក្រុមរបស់លោក Unai Emery បានទម្លាក់ក្រុមខ្លាំងៗមួយចំនួនដូចជា Juventus និង Bayern Munich ក្នុងវគ្គ១៦ក្រុមចុងក្រោយ និងវគ្គ១/៤ផ្ដាច់ព្រ័ត្រ ហើយពួកគេនឹងត្រូវជួបក្រុមខ្លាំងមួយផ្សេងទៀតគឺ Liverpool។

ក្រុមហង្សក្រហម អាចនិយាយបានថាជាក្រុមដ៏ខ្លាំងបំផុតមួយនាខណៈនេះ ដោយកាលពីថ្មីៗនេះ ពួកគេបានលត់ក្រុមបិសាចក្រហម Manchester United ៤-០ នៅទឹកដី Anfield។

ក្រុមរបស់លោក Jurgen Klopp កំពុងមានការខិតខំប្រឹងប្រែងដើម្បីឈ្នះពាន៤ក្នុងរដូវកាលនេះ។ ដោយឡែក Villarreal ទើបតែបានយកឈ្នះ Valencia ក្នុងក្របខណ្ឌ La Liga ជាមួយលទ្ធផល ២-០ មុនពេលជួប Real Betis ចុងសប្ដាហ៍នេះ ក្នុងវគ្គផ្ដាច់ព្រ័ត្រ Copa del Rey។

ហើយខ្សែការពារឆ្នើម Pau Torres បាននិយាយពីលទ្ធភាពរបស់ក្រុមខ្លួន ក្នុងការប្រកួតប្រជែងជាមួយ Liverpool។ កីឡាករអេស្ប៉ាញរូបនេះ បាននិយាយថា៖ “ពួកគេប្រាកដណាស់ជាក្រុមដែលមានប្រៀបនៅពេលនេះ ពួកគេកំពុងលេងល្អ”។

“យើងត្រូវតែដឹងថា យើងប្រកួតទល់នឹងក្រុមណា ហើយវាមិនថ្វីទេដែលពួកគេមានប្រៀបជាង។ ប៉ុន្ដែ Juve និង Bayern ក៏បែបហ្នឹងដែរ។ យើងនៅទីនេះជាមួយនឹងការត្រៀមខ្លួន, ព្យាយាមប្រឹងប្រែង និងបន្ដបង្កើតភាពភ្ញាក់ផ្អើល”៕

ប្រភព៖ Football Espana

អានអត្ថបទបន្ទាប់៖ Real Madrid ដាក់គោលដៅយកកីឡាករទើបចូលរួម Newcastle ក្រោយចប់ World Cup

Bruno Guimaraes បានសម្របខ្លួនយ៉ាងល្អទៅនឹងអាជីពនៅ Premier League ចាប់តាំងពីចូលរួម Newcastle United ក្នុងទីផ្សារដោះដូរខែមករា ដោយបានបង្ហាញគុណភាពយ៉ាងល្អនៅលើទីលានប្រកួត។

យោងតាមប្រភពពីសារព័ត៌មានអេស្ប៉ាញ AS បានរាយការណ៍ថា ក្លិប Real Madrid កំពុងបង្ហាញការចាប់អារម្មណ៍កីឡាករប្រេស៊ីលរូបនេះ ដោយរំពឹងថាគេអាចក្លាយជាកីឡាករសំខាន់នៅក្នុងក្រុមអេស្ប៉ាញមួយនេះ។

ខ្សែបម្រើឆ្នើម Toni Kroos, Luka Modric និង Casemiro ពេលនេះមានវ័យសាមប្លាយទៅហើយ ខណៈ Eduardo Camavinga និង Fede Valverde ជាកីឡាករវ័យក្មេងមានសមត្ថភាពខ្ពស់នៅក្នុងជម្រើសរបស់ក្រុមលោក Carlo Ancelotti។

កីឡាករ Aurelien Tchouameni របស់ Monaco ជាកីឡាករគោលដៅចំបងរបស់ Real Madrid ប៉ុន្ដែ Guimaraes ក៏ជាជម្រើសដ៏ល្អមួយផ្សេងទៀតផងដែរ។ ក្លិបអធិរាជស ទំនងមិនដាក់សំណើផ្ទេរកីឡាករប្រេស៊ីលរូបនេះ នៅរដូវក្ដៅខាងមុខ ប៉ុន្ដែបន្ទាប់ពីព្រឹត្តិការណ៍ World Cup 2022 ខាងមុខ។

សូមរំឭកថា Newcastle បានឈ្នះការប្រជែងជាមួយ Arsenal ក្នុងការផ្ទេរ ៥២លានអឺរ៉ូ ក្នុងទីផ្សារដោះដូររដូវរងារកន្លងទៅ ហើយគេបានក្លាយជាកីឡាករសំខាន់មួយរូបក្នុងក្រុមជម្រើសជាតិប្រេស៊ីលមួយរយៈចុងក្រោយនេះ ហើយអាចនឹងចូលរួមការប្រកួត World Cup នៅក្នុងបញ្ជីក្រុមរបស់គ្រូបង្វឹក Tite៕

ប្រភព៖ Football Espana