គួរ​ឲ្យ​គោរព! Haaland ចែក​កាដូ​មាន​តម្លៃ​នេះ​ម្នាក់​មួយ ដល់​បណ្តា​អ្នកចាត់ការ មិត្ត​រួម​ក្រុម Dortmund

Erling Haaland បាន​សម្រេច​ហើយ​ ថា​នឹង​ចាកចេញ​ពី​ក្លឹប Borussia Dortmund ផ្លាស់​ទៅ​ក្លឹប​ថ្មី Manchester City ចាប់​ពី​ថ្ងៃ​ទី ១ ​កក្កដា ឆ្នាំ ២០២២ ត​ទៅ។ កីឡាករ​សញ្ជាតិ​ន័រវេស មុន​ការ​ចាកចេញ គេ​ក៏​បាន​ចែក​កាដូ ទៅ​ដល់​អ្នកចាត់ការ និង​បណ្តា​កីឡាករ​ទាំង​អស់ ជា​ការ​លា​គ្នា​ផង​ដែរ។

Haaland

Haaland បាន​ចែក​នាឡិកា​ចំនួន ៥៣ គ្រឿង ដោយ​ ៣៣ គ្រឿង​ដល់​កីឡាករ​និង​អ្នកចាត់ការ ហើយ ២០ គ្រឿង​ដល់​បុគ្គលិក​រួម​ក្លឹប Dortmund។ សម្រាប់​មិត្ត​រួម​ក្រុម​និង​អ្នកចាត់ការ ទទួល​បាន​នាឡិកា​យីហោ Rolex ​តម្លៃ​ចន្លោះ ១១ ០០០ ទៅ ១៣ ០០០ ផោន/គ្រឿង។ រី​ឯ​សម្រាប់​បណ្តា​បុគ្គលិក​នៅ​ក្លឹប ជា​នាឡិកា​យីហោ Rolex មាន​តម្លៃ​ចន្លោះ​ពី ៦ ០០០ ទៅ ៨ ០០០ ផោន/គ្រឿង។ នេះ​បើ​តាម​សារព័ត៌មាន Bild បាន​ចុះ​ផ្សាយ។

សរុប​ជា​រួម គឺ Haaland ចាយ​អស់​ប្រហែល​នឹង​ថ្លៃ​ពលកម្ម​មួយ​សប្តាហ៍​នៅ​ក្លឹប Man City គឺ​ប្រហែល​ជិត ៤០០ ០០០ ផោន/សប្តាហ៍។ រំឭក​ថា ពេលវេលា​នៅ Dortmund គេ​រក​បាន ៨៦ គ្រាប់ នៅ ៨៩ ប្រកួត ជា​ស្ថិតិ​ដ៏​អស្ចារ្យ​មួយ នាម​យុវជន​វ័យ​ស្រករ​ទើប​តែ ២០ ឆ្នាំ​ស្តើង។

Haaland
Haaland

ងាក​ទៅ​ក្លឹប​មេឃ​ខៀវ Man City ពួក​គេ​ត្រូវ​បញ្ចប់​យុទ្ធនាការ​នៅ PL ត្រឹម​យប់​ស្អែក​ម៉ោង ១០:០០ នាទី​មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports ជា​ប្រកួត​ទល់ Aston Villa។ បើ​លទ្ធផល ឈ្នះ នោះ​នឹង​សម្រេច​ឲ្យ​ក្រុម​លោក Pep Guardiola ក្លាយ​ជា​ម្ចាស់​ពាន Premier League ជា​ផ្លូវការ នៅ​រដូវ​កាល ២០២១/២២។ ប្រកួត​ដែល Haaland អាច​នឹង​បង្ហាញ​ខ្លួន​ដំបូង​ឲ្យ​មេឃ​ខៀវ គឺ​ទំនង​ជា​ការ​ប៉ះ Club America នៅ​ថ្ងៃ​ទី ២១ កក្កដា ជា​ជំនួប​មិត្តភាព៕

ប្រភព៖ Bild