កីឡាករ Real Madrid ទាំងនេះ អាចតាមស្មើកំណត់ត្រាពិសេសមួយរបស់ Ronaldo នៅ UCL

Cristiano Ronaldo ជាកីឡាករបាល់ទាត់តែម្នាក់គត់ដែលឈ្នះ UEFA Champions League ៥លើក ពោលគឺម្ដងនៅ Manchester United និង៤ដងផ្សេងទៀតជាមួយក្លិប Real Madrid ក្នុងឆ្នាំ២០១៤, ២០១៦, ២០១៧ និង ២០១៨។

នៅមានកីឡាករមួយចំនួនក្នុងក្រុម Real Madrid បច្ចុប្បន្ន ដែលបានជួយឱ្យពួកគេឈ្នះពានទាំង៤នេះ ដែលមានន័យថា ពួកគេអាចតាមស្មើកំណត់ត្រារបស់ Ronaldo ប្រសិនបើអាចទទួលបានជ័យជម្នះក្នុងការប្រកួតទល់នឹង Liverpool នៅទីក្រុងប៉ារីស នាថ្ងៃទី២៨ ខែឧសភាខាងមុខ។

កីឡាករបច្ចុប្បន្នរបស់ Real Madrid ដែលឈ្នះពាន Champions League ៤លើកមានដូចជា Gareth Bale, Karim Benzema, Dani Carvajal, Isco, Marcelo, Luka Modric, Casemiro, Nacho ខណៈ Toni Kroos ឈ្នះជាមួយ Bayern ម្ដងជួយ Real ឈ្នះ៣លើកចុងក្រោយ។

ក្រុមរបស់លោក Carlo Ancelotti បានជម្នះការលំបាកនៅក្នុងវគ្គ knockout ដោយបានធ្វើការវាយបកយកឈ្នះក្រុមខ្លាំងៗដូចជា Paris Saint-Germain, Chelsea និង Manchester City មុនបានឡើងមកប៉ះ Liverpool។

 

ហើយនេះជាលើកទី២សម្រាប់អ្នកចាត់ការ Carlo Ancelotti ក្នុងការឡើងដល់វគ្គផ្ដាច់ព្រ័ត្រពានធំបំផុតសម្រាប់ក្លិបអឺរ៉ុប ដោយកាលពីឆ្នាំ២០១៤ ក្រុមរបស់លោកបានក្លាយជាជើងឯក ដោយទទួលបានជ័យជម្នះលើ Atletico Madrid៕

ប្រភព៖ UEFA