“ពានរង្វាន់មួយនេះ ពេលខ្លះពិបាកឈ្នះជាង Champions League ទៅទៀត” – Hasenhuttl

Liverpool ត្រូវការជ័យជម្នះ ដើម្បីអាចបន្ដការរស់រាននៃឱកាសប្រជែងតំណែងជើងឯក Premier League ដោយត្រូវជួបតតាំងជាមួយ Southampton នារាត្រីនេះ ខណៈក្រុមរបស់លោក Jurgen Klopp មានគម្លាត៤ពិន្ទុពីក្រុមកំពូលតារាង​ Manchester City។

ក្រុមមេឃខៀវ បានបន្ថយក្ដីសង្ឃឹមក្នុងការគ្រងជើងឯកលីគកំពូលអង់គ្លេស បន្ទាប់ពីបញ្ចប់លទ្ធផលត្រឹមស្មើ ២-២ ជាមួយ West Ham ក្នុងសប្ដាហ៍ប្រកួតទី៣៧ ខណៈក្រុមហង្សក្រហមវិញ ក៏ត្រូវការ៣ពិន្ទុពី Southampton ដើម្បីបន្ថយគម្លាតនាំមុខរបស់ក្រុមកំពូលតារាង។

ហើយប្រកួតសប្ដាហ៍ចុងក្រោយ ពួកគេនឹងស្វាគមន៍ Wolves ខណៈក្រុមរបស់លោក Pep Guardiola នឹងទទួល Aston Villa ដើម្បីសម្រេចថាក្រុមណានឹងក្លាយជាជើងឯក។

មុនការប្រកួតទល់នឹង Liverpool អ្នកចាត់ការរបស់ Southampton លោក Ralph Hasenhuttl បាននិយាយលើកសរសើរពីការប្រកួតប្រជែងខ្ពស់របស់លីគកំពូលអង់គ្លេស បើធៀបទៅនឹងការប្រកួតពានអឺរ៉ុប។

អ្នកចាត់ការរូបនេះ បាននិយាយថា៖ “នេះនៅតែជាពានដែលអាចរាប់បាន សម្រាប់អ្នកគ្រប់គ្នា ព្រោះវាពិបាកនឹងទទួលបាន។ សម្រាប់ខ្ញុំ វាកាន់តែពិបាកក្នុងការលេង៣៨ប្រកួតនៅ Premier League ឱ្យបាននឹងនរ ដើម្បីឈរនៅកំពូលតារាង ដែលពិបាកជាងឈ្នះ Champions League នៅពេលខ្លះទៅទៀត”៕

ប្រភព៖ Be Soccer