លីគអេស្ប៉ាញរកឃើញបីក្រុម ដែលទទួលបានកៅអី UEFA Champions League រដូវកាលក្រោយ

Atletico Madrid បានធានាកៅអី UEFA Champions League ១០រដូវកាលជាប់គ្នា បន្ទាប់ពីទទួលបានជ័យជម្នះលើ Elche ដោយលទ្ធផល ២-០​ ក្នុងក្របខណ្ឌ La Liga កាលពីថ្ងៃពុធ ហើយពួកគេជាក្រុមទី៣នៅក្នុងលីគបន្ទាប់ពី Real Madrid និង Barcelona ដែលធានាបានលេងពានរង្វាន់ធំបំផុតសម្រាប់ក្លិបអឺរ៉ុប។

សម្រាប់ការទទួលបាន៣ពិន្ទុ បានជួយឱ្យក្រុមរបស់លោក Diego Simeone ទទួលបានចំណាត់ថ្នាក់លេខ៣ និងមានមួយពិន្ទុនាំមុខ Sevilla ដែលបានខកឱកាសក្នុងការធានាបានទៅលេងពានអឺរ៉ុប ក្រោយបញ្ចប់លទ្ធផល ០-០ ទល់នឹង Mallorca។

Mathueus Cunha និង Rodrigo De Paul រកគ្រាប់បាល់ម្នាក់មួយគ្រាប់ធានា៣ពិន្ទុឱ្យក្រុមលោក Simeone បង្កើនគម្លាត៦ពិន្ទុពីក្រុមលេខ៥​ Real Betis ដែលឈ្នះ Valencia ៣-០។

បើគិតមកទល់នឹងពេលនេះមាន១៩ក្រុមហើយដែលបានទទួលកៅអីលេងនៅវគ្គចែកពូល Champions League រដូវកាល ២០២២-២៣ ដូចជា៖ Manchester City, Liverpool, Real Madrid, Barcelona, Atletico Madrid, AC Milan, Inter Milan, Napoli, Juventus, Bayern Munich, Borussia Dortmund, Bayer Leverkusen, PSG, Porto, Sporting Lisbon, Ajax, RB Salzburg, Celtic និង Shaktar Donetsk៕