Ancelotti ថាការប្រកួតមួយនេះតានតឹងបំផុត ក្រោយទម្លាក់ក្រុមខ្លាំង៣នៅ UCL

អ្នកចាត់ការ Real Madrid លោក Carlo Ancelotti បានចាត់ទុកថា ការប្រកួតជើងទី២ វគ្គ៨ក្រុមចុងក្រោយ UEFA Champions League ទល់នឹង Chelsea ជាការប្រកួតពិបាកបំផុត មុនបានឈានដល់វគ្គផ្ដាច់ព្រ័ត្រ។

ក្រុមអធិរាជស បានទម្លាក់ក្រុមធំៗ៣នៅក្នុងវគ្គចាញ់ធ្លាក់(knockout)គឺ Paris Saint-Germain, Chelsea និង Manchester City ប៉ុន្ដែការប្រកួតដែលលំបាកបំផុតសម្រាប់ក្រុមជើងឯក១៣សម័យ គឺជាជំនួបនៅក្នុងកីឡដ្ឋាន Santiago Bernabeu ទល់នឹងក្រុមលោក Thomas Tuchel។

មុនការប្រកួតនោះមកដល់ក្នុងជើងទី១ វគ្គ៨ក្រុមចុងក្រោយ Real Madrid ទទួលបានជ័យជម្នះ ៣-១ រួចទៅហើយ ដោយពួកគេមានក្ដីរំពឹងខ្ពស់ថាមិនសូវមានក្ដីបារម្ភនៅជើងទី២ នៅអេស្ប៉ាញ។

ផ្ទុយទៅវិញ ក្រុមភ្ញៀវតោខៀវ រកគ្រាប់បាល់នាំមុខ ៣-០ ក្នុងប្រកួតនោះ មុនពេល Rodrygo រកគ្រាប់បាល់តាមពីក្រោយមួយគ្រាប់វិញនៅនាទីទី៨០ ដែលបង្ខំឱ្យការប្រកួតលេងដល់ម៉ោងបន្ថែម។

ហើយ Karim Benzema រកគ្រាប់បាល់ជ័យជម្នះជួយឱ្យក្រុមលោក Ancelotti កក់កៅអីទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

មុនការប្រកួតទល់នឹង Liverpool នៅទីក្រុងប៉ារីសឈានចូលមកដល់ អ្នកចាត់ការជនជាតិអ៊ីតាលីបាននិយាយថា៖ “នៅក្នុងការប្រកួតទាំង៣វគ្គ ខ្ញុំមិនដែលគិតថាយើងធ្លាក់ទេ។ គោលជំហរស្មារតីពិតជាធំធេងណាស់ទល់នឹង Chelsea”។

“យើងទទួលបានផលចំណេញពីប្រកួតជើងទី១ ដូច្នេះការត្រៀមខ្លួនសម្រាប់ជើងទី២ កាន់តែពិបាក”៕

ប្រភព៖ Daily Post