បង្ហាញ​ខ្លួន​យប់មិញ គ្រូ​ធំ Ancelotti ថា​ជា​ប្រកួត​ចុង​ក្រោយ​របស់​កីឡាករ Real Madrid រូប​នេះ

រដូវ​កាល​នៅ La Liga សម្រាប់​ក្លឹប Real Madrid បាន​ឈាន​ដល់​ទី​បញ្ចប់​ហើយ ដោយ​លទ្ធផល​ជុំ​ទី ៣៨ ពួក​គេ​បាន​លេង​ស្មើ ០-០ ទល់​ក្លឹប Real Betis។ ដោយឡែក​ក្នុង​ចំណោម​កីឡាករ​បង្ហាញ​ខ្លួន​លើ​ទីលាន​យប់មិញ ក៏​មាន​ម្នាក់​ដែល​កំណត់​ក្លាយ​ជា​ប្រកួត​ចុង​ក្រោយ​សម្រាប់​គេ​ផង​ដែរ។

Ancelotti

នោះ​គឺ​ខ្សែ​បម្រើ Isco ដែល​ត្រូវ​បាន​អ្នកចាត់ការ​លោក Carlo Ancelotti សម្រេច​ប្តូរ​ចូល​នៅ​នាទី ៧០ ជំនួស​ខ្សែ​ប្រយុទ្ធ Rodrygo។ ពេលវេលា​លើ​ទីលាន​រយៈ​ពេល​ ២០ នាទី​សម្រាប់​កីឡាករ​អេស្ប៉ាញ គឺ​ពិត​ជា​មាន​ន័យ ព្រោះ​វា​ជា​ពេលវេលា​នៃ​ប្រកួត​ចុង​ក្រោយ ដែល​គ្រោង​ឈុត​ស​របស់​ក្លឹប Real Madrid។

តាម​ការ​បញ្ជាក់​ពី​អ្នកចាត់ការ​សញ្ជាតិ​អ៊ីតាលី និយាយ៖ “អាជីព​របស់ Isco ជាមួយ​ក្លឹប Real Madrid គឺ​ឈាន​មក​ដល់​ទី​បញ្ចប់​ហើយ​នៅ​ថ្ងៃ​នេះ វា​គឺ​ពិត​ជា​អាជីព​ដ៏​ល្អ​មួយ”។ គេ​មិន​ទាន់​ច្បាស់​ថា ក្លឹប​នឹង​សម្រេច​នាំ​ចូល​អ្នក​ថ្មី​ឬ​អត់​ទេ ជុំវិញ​ការ​មក​បំពេញ​កន្លែង​ដែល​ចន្លោះ នា​រដូវ​កាល​បន្ទាប់។

Isco
Isco

រំឭក​ឲ្យ​ដឹង​បន្តិច Isco បាន​ផ្លាស់​ចេញ​ពី​ក្លឹប Malaga មក​កាន់​ក្លឹប Real Madrid នៅ​ឆ្នាំ ២០១៣ ហើយ​សរុប​ពេល​នោះ បង្ហាញ​ខ្លួន​ក្នុង​លីគ ២៤៦ ប្រកួត រក​បាន ៣៧ គ្រាប់។ គេ​ក៏​បាន​លើក​ពាន​រង្វាន់​ជា​ច្រើន​ផង​ដែរ មិន​ថា​តែ La Liga, UEFA Champions League និង​ពាន​ក្នុង​ស្រុក​មួយ​ចំនួន​ផ្សេង​ទៀត៕

ប្រភព៖ Goal