ជើងចាស់ Kleberson ចង់ឱ្យ Man Utd នាំយក កីឡាករប្រេស៊ីលមួយរូបមកជួយតំបន់បម្រើ

Manchester United មានការភ្ជាប់ទៅនឹងខ្សែបម្រើជាច្រើនរូប មុនទីផ្សារដោះដូររដូវក្ដៅឈានចូលមកដល់ ស្របពេល Jesse Lingard និង Paul Pogba បានត្រៀមខ្លួនចាកចេញ ហើយលោក Kleberson ដែលជាអតីតកីឡាកររបស់បិសាចក្រហម បានលើកឡើងថា Bruno Guimaraes របស់ Newcastle United គឺជាកីឡាករដែលគួរឱ្យចាប់អារម្មណ៍។

កីឡាករប្រេស៊ីល Guimaraes ទំនងមិនទាន់ចាប់អារម្មណ៍ក្នុងការផ្លាស់ប្ដូរក្លិបនោះទេ ក្រោយទើបតែផ្ទេរចូល Newcastle United ក្នុងតម្លៃ៤០លានផោន ពីក្លិប Lyon កាលពីខែមករា។

ខ្សែបម្រើរូបនេះ សម្របខ្លួនបានយ៉ាងល្អទៅនឹងបាល់ទាត់អង់គ្លេស ហើយមានការលើកឡើងថា គេអាចក្លាយជាតារារះត្រដែតនៅ Premier League ក្នុងរយៈពេលជាច្រើនឆ្នាំ។

ហើយលោក Kleberson ដែលចាយពេល២រដូវកាលជាមួយ Man Utd រវាងឆ្នាំ ២០០៣ ដល់ ២០០៥ ចង់ឱ្យមិត្តរួមជាតិប្រេស៊ីលរូបនេះ ចូលរួមនៅ Old Trafford ខណៈខ្សែបម្រើវ័យ២៤ឆ្នាំ ស័ក្ដិសមជាសមាជិកម្នាក់ដែលអាចជួយកែប្រែអនាគតរបស់ ក្រុមបិសាចក្រហម។

លោក Kleberson បាននិយាយថា៖ “វាអាចថាឆាប់បន្ដិច ប៉ុន្ដែរបៀបនៃការលេងរបស់គេ គុណភាពដែលគេមាន និងរបៀបដែលគេជួយបង្កើនសមត្ថភាពកីឡាករ Newcastle បានបណ្ដាលឱ្យខ្ញុំចង់ឃើញ Bruno Guimaraes នៅ Manchester United”៕

ប្រភព៖ Goal