យប់​ស្អែក​ជា​ប្រកួត​ចុង​ក្រោយ តែ Pogba ទំនង​សុំ​គ្រូ​អត់​ចូល​លេង ដោយសារ​ហេតុផល​នេះ

នៅ​វេលា​ម៉ោង ១០:០០ នាទី​យប់ នៅ Premier League គ្រប់​គូ​ទាំង​អស់ នឹង​កំណត់​បើក​ការ​ប្រកួត​នៅ​ម៉ោង​តែ​មួយ ហើយ​ក៏​មាន​ចម្រាញ់​យក​គូ​ពិសេសៗ​មក​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports ផង​ដែរ។ ក្នុង​ចំណោម​នោះ ក៏​មាន​ជំនួប Man Utd ទល់ Crystal Palace ដែល​ជា​ប្រកួត​សម្រេច​កៅអី Europa League ឬ Europa Conference League សម្រាប់​ក្លឹប​បិសាច​ក្រហម។

Pogba

វា​ក៏​អាច​ជា​ប្រកួត​ចុង​ក្រោយ​សម្រាប់​កីឡាករ​មួយ​ចំនួន ជាក់ស្ដែង​ដូច​ជា​ខ្សែ​បម្រើ Paul Pogba ដែល​ពុំ​មាន​ភាគរយ​នឹង​បន្ត​កុងត្រា​ថ្មី​ត​ទៅ​ទៀត​ឡើយ ជាមួយ United។ សូម្បី​លោក Ralf Rangnick ជា​អ្នកចាត់ការ ក៏​បង្ហើប​មុន​នេះ​ដែរ​ថា កីឡាករ​បារាំង មិន​ទាន់​ប្រាកដ​ទេ ថា​នឹង​បាន​លេង​ឬ​អត់ នៅ​ជំនួប​ទល់​ក្រុម​លោក Patrick Vieira។

បើ​តាម​សារព័ត៌មាន ESPN ចុះ​ផ្សាយ​ថា Pogba ផ្ទាល់ គេ​មិន​ចង់​លេង​នៅ​ប្រកួត​ទល់ Crystal នា​រាត្រី​ថ្ងៃ​ស្អែក​ឡើយ មូលហេតុ​គឺ​ដោយសារ​មិន​ចង់​ក្លាយ​ជា​គោលដៅ ដែល​អ្នក​គាំទ្រ​នៅ​កីឡដ្ឋាន​ស្រែ.ក​បង្អា.ប់។ កីឡាករ​ធ្លាប់​លើក​ពាន World Cup មិន​ចង់​ទទួល​បាន​អារម្មណ៍​បែប​ហ្នឹង នៅ​ប្រកួត​ចុង​ក្រោយ ព្រោះ​គេ​ដឹង​ថា ទំនង​ជា​នឹង​មិន​ទទួល​បាន​ការ​លា​ដ៏​កក់​ក្តៅ​ពី​អ្នក​គាំទ្រ​នោះ​ទេ។

Rangnick
Pogba

រំឭក​បន្តិច​ថា កីឡាករ​វ័យ ២៩ ឆ្នាំ ត្រូវ​ផុត​កុងត្រា​នា​ចុង​ខែ​មិថុនា ឆ្នាំ ២០២២ ហើយ​តាម​ចចាមអារ៉ាម​គេ​អាច​ជា​ផ្លាស់​ទៅ​ក្លឹប​ថ្មី Real Madrid, PSG ឬ​ក៏ Juventus។ Pogba បាន​ចាយ​ពេល​នៅ United តាំង​ពី​រដូវ​ក្តៅ ឆ្នាំ ២០១៦ ដោយ​សរុប​ស្ថិតិ ២៣៣ ប្រកួត រក​បាន ៣៩ គ្រាប់ និង​ Assist ៥១ លើក​ឲ្យ​បិសាច​ក្រហម៕

ប្រភព៖ ESPN